ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពេជ្រ សីហា និង​សរ រាជសីហ៍ មានសំណាង​បាន​ឡើងទៅ​វគ្គ​បន្ត​ឬ​អត់ ពេល​ជួប​កីឡាករ​ឡាវ​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នៅ​សល់​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នៅ​សល់​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ ។ ចំណែក​សមាសភាព​គូប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ មេ​សា ស​ប្តា​ហ៍​នេះ ​តម្រូវ​ទៅ​លើ​កីឡាករ ពេជ្រ សីហា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ធុ​ត​ស៍​ភុ​ន ស  សុ​ម៉ា​លី ខណៈ​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ នំ​ធីប សរ​.​រុង​រ៉ា​វី ។

ការ​ប្រកួត​លើក​នេះ​គឺ​សំខាន់​បំផុត​សម្រាប់​កីឡាករ​កម្ពុជា ព្រោះ​ជា​ការ​ប្រកួត​កំណត់​វាសនា​ឡើង​ទៅ​វគ្គ​បន្ត ។ ពេជ្រ សីហា និង​សរ រាជសីហ៍ ប្រកួត​បាន​២​លើក​ម្នាក់​រួច​មក​ហើយ ក្នុង​នោះ​ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត​ដូច​គ្នា​។ ដូច្នេះ​ពួក​គេ​ទាំង​២​សង្ឃឹមលើ​លទ្ធផល​ការ​ប្រកួត​លើក​នេះ បើសិនជា​ឈ្នះ​ទើបបាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​។

ពេជ្រ សីហា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី លើក​នេះ ប្រហែលជា​ពិបាក​បន្តិច​ហើយ ព្រោះ​កីឡាករ​ឡាវ​រូប​នេះ មាន​សមត្ថភាព​មិនធម្មតា​ទេ​។ ជាក់ស្ដែង​ប្រកួត​២​លើក​កន្លង​មក​គេ​ឈ្នះ​ទាំង​២​លើក​ជាប់​គ្នា​។ ម្យ៉ាង បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​កម្លាំង​ស៊ុ​ហ្វ និង​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​វិញ​នោះ គឺ​ពេជ្រ សីហា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​គេ​អាច​ជួប​រឿង​មិនល្អ​ច្រើន​ជាង ។ ប៉ុន្តែ​សម្រាប់​ពេជ្រ សីហា ខ្លួនឯង​គេ​នៅ​តែ​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​យកឈ្នះ​ដើម្បី​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។

ចំណែក​សរ រាជសីហ៍ ប្រហែលជា​មាន​ជំនឿ​ចិត្តច្រើន​ជាង ថ្វី​ដ្បិតតែ​គេ​ចាញ់់​១​កួត​ពិតមែន តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ប្រហែលជា​គ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​គូប្រកួត​របស់​គេ​មិនមែន​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ទប់ទល់​នោះ​ទេ ។ នំ​ធីប ស​.​រុង​រ៉ា​វី ប្រកួត​បាន​២​លើក​ចាញ់​ទាំង​២​លើក​ដូច្នេះ​ការ​ប្រកួត​លើក​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ពី​ព្រោះ​បើ​ទោះជា​ឈ្នះ​ក៏​គ្មាន​ឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ដែរ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក មាស សុខ​គ្រី ដែល​ជា​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ម្នាក់​រួច​មក​ហើយ ដែល​មានសំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ឯ​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ត្រូវ​ហាល​ខោ​បាត់​។ នៅ​ពេល​នេះ​មាន​តែ​ពេជ្រ សីហា និង​សរ រាជសីហ៍​ប៉ុណ្ណោះ​ដែល​កំពុង​តែ​ស្វែងរក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។

ចំណែក​គូប្រកួត​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​នេះ មាន​កីឡាករ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ វៀង សា​វ៉​ន មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