ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន ប្រាប់​ពី​ចំណុចខ្សោយ​របស់​ស៊ន សៀវ​ម៉ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​រង្វាន់​ជិត​១០០​លាន​រៀល​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៦ មេ​សា ម្សិលម្ង៉ៃ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​នៅ​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រគល់​រង្វាន់​ជិត​១០០​លាន​រៀល​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៦ មេ​សា ម្សិលម៉ិញ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​នៅ​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន ថា លោក​មានការ​បារម្ភ​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ចំណុចខ្សោយ​ធំ​មួយ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ។ នេះ​ជា​ក្ដី​បារម្ភ​របស់​លោក ក៏​ដូច​ជា​របស់​មន្ត្រី​ទាំងអស់​ទៅ​លើ​លទ្ធភាព​របស់​នាង​ក្នុង​នាម​ជា​អ្នកតំណាង​របស់​កម្ពុជា​ចេញ​ទៅ​ប្រកួត​អូ​ឡាំពិ​ក​​នៅ​ប្រទេស​ប្រេ​ស៊ី​ល នា​ពេល​ខាង​មុខ ។

លោក វ៉ា​ត់ ចំរើន បាន​ថ្លែង​បញ្ជាក់​ថា បើ​និយាយ​ពី​បច្ចេកទេស កីឡាការិនី ស៊ន សៀវ​ម៉ី មាន​ចំណុច​មិន​អន់​ជាង​កីឡាការិនី​បរទេស​នោះ​ទេ សូ​ម្បី​តែ​កម្ពស់​ក​ម្ព និង​មាឌ​របស់​នាង​ក៏​មាន​ភាព​អំណោយផល​ប្រហាក់ប្រហែល​នឹង​ជើង​ខ្លាំង​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​នោះ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុចខ្សោយ​ដែល​លោក​ព្រួយបារម្ភ​គឺ​ពាក់ព័ន្ធ​នឹង​កម្លាំង​កាយ​​របស់​នាង​ដែល​លោក​បញ្ជាក់​ថា បើ​គ្មាន​ការ​បំប៉ន​ឲ្យ​ពេញកម្លាំង​ក្នុង​ពេល​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ គឺ​ពិតជា​ពិបាក​ទប់​ជាមួយ​កីឡាករ​មក​ពី​ទ្វីបអាមេរិក និង​អឺរ៉ុប​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​មិន​ខាន ។ លោក​និយាយ​ថា​៖ «​បើ​ទោះជា​សៀវ​ម៉ី ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ក្នុង​ពេល​ដ៏​ខ្លី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មើលឃើញ​ថា​គាត់​នៅ​ខ្សោយ​កម្លាំងកាយ​ខ្លាំង​មែនទែន បើ​ធៀប​នឹង​កីឡាករ​បរទេស​ដែល​ខ្ពស់ ហើយ​មាឌធំ​ៗ​ដូច​គ្នា​!» ។ លោក​ថា ស៊ន សៀវ​ម៉ី ដាច់ខាត​ត្រូវ​តែ​មាន​គ្រូ​ជំនាញ​មួយ​រូប​ជួយ​បង្រៀន​ឲ្យ​នាង​ចេះ​ប្រមូល​កម្លាំង ដែល​លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ខែ​ដែល​នាង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មិន​អាច​ជួយ​ឲ្យ​នាង​ក្លាយជា​មនុស្ស​ដែល​ខ្លាំង​ពេញ​ដោយ​កម្លាំង​បាន​ដែរ ប្រសិនបើ​នាង​មិន​បាន​ទទួល​ការ​បង្វឹក​ពី​គ្រូ​ជំនាញ និង​ទទួល​បាន​របប​អាហារ​ត្រឹមត្រូវ ។

