ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ វិនិយោគ​រួម​គ្នា​ក្នុង​ទឹកប្រាក់​11​ប៊ី​លាន​ដុល្លារ​លើ​គម្រោង​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន​ជឿនលឿន​កម្ពុជា ជាមួយ​ក្រុមហ៊ុន ស៊ី​អិ​ល​អឹ​ម​វី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី របស់​ថៃ

រាជធានី​ភ្នំពេញ ៖ គម្រោង​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន​ជឿនលឿន​កម្ពុជា ជាមួយ​ក្រុមហ៊ុន ស៊ី​អិ​ល​អឹ​ម​វី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី របស់​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​អនុវត្ត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​បណ្ឌិត សុ​ន ស៊ី​ណា ប្រធាន​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន​ជឿនលឿន ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ង​លើ​កិច្ចព្រមព្រៀង​វិនិយោគ​លើ​គម្រោង​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី លោក​បណ្ឌិត សុ​ន ស៊ី​ណា បាន​មាន​ប្រសាសន៍​​ថា ៖« គោលដៅ​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ដើម្បី​ផ្ដល់​ទឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ឱ្យ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើប​កម្ម ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដោយ​មិន​មាន​ប្រើប្រាស់​ម៉ាស៊ីន និង​ប្រេងឥន្ធនៈ ក្នុង​ការ​ទាញ​យក​ទឹក​ពី​ទន្លេមេគង្គ និង​ទន្លេសាប ដែល​ជា​គម្រោង​ទី​១​នៅ​កម្ពុជា​ដោយ​ផ្តើម​ចេញពី​ខេត្តបន្ទាយមានជ័យ​មុនគេ ហើយ​ត្រូវ​ប្រើ​រយៈពេល​៥​ឆ្នាំ ដើម្បី​សម្រេច​ផែនការ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ត្រូវ​ចំណាយ​ទុន​ដំបូង​ប្រមាណ​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​បច្ចេកទេស ភាគី​ថៃ​នឹង​មក​ជួយ​រៀបចំ ទុយោ​ទឹក (​ទុយោ​មេ​) នឹង​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ ហើយ​ទុយោ​មេនេះ​មាន​ទទឹង​៥០​សង់ទីម៉ែត្រ » ។

លោក​បណ្ឌិត សុ​ន ស៊ី​ណា បាន​បញ្ជាក់​ថា ៖ « គម្រោង​ស្រោចស្រព​ទឹក​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នេះ មាន​វិសាលភាព​ធំធេង​ណាស់ និង​ដំណើរការ​ទៅ​តាម​ដំណាក់កាល ពោល​គឺ​កា​រត​ភ្ជាប់​បណ្តាញ​ទុ​រ​យោ​ទឹក​ដល់​ខេត្ត​ណា ខេត្ត​នោះ​នឹង​មានទឹក​ប្រើប្រាស់ » ។

លោក​បណ្ឌិត​បន្ត​ថា ៖ « ទុន​វិនិយោគ​១១​ប៊ី​លាន​ដុល្លារ​នេះ បើ​យើង​គិតតែ​ពី​តម្លៃ​ទុយោ​ទឹក គឺ​អត់​គ្រប់​ទេ មាន​តែ​ថែម​ទៀត ពីព្រោះ​ទុយោ​ប្រភេទ​ដែល​យើង​យក​មក​ប្រើ​ប្រាស់​នេះ​វា​មាន​តម្លៃ​ថ្លៃ ដោយសារ​វា​មានគុណ​ភាពល្អ សូ​ម្បី​តែ​រថយន្ត​បើក​បុក​ក៏​មិន​បែក និង​មានការ​ធានា​បាន​រហូត​ដល់​៦០​ឆ្នាំ ។ ទាក់ទង​នឹង​ដៃគូ​វិនិយោគ​នេះ ខ្ញុំ និង​ក្រុម​ស្ថាបនិក​បាន​ចំណាយពេល​ស្វែងរក​ដៃគូ​វិនិយោគ​អស់​រយៈ​ជាង​២​ឆ្នាំ ។ ពេល​នេះ យើង​បាន​ជួប​ហើយ គឺ​ក្រុមហ៊ុន​ស៊ី​អិ​ល​អឹ​ម​វី គាត់​ពេញចិត្ត​នឹង​គម្រោង​ដែល​ខ្ញុំ​សរសេរ និង​បាន​រក​ទុន​មក​វិនិយោគ​ជាមួយ​ខាង​សហគមន៍​ដើម្បី​ជួយ​ដល់​ប្រជា​កសិករ ខ្មែរ​យើង » ។

