ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​នយោបាយ​បែប​ណា ​​ដែល​មាន​ភាព​ទាក់ទាញ​បេះដូង​យុវជន​ និង​យុវតី?

7 ឆ្នាំ មុន

នៅ​ពេល​មនុស្ស​គ្រប់​គ្នា ​តាមដាន​ការ​ប្រែប្រួល​នយោបាយ​ ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស​នយោ​បាយ ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​យុ​ទ្ធ​​នា​ការ​បោះ​ឆ្នោត​ដ៏​ប្រកួតប្រជែង​ខ្លាំង​មួយ ​នៅ​ឆ្នាំ​២០១៧​ និង​២០១៨ ​។ ជោគជ័យ​មួយ​​ផ្នែក​នឹង​

នៅ​ពេល​មនុស្ស​គ្រប់​គ្នា ​តាមដាន​ការ​ប្រែប្រួល​នយោបាយ​ ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស​នយោ​បាយ ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​យុ​ទ្ធ​​នា​ការ​បោះ​ឆ្នោត​ដ៏​ប្រកួតប្រជែង​ខ្លាំង​មួយ ​នៅ​ឆ្នាំ​២០១៧​ និង​២០១៨ ​។ ជោគជ័យ​មួយ​​ផ្នែក​នឹង​ចំណុះ​ទៅ​លើ​ភាព​ប៉ិន​ប្រសប់​​របស់​គណបក្ស​នយោបាយ​ នៅ​ក្នុង​ការ​ឃោសនា​ទាក់ទាញ​ដល់​អ្នកបោះឆ្នោត​ឱ្យ​ជឿជាក់​ថា​ ការ​បោះ​ឆ្នោត​ដល់​ពួក​គេ ​នឹង​បម្រើ​ផលប្រយោជន៍​ដល់​អ្នកបោះឆ្នោត​យ៉ាង​ពិតប្រាកដ​ ។

នៅ​ក្នុង​គោលការណ៍​​ទំនាក់​ទំនង​នោះ ទំនាក់ទំនង​មួយ​មាន​​ប្រ​សិ​ទ្ធ​ភាព​នឹង​ចំណុះ​ទៅ​លើ​កត្តា​​មួយ​​ចំនួន ​។ ទី១-​អ្នក​ប​ញ្ជួ​ន​សារ​ ទី​២-​សារ ទី៣-​អ្នក​ទ​ទូល​សារ និង​ទី៤-មធ្យោបាយ​សម្រាប់​ការ​បញ្ជូន​សារ ​។ ដោយ​បាន​វិភាគ​ទៅ​លើ​កត្តា​ទាំងនេះ ការ​ឃោសនា​នយោបាយ​ ត្រូវ​តែ​បង្កើត​ចេញ​សារ​នយោបាយ​ដោយឡែក​ៗ​ ពី​គ្នា​ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​នៃ​អ្នក​ដែល​ទទួល​សារ​នយោបាយ​នោះ​ ។ សារ​នយោបាយ​ត្រូវធ្វើ​ឡើង​ទៅ​តាម​អាយុ សេចក្តី​ត្រូវការ និង​ចរិត​របស់​អ្នក​ទទួល​សារ​ ។

នៅ​ពេល​ដែល​គេ​បង្កើត​បាន​សារ​​នយោបាយ​ដ៏​ល្អ​ហើយ​នោះ គេ​ត្រូវ​តែ​គិត​ថា ​តើ​សារ​នយោបាយ​នោះ​ ត្រូវ​បញ្ជូន​ទៅ​កាន់​អ្នក​ទទួល​សារ​តាម​មធ្យោបាយ​ណា​ ។ តើ​សារ​នយោបាយ​នោះ​ គួរ​ត្រូវ​បាន​បញ្ជូន​តាម​រយ​:​ការ​ជួប​​និយាយ​គ្នា​ដោយ​ផ្ទាល់ តាម​សារព័ត៌មាន​បោះពុម្ព​ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ វេ​ប​សាយ​ព័ត៌មាន​ ឬ​ក៏​បណ្តាញ​សង្គម​ ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ជាដើម ​។

