ក្រុងប៉ៃលិន​ធ្លាក់​ភ្លៀង​១​មេ​ធំ ធ្វើ​ឱ្យ​ពលរដ្ឋ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង រាំង​ស្ងួត​ហួតហែង​អស់​រយៈពេល​ជា​យូរថ្ងៃ​កន្លង​មក ធ្វើ​ឱ្យ​ទឹក​ក្នុង​ត្រពាំង បឹង បួរ រីង​ខះ​អស់ រីឯ​ដើមឈើ​នៅ​តាម​ទីវាល​ក្លាយទៅជា​ក្រៀម​ស្វិត​ស្រពោន ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ស្វះស្វែង​នាំ​យក​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ទឹក​សុទ្ធ និង​ទឹក​ប្រើប្រាស់​ទៅ​ចែក​ជួន សង្គ្រោះ​ដល់​ជីវិត​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា​ក្នុង​ខេត្ត ។ តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ដដែល​នេះ មេឃ​បាន​បង្អុរ​ភ្លៀង​១​មេ​ធំ គ្របដណ្តប់​ទូ​ទាំង​ក្រុងប៉ៃលិន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ទទួល​បាន​ទឹក​ប្រើប្រាស់​ឡើង​វិញ​ហើយ ។

ចំណែក​រោងការ​មួយ​កន្លែង ដែល​កំពុង​រៀបចំ​ចាំ​ទទួល​ភ្លៀវ​ចូលរួម​ពិសារ​ភោ​ជ​នា​អាហារ​នៅ​ពេល​យប់ ស្រាប់តែ​ត្រូវ​ខ្យល់​បក់​បោក​កំ​ហុ​ក ប៉ើង​ខ្ទេចខ្ទី​អស់រលីង​តែ​ម្តង ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំ និង​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​យក​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ទឹក​សុទ្ធ និង​ទឹក​ប្រើប្រាស់ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​យក​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​នៅ​ក្នុង ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​បន្ត​ទៀត​ថា ស្រាប់តែ​នៅ​វេលា​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល មេឃ​ក៏​ចាប់ផ្តើម​ខ្មៅ​ងងឹត បញ្ចេញ​ទឹកភ្លៀង​ទម្លាក់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន រហូត​ដល់​ល្ងាច ទើប​ឈប់​ភ្លៀង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ ចំណែកឯ​ដំណាំ ដាំ​ដុះ​នៅ​ក្នុង​ចម្ការ​របស់​ពួក​គាត់ ក៏​ប្រែក្លាយ​ទៅ​រស់​ឡើង​វិញ បន្ត​លូតលាស់​ទៅ​មុខ​ទៀត ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ទឹក ហើយ​អាជ្ញាធរ​ចុះ​ទៅ​ចែក​ជូន​តាម​ផ្ទះ និង​តាម​សាលារៀន មួយ​ចំនួន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​រាល់ថ្ងៃ​ពួក​គាត់​ទិញ​ទឹក ដែល​ឈ្មួញ​ដឹក​លក់​តាម​រថយន្ត មានការ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​១​រថយន្ត​ចំណុះ​២​ទៅ​៣​ម៉ែត្រគូប គេ​លក់​ថ្លៃ​៣០.០០០​ទៅ​៣៥.០០០​រៀល ។

ចំណែក​កន្លែង​ខ្លះ​ដែល​នៅ​ឆ្ងាយ គេ​លក់​ថ្លៃ​ពី​៤០.០០០​ទៅ​៦០.០០០​រៀល​ឯណោះ ។ បើ​ទឹក​សុទ្ធ​ដប​ស​ធំ​ពី​មុន​ត្រឹមតែ​១​ដប​១.៥០០​រៀល រហូត​មក​ដល់​ពេល​នេះ គេ​លក់​ចាប់ពី​២.០០០​ទៅ​៣.០០០​រៀល តាម​ជិត ឬ​ឆ្ងាយ​ដូច​គ្នា​ដែរ ។ ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជីក​អណ្តូងទឹក ដាក់​នៅ​តាម​ភូមិ សម្រាប់​ពួក​គាត់​ងាយស្រួល​ប្រើប្រាស់​រួម​គ្នា ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​នៅ​ពេល​ក្រោយ ។ ចំណែក​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​អនាម័យ រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត និង​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង អាច​នាំ​មក​នូវ​ជំងឺ​រោគា​ផ្សេង​ៗ ហើយ​លើស​ពី​នេះ​ទៀត​ត្រូវ​តែ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​បំផុត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