ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៅ​ពីក្រោយ ស្រី​ស្អាត ទេព បូ​ព្រឹក្ស ចំណាយ​លុយ​កប់​ពពក​ដើម្បី​ផលិត MV

2 ឆ្នាំ មុន
  • ភ្នំពេញ

មិនធម្មតា តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​៦០០​លាន​រៀល ពោល​គឺ​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ផលិត MV បទ​ថ្មី​របស់​ខ្លួន​ដែល​ត្រៀម​ចេញផ្សាយ​នា​ពេល​ឆាប់​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ មិនធម្មតា តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​៦០០​លាន​រៀល ពោល​គឺ​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ផលិត MV បទ​ថ្មី​របស់​ខ្លួន​ដែល​ត្រៀម​ចេញផ្សាយ​នា​ពេល​ឆាប់​ៗ​នេះ​។ វីរនារី ជា​ចំណង​បទ​ចម្រៀង​ថ្មី​របស់​នាង ដែល​បាន​ចំណាយ​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការ​ផលិត MV ដែល​មាន​លក្ខណៈ​ស្តង់ដា​មិន​ចាញ់​បរទេស​នោះ​ឡើយ​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​ដែល​បាន​ចូលរួម​ផលិត MV ខាងលើ​របស់ ទេព បូ​ព្រឹក្ស មួយ​រូប​បាន​លើក​ឡើង​ថា ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ចែ​ព្រឹក្ស​ណាស់ Tep Boprek ខ្ញុំ​មកនេះ​មិនមែន​មក​និយាយ​យក​ឡូយ​អោយ​អ្នក​ទាំងអស់​គ្នា មើល​មក​ខ្ញុំ​ល្អ​នោះ​ទេ តែ​ខ្ញុំ​ចង់​ចែករំលែក​រឿង​ដែល​យើង​ទាំងអស់​គ្នា​គួរ​ដឹង​។ មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​មានការ​ងារ​ច្រើន​ដែល​បាន​ប៉ះ​ជាមួយ​ចែ​ព្រឹក្ស ដែល​ធ្វើ​អោយ​ខ្ញុំ និង​ក្រុមការងារ PATRÓN បាន​មានឱកាស​ធ្វើការ​ក្នុង Project បទ​ចម្រៀង វីរនារី | Top of the Lady នេះ ! ។

ក្រុមការងារ​ដែល​បាន​ចូលរួម​ផលិត MV ខាងលើ​របស់ ទេព បូ​ព្រឹក្ស មួយ​រូប​បាន​លើក​ឡើង​ទៀត​ថា MV មួយ​នេះ​ចំណាយ​អស់​រហូត​ដល់ 600​លាន​រៀល ខ្ញុំ​ចង់​បញ្ជាក់​ថា នេះ​គឺជា​រឿង​ពិត ! ថ្ងៃ​ដែល​ចែ​ព្រឹក្ស យក​ឡាន​ទៅ​លក់ ដើម្បី​យក​ថវិការ​ផ្ទាល់ខ្លួន​មក​ធ្វើ MV នេះ ខ្ញុំ​ក៏​បាន​ទៅ​ជាមួយ​គាត់​ដែរ !​។ ការ​លះបង់​ថវិកា​ផ្ទាល់ខ្លួន​សំរាប់​គាត់ ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​ធំ​សំរាប់​គាត់​នោះ​ទេ ប៉ុន្តែ​មនសិការ​ក្នុង​ការ​បង្កើត MV ដែល​តំណាង​អោយ​ប្រជាជាតិ​យើង​ទាំងមូល គឺជា​រឿង​យើង​មិន​អាច​មើល​រំលង​បាន ។

គម្រោង​ធ្វើ​បទ​មួយ​ដែល​តំណាង​អោយ​ប្រទេស​យើង គឺ​មាន​ក្នុង​ចិត្ត​គាត់​តាំងពី​២​ឆ្នាំ​មុន ហើយ Project MV នេះ ត្រូវ​បាន​ដំឡើង​រយៈពេល​២​ខែ ជាមួយ​ក្រុមការងារ​សរុប ១២៦​នាក់ ក្រុមការងារ​គ្រប់​ផ្នែក​សុទ្ធតែ​សំខាន់ ។ មក​និយាយ​ពី​ឈុត​នៅ​ក្នុង MV ម្តង ឈុត​ដែល​គាត់​ឈរ​ក្នុង​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មើល​ហើយ​គឺ​ព្រឺ​សម្បុរ​តែ​ម្តង សំរាប់​ខ្ញុំ​មើលទៅ​វា​ពិតជា​អស្ចារ្យ​ណាស់ ឈុត​នេះ ក្រុមការងារ​បាន​ដំឡើង​ជា​រូបរាង​ប្រាសាទព្រះវិហារ មើល​ហើយ គឺ​មិន​សរសើរ​មិន​បាន​ទេ ។