ដោយហេតុ​ថា​​យុវជន​ និង​យុវតី​តំណាង​ឱ្យ​​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​ នៅ​ពេល​ខាង​មុខ​នោះ ការ​យល់​អំពី​របៀប​បង្កើត​សារ​ និង​របៀប​បញ្ជូន​សារ​ដល់​យុវជន​​នឹង​អាច​ជួយឱ្យ​គណបក្ស​នយោបាយ​ នៅ​ក្នុង​ការ​ឃោសនា​ជាមួយ​យុវជន​ និង​យុវតី​កាន់តែ​មាន​
ប្រ​សិ​ទ្ធ​ភាព ​។

ដើម្បី​បង្កើត​សារ​នយោបាយ​បាន​ល្អ សាមញ្ញ និង​មាន​ភាព​ទាក់ទាញ គណបក្ស​នយោបាយ​ត្រូវ​យល់​ដឹងឱ្យ​អស់​អំពី​បញ្ហា ​និង​សេចក្តី​​ត្រូវការ​របស់​យុវជន ​។ សំខាន់​ជាងគេ​នោះ យុវជន​មាន​និន្នាការ​គិតដល់​អនាគត​របស់​ពួក​គេ​ ដូច​ជា​ការងារ​ធ្វើ​មាន​ប្រាក់ខែ​សមរម្យ មាន​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញមតិ និង​សេចក្តី​ត្រូវការ​ផ្សេង​ទៀត​ ដូច​ជា​ការ​អប់រំ​ និង​សុខភាព​ជាដើម​ ។ សារ​នយោ​បាយ​​ ដែល​មាន​ប្រ​សិ​ទ្ធ​ភាព ​ទៅ​លើ​យុវជន​ គឺ​សារ​នយោបាយ​ដែល​ធ្វើ​ឱ្យ​​គេ​ជឿ​ថា ការ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​​នឹង​ធ្វើឱ្យ​​ពួក​គេ​មាន​អនាគត​ភ្លឺស្វាង ​។

នៅ​ពេល​ដែ​គេ​បង្កើត​សារ​នយោបាយ​ដ៏​ល្អ​ និង​មាន​ភាព​ទាក់ទាញ​ហើយ​នោះ គេ​ត្រូវ​រិះរក​មធ្យោបាយ​។

ការ​បញ្ជូន​សារ​នយោបាយ​តាម​កាសែត វិទ្យុ ទូរទស្សន៍ នឹង​មិន​មាន​ប្រ​សិ​ទ្ធ​ភាព​ខ្លាំង​ ដូច​ជា​ការ​បញ្ជូន​សារ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ឡើយ ខណ​:​ដែល​យុវជន​ និង​យុវតី​កម្ពុជា​ភាគច្រើន ​បាន​ជ្រើសរើស​យក​ការ​ទំនាក់ទំនង​​តាម​បណ្តាញ​សង្គម​មួយ​នេះ​ ។ ជា​ការ​ពិត​ណាស់​ដែល​ថា វា​រឹតតែ​សំខាន់​ជាង​នេះ​ទៀត ដែល​​​ត្រូវ​ជួប​ផ្ទាល់​ជាមួយ​យុវជន​ និង​យុវតី ​ដើម្បី​ពន្យល់​លម្អិត​អំពី​កម្មវិធី​នយោ​បាយ​ដែល​នឹង​ជួយ​កសាង​អនាគត​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ​។

ការ​ឃោសនា​នយោបាយ ​ដែល​មាន​ចរិតលក្ខណ​:​រំលឹក​ដល់​អតីតកាល ការ​ឃោសនា​ដែល​និយាយ​ទូលំទូលាយ​ពេក​ អំពី​កំណើន​សេដ្ឋកិច្ចជាតិ ឬ​ក៏​សារ​នយោបាយ​ដែល​មាន​ប្រយោជន៍​មិន​ផ្ទាល់​ ដល់​យុវជន​នឹង​មិន​អាច​ទាក់ទាញ​បេះដូង​យុវជន​ និង​យុវតី​ដូច​ជា​សារ​នយោបាយ​ ដែល​មាន​ចរិត​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ពួក​គេ​ឡើយ​ ។ សារ​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​នោះ ​គឺ​ការ​ផ្តល់​ការងារ​ និង​ប្រាក់​ខ្ពស់​ជាដើម ​ព្រមទាំង​សេរីភាព​នៅ​ក្នុង​ការ​រស់នៅដើរហើរ​ និង​ការ​បញ្ចេញមតិ​ជាដើម ​៕