ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​រាប់​ពាន់​នាក់ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បើ​ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បញ្ចប់​ទៅ​ហើយ​ក្តី​សម្រាប់​តំបន់​ទេសចរណ៍​នៅ​ខេត្តក្រចេះ នៅ​តែ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ជា​ហូរហែ ពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក់​ចុង​ស​ប្តា​ហ៍ ។

ខេត្តក្រចេះ ៖ បើ​ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បញ្ចប់​ទៅ​ហើយ​ក្តី​សម្រាប់​តំបន់​ទេសចរណ៍​នៅ​ខេត្តក្រចេះ នៅ​តែ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ជា​ហូរហែ ពិសេស​​នៅ​ថ្ងៃ​ឈប់​សម្រាក់​ចុង​ស​ប្តា​ហ៍ ។ ក្រៅពី​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី និង​តំបន់​ទេ​ចរណ៍​អន្លង់​ផ្សោត ដែល​អ្នកទេសចរ​នៅ​តែ​បន្ត​ទៅ​លេង​កម្សាន្ត​ជាប់​ជា​ប្រចាំ​នោះ ក៏​នៅ​មាន​តំបន់​អេកូ​ទេសចរណ៍​មួយទៀត គឺ​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ ទន្លេមេគង្គ ។

កោះ​ទ្រង់​ជា​កោះ​មួយ​មា​នទី​តាំងនៅ​កណ្តាល​ដង​ទន្លេមេគង្គ ទល់មុខ​ទីប្រជុំជន​ខេត្ត ហើយ​បាន​កាត់​ចូល​ក្នុង​រដ្ឋបាល​ក្រុង​ក្រចេះ​ជា​សង្កាត់​កោះ​ទ្រង់ ។ ក្រៅពី​សក្តានុពល​កសិកម្ម ធម្មជាតិ​ដ៏​សម្បូរ​បែប និង​មានឈ្មោះ​ល្បី​ដូច​ជា​ក្រូច​ត្លុង បន្លែ ផ្លែ​ឈើ ផ្សេង​ទៀត  របស់​អ្នក​ភូមិ​ដែល​រស់នៅ​លើ​ដី​កោះ​ចំនួន​ជាង​៣​រយ​គ្រួសារ ដែល​បាន​ដាំ​ដុះ​លក់ដូរ​ជា​ប្រចាំ​នោះ កោះ​ទ្រង់​បាន​ផ្តល់​សក្តានុពល​ធំធេង​មួយទៀត​ជាមួយ​អេកូ​ទេ​ចរណ៍​ដ៏​សម្បូរ​បែប នោះ​គឺ​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​នៅ​ពេល​ថ្ងៃ​រៀប​លិច ។

រដូវ​ទឹកសម្រក ទឹកទន្លេ​ថ្លា​ឆ្វង់ ហូរ​ឆ្លុះ​ពីលើ​ឆ្នេរ​ខ្សាច់​នៅ​កណ្តាលទន្លេ​ដ៏​ធំ​ល្វឹងល្វើយ រំលេច​ដោយ​ពន្លឺ​ចែងចាំង​លើ​ផ្ទៃ​ទឹក​ពី​ព្រះអាទិត្យ និង​ថ្ងៃ​រៀប​លិច ។ សោភ័ណ​ភាព​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ជា​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នកទេសចរ​ក្នុង​ខេត្ត​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​ងូតទឹក​លេង និង​ទទួលទាន​អាហារ​តាម​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ​យ៉ាង​កកកុញ គួរ​ឲ្យ​ចាប់អារម្មណ៍ ។

មានការ​គត់​សម្គាល់ថា ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ពិធីបុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​បញ្ចប់ ជា​រៀងរាល់ថ្ងៃ ពិសេស​ពេល​ល្ងាច​អ្នកទេសចរ​ប្រុស​-​ស្រី ក្មេង​-​ចាស់ នៅ​តែ​បន្ត​នាំ​គ្នា​ជិះ​ទូកដ ឆ្លង​ពី​ត្រើយម្ខាង​នៃ​ខេត្ត​ឆ្ពោះ ទៅ​កាន់​មាត់​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ ។

សម្លេង​ហ៊ោកញ្ជ្រៀវ ទាំង​នៅ​ក្នុង​ទឹក នៅ​លើ​រោង​ធ្វើ​អំពី​ឫស្សី​ប្រក់​ស្បូវ និង​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្បែរ​មាត់ទឹក​នៅ​តែ​លាន់លឺ​ទ្រហឹងអឺងកង រហូត​ទល់​ព្រលប់​ថ្ងៃ​លិច​ទើប​ស្ងាត់ ក្រោយ​ពី​អ្នកទេសចរ​ងូតទឹក​លេង​រួច និង​បាន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ រៀង​ៗ​ខ្លួន​វិញ ។ ស្រប​ពេល​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​ទ្រង់មាន​ចំនួន​ច្រើន​លើសលប់​នឹក​ស្មាន​មិន​ដល់​នេះ​នគរបាល​ទេសចរ និង​អាជ្ញាធរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ ។

បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រី​នគរបាល​ទេសចរ​ខេត្ត​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ៗ ពិសេស​ពេល​ល្ងាច​ក្រៅពី​អ្នកទេសចរ​បរទេស​ដែល​ទៅ​សម្រាក​លំហែកាយ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់​នៅ​លើ​ក្បាលកោះ ក្នុង​នោះ​ក៏​នៅ​មាន​អ្នកទេសចរ​ជាតិ​មិន​តិច​ពី​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ឆ្លងសាឡា​ង​សំដៅ​ទៅ​ងូតទឹក​លេង និង​លំហែកាយ​នៅ​លើ​ឆ្នេរ​ខ្សាច់ ។

បើ​តាម​អ្នកទេសចរ​ក្នុង​ខេត្ត ដែល​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់ បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ចូល​ចិត្ត​ទៅ​លេង​ទីនោះ​ដោយសារ​តែ​តំបន់​ទេសចរណ៍​មួយ​នោះ​ជាប់​នឹង​ខេត្ត​ងាយ​ទៅ​មក​។ ម្យ៉ាងវិញទៀត សម្រស់​ឆ្នេរ​ខ្សាច់​តំបន់​រមណីយដ្ឋាន​គួរ​ឲ្យ​គយគន់ ។ អ្នកទេសចរ​មួយ​ចំនួន​ធំ ជា​មន្ត្រីរាជការ និង​ជា​អ្នកលក់​ដូរ​បាន​ទៅ​លេង​កម្សាន្ត ខណៈ​សម្រាក​ពី​ការងារ និង​របរ​រកស៊ី ។

អ្នកទេសចរ​ទាំងនោះ​និយាយ​ថា ឲ្យ​តែ​មាន​ពេលទំនេរ​ពួក​គាត់​ទៅ​លេង​កោះ​ទ្រង់​រហូត​ដល់​រដូវ​ធ្លាក់​ភ្លៀង​ទឹក​ឡើង​ទើប​ឈប់ ។ ស្របគ្នា​នេះ​ពួក​គាត់​ស្នើ​ឲ្យ​នគរបាល​ទេសចរ បង្កើន​ការ​យកចិត្តទុកដាក់ ការពារ​សុវត្ថិភាព​នៅ​ពេល​ជួប​ហេតុការណ៍​ជាយថាហេតុ​ណាមួយ ៕