ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​ដី​កំពុង​បញ្ជូន​គ្រឿងចក្រ​កាយ​ធ្វើ​ព្រំ​ដី ក្នុង​បឹង​និង​អតីត​ឡូត៍​នេសាទ​នៅ​ស្រុក​កៀនស្វាយ​និង​ស្អាង

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បន្ទាប់​ពី​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត បាន​បើក​វេទិកាសាធារណៈ​នៅ​ចំណុចកណ្តាល​បឹង​ឫស្សី​កោះ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង

ខេត្តកណ្តាល ៖ បន្ទាប់​ពី​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត បាន​បើក​វេទិកាសាធារណៈ​នៅ​ចំណុចកណ្តាល​បឹង​ឫស្សី​កោះ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​២៥​និង​៣០​ខែមីនា កន្លង​ទៅ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ហាក់បីដូចជា​ពុំ​មាន​ទទួល​បាន​លទ្ធផល​អ្វី​បន្តិច​ណា​សោះ ។  ប្រជាពលរដ្ឋ​នៅ​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ខឹងសម្បា​ចំពោះ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ដែល​កំពុង​តែ​បន្ត​ធ្វើ​សកម្មភាព​ជីក​កកាយ​ឈូស​ឆាយ​លើក​ទំនប់​វាត​ព័ទ្ធ​យក​ដី​បឹង​ដែន​នេសាទ​ជម្រក​ត្រី​ពង​កូន​ដែល​ជា​ដី​របស់​រដ្ឋ ហើយ​ថែម​ទាំង​រំលោភ​ចូល​មក​លើ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់​ថែម​ទៀត ។

ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង បាន​លើក​ឡើង​ស្រ​ដៀង​ៗ​គ្នា​ថា ដី​ផ្ទៃ​បឹង​ដែន​នេសាទ​ជម្រក​ត្រី​ពង​កូន​ចាប់ពី​ស្រុក​កៀនស្វាយ រហូត​ដល់​ដី​អតីត​ឡូត៍​នេសាទ​លេខ​៣ លេខ​៤ និង​លេខ​៥ ស្ថិត​ក្នុងស្រុក​ស្អាង ត្រូវ​បាន​ពួក​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​លួច​ធ្វើ​សកម្មភាព​ជីក​កកាយ​ពាសពេញ​ផ្ទៃ​បឹង​យ៉ាង​អនាធិបតេយ្យ​ទាំងថ្ងៃទាំងយប់ ដើម្បី​ព័ទ្ធ​ធ្វើ​ព្រំ​រហូត​រំលោភ​ចូល​ដល់​ដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​ថែម​ទៀត​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។

អ្នក​ភូមិ​តា​យោ​និង​ភូមិ​ប្រាសាទ ឃំ​ុ​ប្រាសាទ ស្រុក​ស្អាង ជា​ច្រើន​នាក់ បាន​លើក​ឡើង​ថា កាល​យប់​ថ្ងៃ​ទី​២៧-២៨ ខែមេសា មាន​គ្រឿងចក្រ​ធំ​ៗ​ថ្មី​ៗ​ចំនួន​៤​គ្រឿង​បាន​មក​លួច​ធ្វើ​សកម្មភាព​ឈូស​ឆាយ​លើក​ទំនប់​ព័ទ្ធ​មក​ដល់​ក្រោយ​ផ្ទះ​អ្នក​ភូមិ​តា​យោ​ទាំង​កណ្តាលអធ្រាត្រ​។ ពួក​គាត់​បាន​រាយការណ៍​ទៅ​លោក ឈាង លី មេ​​ឃុំ​ប្រាសាទ និង​សុំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឲ្យ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​មក​ទេ​។ រីឯ​លោក​មេឃំ​ុ​និយាយ​ថា រូប​គាត់​ដឹង​ដែរ​តែ​ឲ្យ​គាត់​ធ្វើ​យ៉ាងម៉េច ?

អាជ្ញា​ធរមាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ពេល​ពលរដ្ឋ​មាន​កង្វល់​ត្រូវ​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ឆ្លើយ​បែប​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មួម៉ៅ​ក្តៅក្រហាយ ព្រោះ​អស់​ផ្ទៃ​បឹង​ខាន​នេសាទ​ត្រី ហើយ​ឥឡូវ​ខ្លាច​អស់​ដី​បង្កបង្កើន​ផល និង​ដី​ជម្រក​រស់នៅ​ទៀត​ផង ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​អស់​ទំនុកចិត្ត​លើ​អាជ្ញាធរ​មូលដ្ឋាន ហើយ​សម្រេចចិត្ត​នាំ​គ្នា​មួយ​ភូមិ​ប្រហែល​៨០​នាក់ ចុះ​ទៅ​ដេញ​គ្រឿងចក្រ​នោះ​ទាំង​យប់ ។

