ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ត្រូវ​បាន​បង្កើត

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​គោល​បំណង​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​មាន​ផែន​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ ក្រុម​ពាណិជ្ជ​ករ​កម្ពុជា​បាន​ឆ្លើយ​តប​យុទ្ធ​សាស្ត្រ​ថ្មី​នេះ​ដោយ​រួម​គ្នា​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​។ កិច្ច​ប្រជុំ​ស្តី​ពី​ការ​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅការិយា​ល័យ​ក្រុម​ហ៊ុន​ហេង អភិវឌ្ឍន៍​ រាជ​ធានី​ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​គោល​បំណង​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​មាន​ផែន​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ ក្រុម​ពាណិជ្ជ​ករ​កម្ពុជា​បាន​ឆ្លើយ​តប​យុទ្ធ​សាស្ត្រ​ថ្មី​នេះ​ដោយ​រួម​គ្នា​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​។ កិច្ច​ប្រជុំ​ស្តី​ពី​ការ​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅការិយា​ល័យ​ក្រុម​ហ៊ុន​ហេង អភិវឌ្ឍន៍​ រាជ​ធានី​ភ្នំពេញ​។​

លោក​លឹម​ ប៊ុន​ហេង​ ប្រធាន​សមា​គម​ស្បៀង​ និង​​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុម​ពាណិជ្ជ​ករ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​នាំ​អង្ករ​ចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ ដូច្នេះ​សមា​គម​ដែល​នឹង​ត្រូវ​​បង្កើត​ឡើង​នេះ គឺធ្វើ​ការ​គាំ​ទ្រ​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​មាន​ផែន​ការ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ លោក​បញ្ជាក់​ថា វិស័យ​កសិ​កម្ម​នៅកម្ពុជា​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កំណើន​ពី​៥%​ទៅ​៧%​ ដែល​ជា​អំណោយ​ផល​ដល់​សកម្ម​ភាព​សមា​គម​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នេះ​។ លោក​លឹម ប៊ុន​ហេង បាន​បន្ត​ថា សមា​គម​ស្បៀង​​នេះ​ គឺ​មាន​ការ​នាំ​ចេញ​នូវ​កសិ​ផល​ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​កសិ​កម្ម​រួម​មាន​អង្ករ​ ពោត សណ្តែក​ និង​ផលិត​ផល​កសិ​កម្ម​ជា​ច្រើន​មុខ​ទៀត​ដែល​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​ប្រទេស​ចិន។ ដូច្នេះ ​​យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រក​ទី​ផ្សារ​ក្រៅប្រទេស​សំរាប់​​សមា​គម​នេះ ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សមា​គម​​មាន​លទ្ធ​ភាព​នាំ​ចេញ​អង្ករ​យ៉ាង​តិច​ចំនួន​១​សែន​តោន​ក្នុង​មួយ​ឆ្នាំៗ​។

លោក​ជំទាវ​សៀង ចាន់​ហេង ប្រធាន​​ក្រុម​ហ៊ុន​​ហេង​អភិវឌ្ឍន៍​ និង​ជា​ក្រុម​ប្រឹក្សា​​ភិ​បាល​នៃ​សមា​គមស្បៀង​​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​មាន​ប្រសាសន៍​ថា គោល​បំណង​​របស់​សមា​គម​គឺ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន​គោល​ការណ៍​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ ប្រទេស​។ ទន្ទឹម​នោះ ​យើង​ក៏​នឹង​រួម​ចំណែក​​ផង​ដែរ​ក្នុង​ការ​ជំរុញ​វិស័យ​កសិ​កម្ម​ និង​វិស័យ​ពាណិជ្ជ​កម្ម​​នៅកម្ពុជា​។ លោក​ជំទាវ​បញ្ជាក់​ថា សមា​ជិក​​​ពាណិជ្ជ​ករ​ដែល​បាន​ចូល​រួម​សហការ​​ក្នុង​ការ​បើក​សមា​គម​នេះ គឺ​រួម​មាន​ពាណិជ្ជ​ករ​មក​ពី​ក្រុម​ហ៊ុន​ផ្សេងៗ​ប្រមាណ​​ជាង​២០០​ក្រុម​ហ៊ុន​​ ដែល​នឹង​ធ្វើ​ឱ្យ​សមា​គម​នេះមាន​លទ្ធ​ភាព​ និង​សក្តា​នុពល​ក្នុង​ការ​នាំ​អង្ករ​ចេញ​ និង​រក​ទី​ផ្សារ​នៅក្រៅ​ប្រទេស​។​

