ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ស្មាញ​ឈឺ​ធ្លាក់ឈាម​ដង្ហោយ​រក​ការ​ឧបត្ថម្ភ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់ នាយ​ស្មាញ បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បន្ទប់​លេខ​៣ បន្ទាប់​ពី​ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​កាលពី​ថ្ងៃ ទី​២៥ ខែមេសា ២០១៦

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់ នាយ​ស្មាញ បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បន្ទប់​លេខ​៣ បន្ទាប់​ពី​ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​កាលពី​ថ្ងៃ ទី​២៥ ខែមេសា ២០១៦ ។

ស្ថិត​ក្នុង​ក្រុម​សិល្បៈ​កង​អង្គរក្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទួល​ក្រសាំង ក្រុង​តា​ខ្មៅ នាយ ស្មាញ ត្រូវ​មេដឹកនាំ​របស់​ខ្លួន​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បន្ទាប់​ពី​នាយ​ក្អក​ធ្លាក់ឈាម ។

ក្រោយ​ពេល​សម្រាក​ព្យាបាល​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក អាការ​របស់​នាយ​នៅ​មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ពោល​គឺ​នៅ​តែ​មាន​ឈាម​ធ្លាក់​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​បន្ត​តាមដាន​ជំងឺ​របស់​នាយ ។

តាម​ទូរស័ព្ទ​តារា​កំប្លែង​វ័យ​ជាង​៧០​ឆ្នាំ​នាយ ស្មាញ ប្រាប់​កោះសន្តិភាព​ថា នាយ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ជំងឺ​របស់​ខ្លួន ។ បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​ឈាម​នៅ​តែ​បន្ត​ធ្លាក់​ដដែល ។ នៅ​ពេល​យប់​នាយ​ស្មាញ​មាន​អាការ​ក្តៅខ្លួន​ខ្លាំង ហើយ​ខាក​ចេញ​មក​មាន​ធ្លាក់​ឈាមក្រហម​ថ្លា ។ រយៈពេល​មាន​ជំងឺ​នេះ នាយ​ស្មាញ​មិន​បាន​ទទួលទាន​បាយឡើយ គឺ​បាន​តែ​ទឹក ព្រោះ​អាការ​ជំងឺ​នេះ​ហាក់​មិន​ធ្វើ​គាត់​ហូប​អ្វី​បាន​ឡើយ ប៉ុន្តែ​គាត់​នៅ​តែ​មាន​អារម្មណ៍​ឃ្លាន តែ​ហូប​មិនកើត ។

រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ​នាយ​ស្មាញ​មិន​បាន​បត់ជើងធំ​ម្តង​ឡើយ ព្រោះ​មិន​បាន​ហូប​អី ជា​ហេតុ​ធ្វើ​ឲ្យ​ហេវ​ហត់ អស់កម្លាំង ខណៈ​ពេល​ឈាម​នៅ​តែ​បន្ត​ធ្លាក់​គ្មាន​ស្រាក ។
ក្រុម​គ្រូពេទ្យ​ប្រាប់​នាយ​ស្មាញ​ថា គាត់​មាន​ជំងឺ​សួត​ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់ឈាម​តាម​មាត់ ប៉ុន្តែ​គាត់​ស្ទើរ​មិន​ជឿ​ថា​ខ្លួនឯង​មាន​ជំងឺ​បែប​នេះ​ឡើយ​។

នាយ​ស្មាញ​នៅ​ចាំ​ថា គាត់​ធ្លាប់​មាន​ជំងឺ​បែប​នេះ​ម្តង​ដែរ​កាលពី​ជំនាន់​ប៉ុ​ល​ពត ក្នុង​ពេល​កំពុង​តែ​រែក​ដី ហើយ​ដួល​បុក​ជាមួយនឹង​ដងរែក ក៏​ធ្លាក់ឈាម​តាម​មាត់ ប៉ុន្តែ​អាការ​នោះ​មិន​បាន​រើ​ឡើង​ទៀត​ឡើយ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​។

នាយ​ស្មាញ​នៅ​តែ​បន្ត​ព្យាបាល​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ​ដដែល ។ មិន​ទាន់​មាន​គំរោង​ប្តូរ​កន្លែង​ព្យាបាល​ទេ ព្រោះ​នៅ​មន្ទីរពេទ្យ​នោះ​នាយ​ស្មាញ​គ្រាន់តែ​ចំណាយ​ទៅ​លើ​ការ​ទិញ​ថ្នាំ​ព្យាបាល​ប៉ុណ្ណោះ ចំណែក​ការ​ស្នាក់​នៅ​គឺ​មិន​បង់ថ្លៃ​ឡើយ​។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​តារា​កំប្លែង​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​បាទី ខេត្តតាកែវ រូប​នេះ​បាន​លើកដៃ​សូម​ការ​សន្តោស​ប្រ​ណៃ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ជួយ​ដល់​រូប​គាត់​ផង ដ្បិត​ការ​ព្យាបាល​អាការ​ជំងឺ​អាច​អូស​បន្លាយពេល​យូរ​ទៀត ។

នាយ​ស្មាញ​បាន​ថ្លែងអំណរគុណ​ដល់​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង ជា​មេ​របស់​លោក​ដែល​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​២០០​ដុល្លារ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត ។ មិនតែប៉ុណ្ណោះ​នាយ​ស្មាញ​ថ្លែងអំណរគុណប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច និង​សប្បុរសជន​មួយ​ចំនួន​ទៀត​ដែល​បាន​ជួយ​ប្រាក់​ចំនួន​១០០​ដុល្លារ ។ ប្រាក់​នោះ​ផ្តល់​តាម​រយៈ​លោក​សុះ ម៉ាច ដោយ​បាន​នាំ​យក​ទៅ​ប្រគល់​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​នៅ​ក្នុង​មន្ទីរពេទ្យ ៕