ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ត្រៀម​បញ្ចាំង​នៅ​ឡាវ​និង​ឥណ្ឌូ​ណេ​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ដែល​គ្រោង​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងស្រុក​នោះ ក៏​នឹង​ចាក់​បញ្ចាំង​ស្រប​ពេល​គ្នា​ដែរ​នៅ​ប្រទេស​ឡាវ និង​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​ក្រុមការងារ​របស់

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ដែល​គ្រោង​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងស្រុក​នោះ ក៏​នឹង​ចាក់​បញ្ចាំង​ស្រប​ពេល​គ្នា​ដែរ​នៅ​ប្រទេស​ឡាវ និង​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​ក្រុមការងារ​របស់​ផលិតកម្ម​៨០២AD ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ARTHUR &PAUL រាជធានី​ភ្នំពេញ ។

លោក​សុខ វិសាល អ្នកដឹកនាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម​៨០២AD ឲ្យ​ដឹង​ថា រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ ។ រឿង​នេះ​និយាយ​អំពី​មនុស្ស​ភេទ​ទី​៣​មួយ​ក្រុម ត្រូវ​សង្គម​រើសអើង​លាយ​ឈុត​ឆាកកំប្លែង និង​មនោសញ្ចេតនា​ស្នេហា​ស្រស់បំព្រង ឯ​ចុងបញ្ចប់​នៃ​សាច់​រឿង​បាន​បញ្ចប់​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​សង្គម​ប​ឱ្យ​ទទួលស្គាល់ និង​រាប់រក​ក្រុម​មនុស្ស​ភេទ​ទី​៣​តាម​រយៈ​ការ​តស៊ូ​អត់ធ្មត់​របស់​ពួក​គេ ។ ផ្នែក​សំខាន់​នៃ​សាច់​រឿង​គឺ​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​សហគមន៍ LGBT (​នារី​ភេទ​ទី​៣ បុរស​ភេទ​ទី​៣ មនុស្ស​ភេទ​បី និង​មនុស្ស​កែ​ភេទ​) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំងនោះ​គឺ​មនុស្ស​ធម្មតា​ដែល​កើតមក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់​ប្តូរ​បាន ។ បន្ថែម​ពី​នេះ​សាច់​រឿង​ក៏​បាន​បង្ហាញ​ពី​ការ​លើកកម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេ​ន​ឌ័​រ​ទៀត ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សប្បាយ​ឌី​ជី​ថ​ល​លោក​ជី សិលា ឲ្យ​ដឹង​ថា លោក​រីករាយ​ដែល​បាន​សហការ​បង្កើត​រូបភាព​ថ្មី​មួយ​លើ​វិស័យ​កុន​ខ្មែរ ។ ក្រុមហ៊ុន​សប្បាយ​បាន​ធ្វើ​ការងារ​ច្រើន​លើ​ផ្នែក​កម្សាន្ត ហើយ​បាន​វិនិយោគ​ទៅ​លើ​ការ​នាំ​កុន​ចូល និង​ក៏​មាន​បើក​រោងកុន ។ ក្រុមហ៊ុន​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​មាន​ន័យ​ថា ចង់​លូកដៃ ខ្លះ​ៗ​លើ​ផ្នែក​ពាណិជ្ជកម្ម ។ កន្លង​មក​លោក​ជី សិលា តែងតែ​រក​មើល​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ណា​ដែល​ល្អ​ដើម្បី​ចាប់​ដៃគូ ហើយ​បោះទុន​ចូល ។ លក្ខខណ្ឌ​របស់​សប្បាយ គឺ​ចង់​ជ្រើសរើស​កុន​ដែល​ប្លែក​បង្ហាញ​នៅ​លើ​ផ្ទាំងសំពត់ស​ខុស​គេ កុំ​ឲ្យ​ដូច​គ្នា ។

លោក​ជី សិលា ប្រកាស​ឲ្យ​ដឹង​ថា​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» បាន​រក​ទីផ្សារ​នៅ​បី​ទៅ​បួន​ប្រទេស​ដែរ ។ ជាក់ស្តែង​នឹង​បញ្ចាំង​រឿង​នេះ​នៅ​រោងកុន​ខ្មែរ​នា​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ ស្របគ្នា​នឹង​នៅ​ឡាវ និង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​ការ​ចាប់ផ្តើម​មួយ​ល្អ ជា​ការ​លើកទឹកចិត្ត​សម្រាប់​អ្នក​ផលិត​កុន​នៅ​ស្រុក​ខ្មែរ​។ ក្រៅពី​នេះ​មាន​ប្រទេស​៣​ទៀត​មិន​ទាន់​រក​ថ្ងៃ​ឃើញ​មាន​ប្រទេស​វៀតណាម ប្រទេស​ភូមា និង​ប្រទេស​ទី​ម័​រ​ខាងកើត ដោយ​ប្រទេស​ទាំងនោះ​ចាប់អារម្មណ៍​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ព្រោះថា​ប្លែក ។