លោក​ជំទាវ​គឹង ចាន់​ឌី​ ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​​សមា​គម​ស្បៀង​ និង​នាំអង្ករ​​ចេញ​កម្ពុជា​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ ដោយ​ធ្វើ​ការ​គាំ​ទ្រ​​ចំពោះ​សមា​គម និង​ជំរុញ​ឱ្យ​សមា​គម​​ខិត​ខំ​បង្ក​បង្កើត​នូវ​ផ្នែក​កសិ​កម្ម​​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន​។ លោក​ជំទាវ​បន្ត​ថា ទន្ទឹម​នឹង​ការ​ពង្រីក​ និង​ពង្រឹង​​សមា​គម​ យើង​គប្បី​ធ្វើ​យ៉ាង​ណា​បំផុស​ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​កសិករ​ឱ្យ​ចូល​រួម​​កាន់​តែ​ច្រើន​ក្នុង​ការ​ផលិត​ស្រូវ​ដើម្បី​បំពេញ​បាន​តាម​តំរូវ​ការ​នៃ​ការ​នាំ​ចេញ​របស់​សមា​គម​។

យោង​​តាម​លក្ខន្តិកៈរបស់​​​សមា​គម​ស្បៀង​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​បាន​ចែង​ថា សមា​គម​នេះ​គឺ​ជា​អង្គ​ភាព​មិន​មែន​រដ្ឋា​ភិ​បាល ​មិន​ស្វែង​រក​ផល​ចំណេញ​ជា​លក្ខណៈ​ឯក​ជន​ អព្យា​ក្រឹត​ មិន​ប្រកាន់​ពូជ​សាសន៍​ សាសនា​ និន្នា​ការ​នយោ​បាយ​ និង​មិន​ធ្វើ​ជា​ឧប​ករណ៍​នយោ​បាយ​ ក្នុង​នោះ​នឹង​មិន​ផ្តល់​មធ្យោ​បាយ​ជា​សំភារ ហិរញ្ញវត្ថុ​ ធន​ធាន​មនុស្ស​ដើម្បី​គាំ​ទ្រ​គណ​បក្ស​​នយោ​បាយ​ ឬ​បេក្ខ​ជន ​តែ​ជា​អង្គ​ភាព​បំរើ​ផល​ប្រយោជន៍​សាធារណៈ​។

តាម​រចនា​សម្ព័ន្ធ​សមា​គម​ស្បៀង​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​ គឺ​រួម​មាន​លោក​នាយ​ឧត្តម​សេនីយ៍​គន់​ គីម អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ប្រធាន​កិត្តិ​យស​ លោក​ជំទាវ​គឹង ចាន់​ឌី និង​លោក​ជំទាវ​ឧក​ញ៉ា​សៀង ចាន់​ហេង​ ជា​ក្រុម​ប្រឹក្សា​ភិ​បាល​ លោក​ជា​ ចំរើន និង​លោក​គីម រិទ្ធី ជា​ទី​ប្រឹក្សា​ លោក​លឹម ប៊ុន​ហេង ជា​ប្រធាន​សមា​គម​ លោក​លឹម ប៊ុន​សេង ជា​អគ្គ​លេខា​ធិការ​ និង​មាន​អគ្គ​លេខា​ធិការ​រង​ និង​ថ្នាក់​ដឹក​នាំ​សមា​គម​ជា​ច្រើនរូប​​ទៀត ៕