ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មាន​បំណង​ពង្រីក​រោងចក្រ​កែ​ច្នៃ​ខ្ញី​នៅ​កម្ពុជា បន្ថែម​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​កែ​ច្នៃ​ខ្ញី​របស់​ជប៉ុន​ដែល​មា​នទី​តាំងនៅ​ខេត្តពោធិ៍សាត់ មាន​បំណង​ពង្រីក​រោងចក្រ និង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​នាំ​ផលិតផល​សម្រេច​ទៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​កាន់តែ​ច្រើន ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​កែ​ច្នៃ​ខ្ញី​របស់​ជប៉ុន​ដែល​មា​នទី​តាំងនៅ​ខេត្តពោធិ៍សាត់ មាន​បំណង​ពង្រីក​រោងចក្រ និង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​នាំ​ផលិតផល​សម្រេច​ទៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​កាន់តែ​ច្រើន ។ នេះ​បើ​យោង​តាម​លោក Kummaru Yuji ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៥ មេ​សា កន្លង​មក ។

ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏​បាន​លើក​ឡើង​អំពី​ការ​ចូលរួម​ថ្មី​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​ផង​ដែរ​។ លោក​បញ្ជាក់​ថា ៖ « ជាក់ស្ដែង ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​មួយ​ដែល​កំពុង​តែ​ប្រតិបត្តិការ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​បាន​រៀបចំ​ជា​រោងចក្រ​កែ​ច្នៃ​ខ្ញី​មួយ​ដើម្បី​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​ប្រទេស​ជប៉ុន។ រោងចក្រ​នេះ មាន​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុន​មាន​បំណង​ពង្រីក​បន្ថែម​ទៀត » ។

ជាមួយ​គ្នា​នោះ​ដែរ ឯកអគ្គរាជទូត​ក៏​បាន​ជម្រាប​ពី​ការ​តាំងចិត្ត​របស់​ជប៉ុន​ក្នុង​ការ​គាំទ្រ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ លោក​ឯកអគ្គរាជទូត​ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​ធ្វើ​បាតុកម្ម ការ​ឡើង​នៃ​តម្លៃ​ភ្លើងអគ្គិសនី និង​បណ្ដាញ​អគ្គិសនី ភាពយឺត​យ៉ាវ​ក្នុង​ការ​ទទួល​សង VAT ការ​សម្រួល​ចំពោះ​ការ​ត្រួតពិនិត្យ​របស់​កាំកុងត្រូល ការ​លួច​រត់ពន្ធ​ដែកថែប និង​កិច្ច​សម្រួល​ដល់​សមភាព​ក្នុង​ការ​ប្រកប​ធុរកិច្ច ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​បាន​កាន់តែ​ច្រើន​ជាដើម ។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ថ្លែង​ថា ៖ « លោក​រីករាយ និង​ស្វាគមន៍ ដែល​ក្រុមហ៊ុន​ជប៉ុន​មាន​ចំណាប់អារម្មណ៍​ច្រើន​មក​លើ​កម្ពុជា ព្រមទាំង​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) និង​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ (FDI) » ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ការងារ​ដែល​ត្រូវធ្វើ​បន្ត​ទៅ​មុខ​ទៀត​រវាង​កម្ពុជា​-​ជប៉ុន ដូច​ជា​ការ​ហោះហើរ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន All Nippon Airways (ANA) មក​កម្ពុជា ដែល​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​បង្ហាញ​កម្ពុជា​ទៅ​ក្រុមហ៊ុន​ជប៉ុន​បន្ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ ការ​រៀបចំ​សួន​បច្ចេកវិទ្យា (Techno-Park) នៅ​ទីក្រុង​ប៉ោយ​បែ​ត និង​ការ​បង្កើត​រោងចក្រ Toyota ក្រោម​គំនិត​ផ្តួចផ្ដើម Thai-plus-One  អាច​បង្កើត​ឲ្យ​មានការ​ងារ​ច្រើន ព្រមទាំង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ថ្មី​មក​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា»។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​ច្បាប់​ថ្មី​ៗ​ដូច​ជា ច្បាប់​លើ​ការ​ប្រកួតប្រជែង​សុវត្ថិភាព​ចំណីអាហារ និង​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ដំណោះស្រាយ​រួច​ជា​ស្រេច​ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​បាន​លើក​ឡើង​។ បច្ចុប្បន្ន​នេះ ក្រសួងពាណិជ្ជកម្ម ក៏​កំពុង​ត្រៀម​រៀបចំ​ត​ភ្ជាប់​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជាមួយ​ប្រព័ន្ធ​ពន្ធដារ​ដើម្បី​សម្រួល​ដល់​ការប្រមូល​ពន្ធ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម បង្ហាញ​ថា ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០១០​មាន​ចំនួន​១៩, ឆ្នាំ​២០១១ មាន​ចំនួន​៨៦, ឆ្នាំ​២០១២ មាន​ចំនួន​១៧៩, ឆ្នាំ​២០១៣ មាន​ចំនួន​១៩៥, ឆ្នាំ​២០១៤​មាន​ចំនួន​២៤៦ និង​ឆ្នាំ​២០១៥​មាន​ចំនួន​២៥០​ក្រុមហ៊ុន កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នានា​ដែល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣, ប្រទេស​កូរ៉េ​ខាងត្បូង​ចំណាត់ថ្នាក់​លេខ​២ មាន​ចំនួន​២៧៨​ក្រុមហ៊ុន និង​ចិន​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​ចំនួន​១.០៥៥​ក្រុមហ៊ុន​បាន​ចុះ​ក្នុង​បញ្ជី​ក្រសួងពាណិជ្ជកម្ម ៕