ឈុត​ចម្បាំង បើ​អ្នក​ទាំងអស់​គ្នា​មើល​យឺត​ៗ អ្នក​ទាំងអស់​គ្នា​នឹង​ឃើញ តួ​ដែល​ស្លៀកពាក់​ឈុត​ខ្មៅ បាន​ធ្វើសឹក​សង្គ្រាម​ជាមួយ​តួ​មេទ័ព​ស្រី​ជា​ច្រើន ហើយ​ចុង​ក្រោយ គឺ​ទ័ព​ស្រី​របស់​យើង​បាន​យកជ័យ​ជំនះ​លើ​សឹកសង្គ្រាម​មួយ​នេះ ឈុត​នេះ​ផ្នែក Set Designer បាន​ធ្វើ​ដេ​គ័​រ​ជា​ភ្នំ​តែ​ម្តង និង​ឈុត​មេទ័ព​ស្រី​ដទៃ​ទៀត​ក៏​ត្រូវ​បាន​ធ្វើ​តាម​ក្បួនច្បាប់​ដើម​។ ឈុត​នេះ គឺ​ដុត​ភ្លើង​ពេញ studio តែ​ម្តង ! នៅ​មាន​ឈុត​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​អ្នក​ទាំងអស់​គ្នា​នឹង​ឃើញ​ក្នុង MV ពេញ នា​ពេល​ខាង​មុខ​នេះ !​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា MV បទ​ចម្រៀង វីរនារី | Top Of The Lady នេះ​នឹង​ដាស់​ព្រលឹង​វិញ្ញាណ​កូន​ខ្មែរ​គ្រប់​រូប​មិន​ថា អ្នក​នៅ​ទីណា អ្នក​នឹង​មាន​មោទនភាព​ដែល​បាន​កើត​នៅ​លើ​ដែនដី​សុវណ្ណ​ភូមិ ។

ដោយឡែក​សម្រាប់​តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស វិញ ក៏​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ចំពោះ MV ថ្មី​នេះ​ថា ‘Top Of The Lady’ ( វីរនារី ) M/V TEASER #1 មហិច្ឆតា និង​ភាព​អស្ចារ្យ​នៃ​កេរ្តិ៍ ដំណែល​បុព្វបុរស បុព្វការី ខ្មែរ គឺ​បាន​បន្សល់​ទុក​នូវ​ភាព​អស្ចារ្យ និង​មហាសាល​ក្រៃ​លែង នេះ​គឺជា កាតព្វកិច្ច​របស់ខ្ញុំ ក៏​ដូច​ជា​កូន​ខ្មែរ​គ្រប់​រូប​ក្នុង​ការ​ចូលរួម​រក្សា និង​បង្ហាញ​ទៅ​កាន់​អម្បូរ​មនុស្ស​ទូ​ទាំង ប្រទេស ទូ​ទាំង​ទ្វីប ទូ​ទាំង​ពិភពលោក អោយ​បានឃើញ​អំពី​ការ​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក​ដ៏​មហិមា ដែល​សូ​ម្បី​តែ​មាស​ទំហំ​ប៉ុន​ភ្នំ ក៏​មិន​អាច​ប្រៀប​បាន ហើយ​រឹតតែ​មិន​អាច​នឹង​យក​មក​កាត់ថ្លៃ​បាន ដោយ​សេចក្តី​ដឹងគុណ​ចំពោះ​មាតាបិតា ថែរក្សា​ដែនដី​សុវណ្ណ​ភូមិ​ជា​ម្ចាស់​ដ៏​ប្រាកដ កូន​សូម​ថ្វាយ​នូវ​ស្នាដៃ​នេះ​ទុកជា​សារ​ក៏​ដូច​ជា​ការ​បំផុសបំផុល​ដល់​កូន​ខ្មែរ​គ្រប់​រូប​មិន​ថា នៅ​ទី​នេះ ឬ​កូន​ខ្មែរ​ដែល​នៅ​ទីណា​អោយ​តែ​មាន​ឈា​.​ម​ជា​ខ្មែរ​អោយ​បានដឹង​ថា នេះ​ជា​សមិទ្ធផល​ដែល​កើត​ចេញពី​សេចក្តី​ប្រាថ្នា​របស់​កូន​ខ្មែរ​ម្នាក់ នេះ​មុន​នឹង​បិទ​ភ្នែក​ត្រឡប់​ទៅ​ឋាន​វិញ កូន​ក៏​បាន​ធ្វើ​រឿង គប្បី​ដើម្បី​មាតាបិតា និង​ដើម្បី​ដូនតា​ហើយ។

នាង​ថា សំណរ​ចុង​ក្រោយ​នេះ សម្រាប់ វីរនារី ទូ​ទាំង​សកល​ចូល​ចាំ​ថា អ្នក​គឺជា​មាតា អ្នក​គឺជា​ស្តេច អ្នក​គឺជា​មេទ័ព អ្នក​គឺជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច ចូល​អ្នក​មើល​អោយ​ឃើញ​នូវ​តម្លៃ​ដ៏​អស្ចារ្យ​របស់​អ្នក ដោយ​ក្តី​ស្រលាញ់​ពី​ខ្ញុំ ទេព បូ​ព្រឹក្ស បុត្រី​នៃ​បុព្វបុរស​ខ្មែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