ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិ​សក្រុង​​ប៉ោយប៉ែត​បង្ក្រាប​​សំបុក​ចែក​ចាយ​​គ្រឿងញៀន​វេច​​​ខ្ចប់​មនុស្ស​​​៩​នាក់

15 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​មនុស្ស​​៩​នាក់​​​ពាក់​ព័ន្ធ​នឹង​​ការជួញដូរ​​​-ប្រើប្រាស់​​គ្រឿងញៀន​ត្រូវ​​ចាប់​ខ្លួន​​យ៉ាង​​តឹង​រ៉ឹង​​កាលពី​​​រសៀលម៉ោង​​២​និង​​​២០នាទី​​​ថ្ងៃទី​២០ មីនា ២០១១ ​ដោយប៉ូលិស​ក្រុងប៉ោយប៉ែត​​​​ ខណៈ​ពួកគេ​​ធ្វើស​កម្ម​ភាព​ចែក​ចាយ​ និង​សេពគ្រឿងញៀន​​​​ជាក់ស្តែង ​​​​នៅ​ផ្ទះ​មួយ​កន្លែង​​ជាប់មាត់​អូរព្រំដែន​​​ក្បែរ​​កាស៊ីណូ​​ធំមួយ​ ស្ថិតក្នុង​​ភូមិ​ក្បាល​​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​​ក្រុងប៉ោយប៉ែត ​។

មនុស្ស​ដែល​​ឃាត់ខ្លួន​​​​​៩នាក់​​​នោះមាន​​​ស្រី​ម្នាក់ ថ្នាំ​​ញៀន​​​មួយចំនួន​​ធំ សម្ភារ​និង​ឧបករណ៍​​សម្រាប់​ជក់ផងដែរ ។ ​ការបង្ក្រាប​​​មុខ​សញ្ញា​​ខាង​​លើ​​​នេះ​គេឃើញ​​​​ព្រះរាជ​អាជ្ញា​​​រង​​អម​សាលា​ដំបូង​​​​ខេត្ត​បន្ទាយមានជ័យ លោក​​ឡុង ជាប ​លោក​ឧត្តមសេនីយ៍​​ត្រីខេង ស៊ុំ ​ស្នងការ​ខេត្ត​ ជា​អ្នក​​ដឹកនាំ​​ចាត់ចែង​។​ ក្នុង​​ពេល​ធ្វើ​​ការ​បង្ក្រាប​​ សមត្ថកិច្ច​រឹបអូស​បានថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹកកក​​​ចំនួន​​​​៦​ថង់​តូច ​​យ៉ាម៉ា​​​ពណ៌​ផ្កាឈូក និងខៀវ​​ចំនួន​​​១៤៦​គ្រាប់ ​​​និង​ឧបករណ៍​​សម្រាប់​​​​កែ​ច្នៃ​ជក់​មួយ​​ចំនួន​​ធំ ។​

តាមការ​ឱ្យ​ដឹង​​ពីលោក​អនុ​សេនីយ៍​ឯក ​អ៊ុំ សុផល ​អធិការ​​​នគរបាល​ក្រុងប៉ោយប៉ែត​​បាន​ប្រាប់កោះសន្តិភាព​​នៅ​កន្លែង​​កើតហេតុ​​ថា មុន​ការ​ចុះឆែក​ឆេរ​​បង្ក្រាប​​​ទីតាំង​​ខាងលើ​​​ គឺ​កម្លាំង​​​​របស់លោក​​​ចាប់បាន​ក្រុម​ក្មេង​​ទំនើង​​​ច្រើន​នាក់​​​​កាលពីវេលាម៉ោង​​​​​៤​​ទៀប​ភ្លឺ​​ថ្ងៃទី​​​២០ មីនា ​​ហើយ​​ឆែក​ឆេរ​​ក្រុមក្មេង​​ទំនើង​​ទាំង​នោះ រក​ឃើញថ្នាំ​​​ញៀន​ជាប់នឹង​​ខ្លួន សមត្ថកិច្ច​ក៏​សួរនាំ​​​បក្សពួក​ ទើប​ឈានដល់ការ​បង្ក្រាប​​បែបនេះ ៕​