គេ​ថា នេះ​ជា​ជំហាន​ថ្មី​មួយ​ដែល​កុន​ស្រុក​គេ​មិន​ទាន់​បាន​ធ្វើ​ច្រើន​ទាក់ទិន​នឹង​ភេទ​ទី​៣ ។ បន្ទាប់​ពី​ប្រទេស​ទាំងនោះ​បាន​មើល​ឈុត​ឆាក​ខ្លះ​មាន​កំប្លែង​លាយឡំ​ក៏​ចាប់អារម្មណ៍ ។ ដូច្នេះ​នេះ​ជា​ឱកាស​មួយ​ល្អ​ដែល​ធ្វើ​កុន​មានគុណ​ភាពល្អ​ប្លែក ជឿជាក់​ថា​ពិតជា​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស ផ្សេង​ៗ ហើយ​រំពឹង​ថា ផលិតករ ផ្សេង​ៗ​អាច​ផលិត​កុន​កាន់តែ​មានគុណ​ភាព​ទទួលយក​បាន​ទាំង​ទីផ្សារ​ក្នុងស្រុក​ផង ក្រៅ​ស្រុក​ផង ។

លោក​អ៊ុ​ន សុធា ជា​តួអង្គ​ភេទ​ទី​៣ ក្នុង​រឿង​បាន​និយាយ​ថា នេះ​ជា​ការ​លះបង់​លើក​ទី​១​ដែល​លោក​បាន​សម្តែង​ជា​តួ​ភេទ​ទី​៣ ។ វា​ជា​ការ​បង្ហាញ​ពី​ជ្រុង​មួយ​ដែល​គេ​បង្កប់​ទុក ជា​ការ​បិទ​បាំង​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ពិសេស​សង្គម​តូច​មួយ​នៅ​ស្អប់​ភេទ​ទី​៣ ។ ក្នុង​សាច់​រឿង​នេះ​បង្ហាញ​ពី​អ្វី​ដែល​ជា​ទឹកចិត្ត ការ​លាក់បាំង​អារម្មណ៍ សូ​ម្បី​តែ​ក្រុម​គ្រួសារ​មិន​បាន​បង្ហាញ ។

លោក​អ៊ុ​ន សុធា រំពឹង​ថា ទស្សនិកជន​នឹង​បើក​ចិត្ត បើក​បេះដូង​ឲ្យ​ទូលាយ​ទទួលយក​ភេទ​ទី​៣ ព្រោះ​ពួក​គាត់​ក៏​មាន​អាយុជីវិត មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទាំងអស់​ផង​ដែរ ។

កញ្ញា​ឌុ​ច លី​ដា ឲ្យ​ដឹង​ថា សម្រាប់​នាង​សម្តែង​ក្នុង​រឿង​នេះ​ពិតជា​សប្បាយចិត្ត ហើយ​ប្លែក​អារម្មណ៍ ព្រោះ​សាច់​រឿង​គឺ​បុរស​ក្លែងភេទ​ជា​មនុស្ស​ស្រី ហើយ​ស្រី​ក្លែង​ជា​បុរស ។ សម្រាប់​នាង​ជា​លើក​ទី​១​សម្តែង​បែប​នេះ ។ ថត​រឿង​នេះ​លី​ដា ថា​នាង​យល់​ពី​អារម្មណ៍​ភេទ​ទី​៣ ដោយ​យល់​ថា​ពួក​គេ​ចង់​មាន​មនុស្ស​រាប់អាន​លើកទឹកចិត្ត​ដូច​គ្នា​ដែរ ។

ខ្សែភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» និយាយ​ពី​បុរស​វ័យក្មេង​ឈ្មោះ​មុន្នី ធ្លាក់ខ្លួន​មាន​បញ្ហា​ជំពាក់​បំណុល​គេ​ច្រើន ហើយ​ត្រូវ​គេ​តាម​សម្លាប់ ។ ដូចនេះ​គេ​បាន​ទូរស័ព្ទ​ទៅ​បងប្រុស​ដើម្បី​សុំ​ជំនួយ ។ បងប្រុស​របស់​មុន្នី ឈ្មោះ​លេ​ណា គឺជា​បុរស​កែ​ភេទ ធ្វើការ​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​ទីក្រុង​ភ្នំពេញ ។ មុន្នី​តែងតែ​បន្ទោស​និង​មើលងាយ​លេ​ណា​ពី​ការ​ដែល​គេ​ក្លាយ​ខ្លួន​ទៅ​ជា​ភេទ​ទី​៣ ។

ដើម្បី​សង​លុយ​ទៅ​ម្ចាស់​ក្លឹ​ប មុន្នី​ត្រូវ​ប​ង្វំ​ចិត្ត​ចូល​ធ្វើការ​នៅ​ក្នុង​ក្លឹ​ប​ជា​អ្នក​បោសសម្អាត​រហូត​ទាល់តែ​រួច​បំណុល​។ នៅ​ទីនោះ​មុន្នី​មិន​ចូល​ចិត្ត និង​ស្អប់​ភេទ​ទី​៣ និង​អ្នក​កែ​ភេទ​ជាទី​បំផុត ហើយ មួយ​ថ្ងៃ​ៗ​មុន្នី​ត្រូវ​ទ្រាំ​រស់នៅ​ជាមួយ​អ្នក​ភេទ​ទី​៣​ដែល​ជា​អ្នក​រាំ​ប្រចាំ​ក្លឹ​ប​ក្នុង​នោះ​មាន​សា​សា​ជា​ប្រធាន​ក្រុម ឌី​ណា​ពូកែ​ខឹង មី​មី​និង​នី​តា​ក្មេង​ជាងគេ ហើយ​មិនសូវ​ខ្វល់​ពី​គេឯង និង​តូ​នី​ជា​បុរស​ភេទ​ទី​៣​ជា​ម្ចាស់​ក្លឹ​ប ៕