ក្រុម​អ្នក​ភូមិ​បន្ត​ថា អ្នក​ដែល​នាំ​គ្រឿងចក្រ​លួច​ឈូស​ឆាយ​ពេល​យប់​ចូល​ដល់​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់​នេះ​មាន ឈ្មោះ ម៉ែ​ន សុធី ជា​មន្ត្រី​យោធា​ខេត្តកណ្តាល ឈ្មោះ ខុ​ម ជា​អតីតមន្ត្រី​យោធា​ស្រុក​កៀនស្វាយ និង​ឈ្មោះ រ៉ុ​ន​។ ប៉ុន្តែ​គ្រាន់តែ​ឃើញ​អ្នក​ភូមិ​ទៅ​ដល់ ពួក​គេ​នាំ​គ្នា​បើក​គ្រឿងចក្រ​រត់គេច​ចូល​ព្រៃ​បាត់ លុះ​ពេល​អ្នក​ភូមិ​នាំ​គ្នា​ឡើង​មក​ផ្ទះ​ដេក ស្រាប់តែ​មួយសន្ទុះ​ក្រោយមក វេលា​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​គ្រឿងចក្រ​ទាំង​៤​គ្រឿង​នោះ ក៏​មក​ធ្វើ​សកម្មភាព​ជីក​បន្ត​ទៀត ហើយ​អ្នក​ភូមិ​ក៏​ចុះ​ទៅ​ដេញ​ម្តងទៀត​រហូត​ដល់​ភ្លឺ​ទើប​បើក​គេច​ទៅ​បាត់ ។

ដោយឡែក ប្រជាពលរដ្ឋ​នៅ​ឃុំប្រាសាទ​ឲ្យ​ដឹង​ដែរ​ថា មាន​គ្រឿងចក្រ​ធំ​ៗ​ប្រហែល​ជាង​១០​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ជីក​បៀ ជីក​ប្រឡាយ សម្រាប់​ដាក់​សម្រាស់​យក​ត្រី​ពាសពេញ​ផ្ទៃដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​៥​យ៉ាង​អនាធិបតេយ្យ ។ ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ក្រៅផ្លូវការ​ថា គ្រឿងចក្រ​ដែល​មក​ជីក​នេះ​សុទ្ធតែ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ជលផល និង​អាជ្ញាធរ​ដោយ​បង់លុយ​ឲ្យ​ក្នុង​១​គ្រឿង​រាប់រយ​ដុល្លារ បើ​មិន​ដូច្នោះ​ទេ​មិន​អាច​ដាក់​គ្រឿងចក្រ​ចុះ​បាន​ទេ ។

ប្រភព​ព័ត៌មាន​បន្ត​ថា គ្រាន់តែ​លោក ភ្ន​ង ឆេ​ង ប្រធាន​សហ​គន៍​នេសាទ​លេខ​៥​តែឯង​ម្នាក់ យក​គ្រឿងចក្រ​ចុះ​ជីក​ចំនួន​៥​គ្រឿង​ទៅ​ហើយ ធ្វើ​សកម្មភាព​ជីក​ព័ទ្ធ​ពេញ​ដី​ផ្ទៃ​បឹង​អតីត​ឡូត៍​នេសាទ​លេខ​៥ ។ រីឯ​ពលរដ្ឋ​ជួប​ភាពរាំងស្ងួត​គ្មាន​ទឹក​ប្រើប្រាស់ យក​ចប​ឬ​ប៉ែល​ជីក​តាម​មុខ​ផ្ទះ​យក​ទឹក​សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​បែរជា​អស់លោក​មន្ត្រី​ជលផល និង​សហគមន៍​មិន​ឲ្យ​ពួក​គាត់​ជីក​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ភ្ន​ង ឆេ​ង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា គ្រឿងចក្រ​របស់​លោក​ដាក់​មក​ជីកដី​បឹង​នេះ មាន​៥​គ្រឿង​ប្រាកដ​មែន ។ ប៉ុន្តែ​ក្រោយមក​នៅ​ពេល​ដឹង​ថា អ្នក​សួរ​ជា​អ្នកកាសែត ក៏​ប្រាប់​មិន​ច្បាស់លាស់​ថា​ម្តង​មាន​២​គ្រឿង ម្តង​ថា​អត់ ហើយ​សួរ​វិញ​ថា មាន​អ្នក​ណា​អ្នក​និយាយ​រក​សាក្សី​មើល ហើយ​ចុង​ក្រោយ​ក៏​ប្រាប់​ថា​ជាប់រវល់​ក៏​ចុច​ទូរស័ព្ទ​បិទ​តែ​ម្តង ។

ប្រជាពលរដ្ឋ​រង​គ្រោះ​រាប់​ពាន់​គ្រួ​សារបាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់ ដែល​ជា​ម្ចាស់​ឆ្នោត​ផង មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​មាន​ឆ្អឹង​ទទឹង​ក​បែប​នេះ​ទេ ៕