លោក​បណ្ឌិត សុខ ប្រកប អគ្គនាយក​ក្រុមហ៊ុន ស៊ី​អិ​ល​អឹ​ម​វី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​បណ្តាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​នា​ពេល​នេះ គឺ​បាន​ជួយ​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្រោម​ប្រទេស CLMV ដូច​ជា កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម បាន »​។

លោក​បន្ដ​ថា ៖ « ជា​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន​បាន​ឆ្លងកាត់​នៅ​តាម​បណ្តា​ប្រទេស CLMV គឺ​ជួប​កង្វះខាត​និង​តម្រូវការ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​។ អ្វី​ដែល​ចាំបាច់​បំផុត និង​ចំពោះ​មុខ គឺ​បទ​ពិសោធន៍ និង​ភាព​វៃឆ្លាត​ក្នុង​ការ​ដឹកនាំ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ។ ក្រោយ​ពេល​ជួប​ដៃគូ​ល្អ​ដែល​គាត់​មាន​បច្ចេកទេស​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើប​ភាវូបនីយកម្ម​ថ្មី​នេះ ខ្ញុំ​គិត​ថា រាល់​បញ្ហា​ទាំងអស់​ដែល​ជា​គោលដៅ​សំខាន់​បំផុត​របស់​ប្រទេស CLMV នឹង​បាន​សម្រេច​ដូច​ការ​គ្រោងទុក​នៅ​ពេល​អនាគត » ។

លោក​បណ្ឌិត​បន្ត​ថា ៖ « ប្រទេស​កម្ពុជា​មាន​ឧត្ត​ម្ភ​មហាសាល​ដែល​មាន​ទន្លេមេគង្គ និង​ទន្លេសាប​ជា​ប្រភព​ទឹក ហើយ​ជា​ប្រព័ន្ធ​ទឹក​ដែល​អាច​ធ្វើការ​ស្រោចស្រព​ដំណាំ​កសិកម្ម​បាន​នៅ​ទូ​ទាំង​ប្រទេស និង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​របស់​ប្រជា​កសិករ​ដែល​បាន​គ្រោងទុក​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន» ។

លោក​បណ្ឌិត​បន្ថែម​ថា ៖ « ក្រោយ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើប​កម្ម​ថ្មី​នេះ​ហើយ ប្រជាពលរដ្ឋ​កម្ពុជា​ពិតជា​មានការ​រីក​ចម្រើន​ទាំង​ជីវភាព និង​មានការ​ងារ​ធ្វើ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន ក្រោយ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​បាន​ទៅ​ដល់​គោលដៅ សម្រាប់​ខ្ញុំ​ធានា​ថា ចំណូល​របស់​កសិករ​ក្នុង​ម្នាក់​អាច​រកបាន​៥០០​បាត​ក្នុង​មួយ​ថ្ងៃ តាម​រយៈ​ការ​ដាំ​ដុះ​ផលិតផល​ផ្សេង​ៗ ដែល​រួម​សហការ​ជាមួយ​គម្រោង​កសិកម្ម​មាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ។

គួរ​រំឭក​ផង​ដែរ​ថា ក្រុមហ៊ុន ស៊ី​.​អិ​ល​.​អឹ​ម​.​វី ហូល​ឌី​ង (CLMV Holding Co., Ltd) កាលពី​ថ្ងៃ​ទី​៣០ មក​រា កន្លង​មក ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត អូរ​នាង ជាមួយ​ក្រុមហ៊ុន ឆាយ ឆាយ អិុន​វេស​មេន (Chhay Chhay Investment Co., Ltd) ផង​ដែរ ដោយ​ក្រុមហ៊ុន CLMV បាន​ចុះ​ទុន​ប្រមាណ​១​សែន​លាន​បាត​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជាមួយ​ដៃគូ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​តំបន់​ប៉ោយ​ប៉ែ​ត អូរ​នាង ឲ្យ​មានការ​រីក​ចម្រើន​ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដទៃ​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ៕