ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន បូ​ឡា និង លាស់ យី​ន ទៅ​រួច​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀ.ន​ដែល​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​នេះ

រាជធានី​ភ្នំពេញ ៖ ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ដែល​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​នេះ ទៅ​រួច​អត់ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​សុទ្ធតែ​មាន​សមត្ថភាព​មិនធម្មតា​បែប​នេះ ។

ខុន បូ​ឡា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សាំង​ដេ​ត សាយ​កែវ​វិទ្យា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ខណៈ​កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​បាន​វាយតម្លៃ​ទុក​មុន​រួច​ហើយ​ថា  ខុន បូ​ឡា មាន​ជំនឿ​ចិត្ត​តិចតួច​បំផុត​ក្នុង​ការ​យកឈ្នះ ព្រោះ​បើ​យោង​លើ​ប្រវត្តិ​ប្រកួត គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ ខុន បូ​ឡា ប្រកួត​បាន​២៨​ដង ឈ្នះ​១៩​ដង ចាញ់​៩​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៣​ដង ។ ចំណែក​កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៤៥​ដង ចាញ់​២៥​ដង និង​ស្មើ​៥​ដង​។ ខុន បូ​ឡា ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិនធម្មតា​នោះ​ទេ ប៉ុន្តែ​ពេល​មក​ប៉ះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​លើសលប់​បែប​នេះ គឺ​ពិតជា​ពិបាក​បន្តិច​ហើយ ។

ចំណែក លាស់ យី​ន ជួប​កីឡាករ​ថៃ​ឈ្មោះ យ៉​ត​កេ​ន សរ រ៉ុ​ង​រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ ក៏​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ដែរ ។  លាស់ យី​ន ប្រកួត​បាន​៨២​ដង ឈ្នះ​៥៤​ដង ចាញ់​២៤​ដង ស្មើ​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់ នៅ​លើ​សង្វៀន​បាន​៩​ដង ។ ចំណែក​កីឡាករ​ថៃ ប្រកួត​បាន​៧៥​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង ។ ដូច្នេះ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​គូ​នេះ​គឺ​អាច​ស៊ីសង​គ្នា​បាន ប៉ុន្តែ លាស់ យី​ន មួយ​រយៈ​មកនេះ​រាង​ធ្លាក់ដៃ​ជាង​មុន​បន្តិច ជា​ពិសេស​កម្លាំង​ស៊ុ​ហ្វ តែ​ម្ដង ដែល​ភាគច្រើន​ប្រកួត​បាន​តែ​៣​ទឹក​គឺ​ទៅ​លែង​រួច​តែ​ម្ដង ។ រីឯ​កីឡាករ​ថៃ​តាម​ការ​ឱ្យ​ដឹង​ក្បាច់គុន​របស់​គេ​មិន​ខ្លាំង​ប៉ុន្មាន​ទេ ដូច្នេះ លាស់ យី​ន ខ្លាច​តែ​ចាញ់​កម្លាំង​គូប្រកួត​ប៉ុណ្ណោះ  ។ ចាំ​មើល​លាស់ យី​ន អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​បាន​ឬ​អត់​។

ដោយឡែក គូប្រកួត​មិត្តភាព​ធម្មតា​វិញ មាន ជ័យ ស៊ី​ណេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ។ ផា សុ​ផាត​និល មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង អេ​លី​ត ភក្ដី មក​ពី​ក្លិប​អង្គរក្ស ប្រកួត​ជាមួយ​គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