ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពន្លត់​ការ​ដុត​សំរាម ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​អ្នក​ភូមិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​បា.ញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​គំនរ​សំរាម​នៅ​ទីលាន​ចាក់សំរាម​បស់​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង ដែល​បាន​ឆេះ​ដោយសារ​ការ​ដុត

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​គំនរ​សំរាម​នៅ​ទីលាន​ចាក់សំរាម​បស់​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង ដែល​បាន​ឆេះ​ដោយសារ​ការ​ដុត ព្រោះតែ​សំរាម​ច្រើន​ពេក​គ្មាន​កន្លែង​ចាក់​ថែម​ទៀត ។ ការ​ដុត​អា​ចាស់​ចោល​ដើម្បី​យក​កន្លែង​ចាក់​អា​ថ្មី​ទៀត មាន​រយៈពេល​១​យប់​១​ថ្ងៃ​មក​ហើយ ភ្លើង​មិន​ទាន់​រលត់​ទេ ។

ភ្លើង​ដែល​ឆេះ​សំរាម​នេះ បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីនោះ ព្រោះ​មាន​ផ្សែងហុយ​ខ្លាំង​គ្របដណ្ដប់​លើ​ភូមិឋាន​ផ្ទះសម្បែង​ពួក​គាត់ ។ មិនតែប៉ុណ្ណោះ វា​បាន​នាំ​ទៅ​ជាមួយ​នូវ​កម្ទេចផេះ​ផង​ដែរ ។

អ្នក​ភូមិ​និយាយ​ថា បើ​គេ​ដុត​ឆេះ​ហើយ​មិន​ងាយ​រលត់​ទៅ​វិញ​ទេ រយៈពេល​១​អាទិត្យ​ឬ​១០​ថ្ងៃ​ទើប​រលត់ ព្រោះ​សំរាម​៩០​ភាគរយ​ជា​កម្ទេច​ក្រណាត់​ងាយ​នឹង​ឆេះ ប៉ុន្តែ​មិន​ងាយ​រលត់​ឡើយ ។ ដោយសារ​តែ​មាន​បញ្ហា​បែប​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ ព្រមទាំង​កង​រាជ​អាវុធ​ខណ្ឌ​ផង​នោះ បាន​ទៅ​កាន់​ទីលាន​ចាក់សំរាម​ខាងលើ​ដោយ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៣​គ្រឿង​ទៅ​ជាមួយ​ផង ក្នុង​នោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​២​គ្រឿង និង​រថយន្ត​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០​មួយ​គ្រឿង​ទៅ​ធ្វើការ​បាញ់​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​នោះ តែ​នៅ​មិន​ទាន់​ចាត់វិធានការ​ណាមួយ​ចំពោះ​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ ។

មន្ត្រី​មួយ​រូប​និយាយ​ថា ខាង​ក្រសួងបរិស្ថាន​បាន​ហៅ​តំណាង​ក្រុមហ៊ុន​មួយ​នេះ​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​ក្រសួង​ហើយ ។ ដោយឡែក អ្នក​រស់នៅ​តំបន់​នោះ​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ជា​ពិសេស​ក្រសួងបរិស្ថាន​ត្រូវ​តែ​បិទ​ទីលាន​ចាក់សំរាម​មួយ​នេះ​ចោល និង​ឲ្យ​ទៅ​រក​ទីតាំង​ថ្មី​ណាមួយ​ផ្សេង​ទៀត​ទៅ ព្រោះ​ពួក​គាត់​ទ្រាំ​លែង​បាន​ហើយ​ដោ​សារ​វា​បាន​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កប់​អំបិល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ការ​ក្ដៅក្រហាយ​កាន់តែ​ខ្លាំង​ឡើង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីនោះ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​បាន​ដុត​សំរាម​ជា​ញឹកញាប់​បង្ក​ឲ្យ​មាន​ផ្សែងហុយ​គ្របដណ្ដប់​លើ​ភូមិឋាន​ពួក​គាត់ ដោយ​នាំ​ទៅ​ជាមួយ​នូវ​ក្លិន​អាក្រក់​ពិបាក​ទ្រាំ និង​កម្ទេចកម្ទី​ផង​ដែរ ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ក្រុមហ៊ុន បាន​ដុត​សំរាម​ជា​ថ្មី​ម្ដងទៀត ដែល​បាន​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ចេញពី​ទីនោះ​ហោះហើរ​គ្របដណ្ដប់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជុំវិញ​នោះ ជា​ពិសេស​អ្នក​ភូមិ​កប់​អំបិល និង​ភូមិ​ស្នួល​ខ្ពស់ ។ ដោយឡែក អ្នក​រស់នៅ​ឯ​សង្កាត់​ព​ន្សាំ​ង​ជិត​ភ្នំ​ប្រសិទ្ធិ៍ ក៏​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ផ្សែង​នោះ​ដែរ ដែល​បាន​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត ។ ប្រជាពលរដ្ឋ​និយាយ​ថា ទីលាន​ចាក់សំរាម​មួយ​នេះ តែង​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ខ្លាំង​បំផុត ព្រោះ​សំរាម​ដែល​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីនោះ ៩០​ភាគរយ​ជា​កម្ទេច​ក្រណាត់ ដែល​ប្រមូល​យក​ចេញពី​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​នានា ។

ក្រោយ​ពេល​ចាក់ចោល​បាន​ច្រើន​បន្តិច ប្រធាន​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជា​ឲ្យ​កូនចៅ​ដុត​ចោល​ម្ដង ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ពួក​គាត់​ឡើយ​។ ពេល​នេះ​ពួក​គាត់​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​ចាត់ការ​លើ​ក្រុមហ៊ុន​មួយ​នេះ​ផង ហើយ​រាល់ពេល​ដុត​សំរាម​ម្ដង​ៗ​មិន​ងាយ​និង​រលត់​ទៅ​វិញ​ទេ បើ​គ្មាន​ការ​ពន្លត់​ទេ​នោះ រយៈពេល​១​អាទិត្យ​ឬ​១០​ថ្ងៃ​ទើប​រលត់​ទៅ​វិញ ។ 

កន្លង​មក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​មួយ​នេះ​ជា​បន្តបន្ទាប់​កុំ​ឲ្យ​ដុត​សំរាម​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ និង​បំពុលបរិយាកាស បរិស្ថាន​បែប​នេះ​ទៀត ព្រោះ​វា​បាន​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ៕