«នំមិនធំជាងនាឡិ» បានចាក់ឬសនៅក្នុងសង្គមខ្មែរយើងយូរមកហើយ ដោយចង់និយាយថា កូនៗមិនអាចសម្រេចចិត្តយកប្តី ឬប្រពន្ធ ដោយគ្មានការសម្រេចចិត្តពីឪពុកម្តាយឡើយ ។ ពេលវេលាបានប្រែប្រួល ។ ចំណែកការរារាំងពីឪពុកម្តាយ ចំពោះស្នេហាយុវជន និងយុវតី ក៏លែងសូវឃើញមានទៀតដែរ ។
ដោយមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះកូនៗនោះ ឪពុកម្តាយមានការបារម្ភច្រើនអំពីអនាគតកូនៗ ។ ពិសេស ការជ្រើសរើសមិត្តមួយរយឆ្នាំ ។ ការព្រួយបារម្ភមានកាន់តែធំធេងចំពោះកូនស្រី ។
ជាមួយនឹងការស្រឡាញ់ដ៏ជ្រាលជ្រៅនេះ ឪពុកម្តាយជាច្រើនកន្លងមកបានប្រកាន់យកទស្សន: «នំមិនធំជាងនាឡិ» នេះ នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់កូន ។ និយាយដោយយុត្តិធម៌ ពេលខ្លះការសម្រេចចិត្តរបស់ឪពុកម្តាយ នៅក្នុងការជ្រើសរើសស្វាមី ឬភរិយានោះ ក៏បានធ្វើឱ្យកូនស្រី ឬកូនប្រុសរបស់គាត់ មានលទ្ធភាពជ្រើសរើសបានគូអនាគតមួយរយឆ្នាំយ៉ាងសមប្រកប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ មានករណីខ្លះក៏មិនសមដូចបំណងប្រាថ្នា ដោយកូនៗមិនអាចរស់នៅចុះសម្រុងគ្នា និងឈានដល់ការបែកបាក់ ។ ការសម្រេចរបស់ឪពុកម្តាយ ក្នុងករណីនេះ ក៏ក្លាយជាវិប្បដិសារីទាំងសម្រាប់ឪពុកម្តាយ និងកូនៗរបស់គាត់
យុវជន និងយុវតីសម័យថ្មី កាន់តែមានគំនិតជឿនលឿន ហើយប្រកាន់យកទស្សន:មួយ ដែលថាវាសនារបស់ពួកគេ គួរតែត្រូវបានសម្រេចដោយខ្លួនពួកគេផ្ទាល់ ។ ចំណែកឪពុកម្តាយជាច្រើន ក៏កាន់តែបន្ធូរដៃហើយផ្តល់សិទ្ធិកាន់តែច្រើនដល់កូនៗ ដើម្បីឱ្យពួកគេសម្រេចចិត្តដោយខ្លួនឯង នៅក្នុងការស្វែងរកស្វាមី ឬភរិយា ។
យុវជន និងយុវតី ត្រូវទទួលស្គាល់ការពិតមួយ ដែលថាឪពុកម្តាយមានបទពិសោធន៍ជីវិតច្រើនជាងខ្លួន ។ ទោះបីជាពួកគេជាអ្នកសម្រេចចិត្តដោយខ្លួនឯង ក៏ដោយចុះ ការទទួលយកមតិយោបល់ពីឪពុកម្តាយ ដើម្បីពិចារណាបន្ថែម នឹងជួយឱ្យកូនៗមានការសម្រេចចិត្តបានកាន់តែល្អ ហើយចៀសផុតនឹងការអនុវត្តទស្សន:នៃជីវិត «ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ»។
ដូច្នេះ ស្នេហ៍អូននិងបងពេលនេះ គឺអូននិងបងសម្រេចចិត្តដោយខ្លួនឯង ។ ប៉ុន្តែឪពុកម្តាយរបស់អូននិងបង នៅតែជាទីប្រឹក្សាស្នេហាមិនអាចអត់បាន ៕
ចែករំលែកព័តមាននេះ