ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC គ្រោង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​នៅ​ត្រីមាស​ទី​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​ហៅ​កាត់​ថា (NBC) គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦​នេះ ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​ហៅ​កាត់​ថា (NBC) គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ និង​ប័ណ្ណ​ទូទាត់​នៅ​កម្ពុជា ផ្អែក​តាម​ចំណេះដឹង និង​បទ​ពិសោធន៍​របស់​ប្រទេស​កូរ៉េ នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា នៅ​សណ្ឋាគារ​សាន់​វ៉េ លោកស្រី គាំ គ​ណ្ឋា អគ្គ​នាយិកា​រង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ធនាគារកណ្តាល​កូរ៉េ លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​នៅ​កម្ពុជា​មក ធនាគារជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​នេះ​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦​នេះ​។ គម្រោង​ទាំងនេះ​មាន​ដូច​ជា ៖

១- Real  Time Fund Transfer System 
២- Mobile Banking System
៣- Shared ATM System
៤- Shared POS System

គម្រោង​ទាំងនេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បង្កើត​ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​ការ​កសាង​សមត្ថភាព ។

លោកស្រី​បញ្ជាក់​ថា ៖ « សិក្ខាសាលា​ថ្ងៃនេះ មាន​សារ​ប្រយោជន៍​ណាស់​សម្រាប់​មន្ត្រី​ធនាគារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​រួមចំណែក​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ទូទាត់​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​អតិថិជន » ។

លោកស្រី​ក៏​បាន​លើក​ឡើង​ថា ៖ « បច្ចុប្បន្ន​ប្រព័ន្ធ​ទូទាត់​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស ការ​ទូទាត់​ជា​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជួយ​ជំរុញ​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ » ។

លោកស្រី​គូសបញ្ជាក់​ថា ៖ « ការ​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ការ​រីក​ចម្រើន​នៃ បច្ចេកវិទ្យា បាន​ជំរុញ​និង​ផ្តល់​ឱកាស​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ដាក់​ប្រើប្រាស់​សេវា និង​ឧបករណ៍​ទូទាត់​ថ្មី​ៗ​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ធនាគារ និង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អេ​ឡិច​ត្រូ​និក » ។

លោកស្រី​អគ្គ​នាយិកា​រង​ប​ច្ចេស​ទេស​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ៖ « គិត​ត្រឹម​ឆ្នាំ​២០១៥ គ្រឹះស្ថាន​ធនាគារជាតិ​បាន​ចេញ​ប័ណ្ណឥណទាន​ចំនួន​៣៨.៥១០ ប័ណ្ណ​ឥណ​ពន្ធ​ចំនួន​១.៤៣៥.៣៩៥ ព្រមទាំង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ចំនួន​១.០៨១ និង​ម៉ាស៊ីន POS ចំនួន​៦.០៦០ ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិ​ជន​ក្នុង​ការ​ដក និង​ដាក់​សាច់ប្រាក់ ទូទាត់​វិក្កយបត្រ និង​ទូទាត់​ការ​ទិញ​ទំនិញ ជាដើម ។ ក្រៅពី​នេះ ក៏​មាន​គ្រឹះស្ថាន​ធនាគារ​មួយ​ចំនួន​បាន​ផ្តល់​សេវា Internet Banking និង​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ផង​ដែរ ដែល​ផ្តល់​ជម្រើស​កាន់តែ​ច្រើន និង​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ទូទាត់ » ។

លោក ម៉ី វ៉ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួលស្គាល់​ថា ៖ « ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន និង​បាន​និង​កំពុង​តែ​ដើរតួ​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក » ។

លោក​បន្ត​ថា ៖ « ដោយសារ​តែ​មានការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក  រាជរដ្ឋាភិបាល​បាន​កំពុង​តែ​រៀបចំ​ធ្វើ​បច្ចុប្បន្ន​កម្ម​ឯកសារ​យុទ្ធសាស្ត្រ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា » ។

លោក​បញ្ជាក់​ថា ៖ « ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​គោលនយោបាយ​ដើម្បី បន្ត​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ រួម​មាន ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​បទ​ប្ប​ញ្ញ​តិ្ត​ដែល​ពាក់ព័ន្ធ និង​សេវា​ទូទាត់ ការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​ការ​ទូទាត់​ផង​ដែរ ។ ដូច្នេះ ការ​ឆ្លុះ​បញ្ចាំង​តាម​បរិបទ​នេះ ប្រធានបទ​នៃ​សិក្ខាសាលា​នា​ថ្ងៃនេះ ពិតជា​មាន​សារសំខាន់ និង​ចំ​ពេល​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​ប្រពន្ធ​ធនាគារ​។ ជាង​នេះ​ទៅ​ទៀត វា​នឹង​ផ្តល់​ជា​បទ​ពិសោធន៍​ថ្មី​ៗ​ដល់​សិក្ខាកាម​ដែល​ចូលរួម​ផង​ដែរ » ។

លោក HONG PHIL IAE នាយករង​ប្រតិបត្តិ​ក្រុមហ៊ុន​ប័ណ្ណ​ទូទាត់ HANA បាន​លើក​ឡើង​ថា ៖ « សិក្ខាសាលា​នា​ពេល​នេះ ពិតជា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ និង​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​មាន​ប្រសិទ្ធភាព​ខ្ពស់ » ៕