លោក​និយាយ​ថា​៖«​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្លាំងកាយ​នេះ ក៏​វា​ទាក់ទង​នឹង​កម្លាំងចិត្ត​របស់​គាត់​ផង​ដែរ អ​ញ្ចឹ​ង​ដើម្បី​ឲ្យ​គាត់​ល្អ​សម​នឹង​បច្ចេកទេស​របស់​គាត់ គឺ​លុះត្រា​កូរ៉េ​ជួយ​ផ្ដល់​គ្រូបង្វឹក​ដែល​មាន​ជំនាញ​មែនទែន​ក្នុង​ពេល​គាត់​ទៅ​ហ្វឹកហាត់ ដើម្បី​ឲ្យ​គាត់​បាន​យល់​ដឹង​តាំងពី​របប​អាហារ តាំងពី​ការ​ទទួលទានដំណេក និង​ការ​ប្រមូល​កម្លាំង​តែ​ម្ដង​។ បើ​មិន​ដូច្នេះ​ទេ គាត់​ពិតជា​ពិបាក​ដណ្ដើម​បាន​មេដាយ​ណាស់ ដោយសារ​តែ​កីឡាការិនី​អូ​ឡាំ​ពិ​ក​ភាគច្រើន​សុទ្ធតែ​មាន​សមត្ថភាព​ខ្ពស់​កម្រិត​ពិភពលោក​ហើយ​មក​ពី​ទ្វីបអាមេរិក និង​អឺរ៉ុប ដែល​មាន​បច្ចេកទេស​ប្រើ​កម្លាំង និង​បច្ចេកទេស​ខ្ពស់​ជាង​កីឡាការិនី​នៅ​អាស៊ី​ដែល​សៀវ​ម៉ី​ធ្លាប់​ជួប​!» ។ ការ​លើក​ឡើង​របស់​លោក​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុច​​ខ្វះខាត​របស់​កីឡាការិនី​ជើង​ខ្លាំង​ស៊ន សៀវ​ម៉ី ដែល​ពី​មុន​គឺ​មាន​មនុស្ស​តិច​បំផុត​ដែល​បានដឹង ។ លោក​ថា សៀវ​ម៉ី នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី​១៦ ឧសភា និង​គ្រោង​ត្រឡប់​មក​វិញ​នៅ​ពាក់កណ្ដាល​ឬ​ចុងខែ​កក្កដា រួច​ត្រៀមខ្លួន​ចេញ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​តែ​ម្ដង​ដើម្បី​បើក​ឆាក​ប្រកួត​នៅ​អំឡុង​ខែកញ្ញា ខាង​មុខ ។

ស៊ន សៀវ​ម៉ី បាន​អះអាង​ថា ផលវិបាក​ដែល​នាង​តែង​ប្រឈម​ក្នុង​ពេល​ចេញ​ប្រកួត​គឺ​របប​អាហារ​និង​ការ​ទទួលទានដំណេក​ដែល​នាង​រមែង​គេង​មិនសូវ​លក់ ។ នាង​និយាយ​ថា​៖«​សម្រាប់​ខ្ញុំ ការ​លើកទឹកចិត្ត​កន្លង​មក​របស់​ក្រសួង ក៏​ដូច​ជា​រាជរដ្ឋាភិបាល គឺ​ខ្ញុំ​គិត​ថា គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ភាគច្រើន​ខ្ញុំ​អត់​សូវ​ចេះ​ញ៉ាំ​អាហារ​គេ ។ ជាក់ស្ដែង ដូច​ជា​កាល​ប្រកួត​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​គឺ ខ្ញុំ​ហូប​បាន​តែ​មី​កញ្ចប់ និង​ត្រីងៀត​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​បញ្ហា​កម្លាំង​ខ្ញុំ​មិន​ដល់​គេ​គឺជា​ផល​ប៉ះពាល់​មួយ​ដែរ​!» ។ នាង​ថា ថវិកា​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នោះ គឺ​នាង​ប្រើ​សម្រាប់​ដោះស្រាយ​តម្រូវការ​ជីវភាព​គ្រួសារ​ដោយ​មិន​យក​ថវិកា​ទាំងនោះ​ទៅ​ចាយវាយ​តាម​បំណង​ផ្ទាល់ខ្លួន​នោះ​ឡើយ​។ នាង​និយាយ​ថា នាង​នឹង​យក​តែ​ចំណែក​តូច​មួយ​នៃ​ថវិកា​ដែល​ទទួល​បាន​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​ឱ្យ​ម្ដាយ​និង​ក្រុម​គ្រួសារ​នាង​ជា​អ្នក​ចាត់ចែង​ទាំងអស់ ដោយ​នាង​មិន​ទាមទារ​នោះ​ទេ ដោយសារ​តែ​នាង​ក៏​ជា​បង្គោលគ្រួសារ​មួយ​រូប​ដែរ ។ នាង​ថា រូប​នាង និង​គ្រូបង្វឹក​បាន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ពាក់​កណ្ដាលខែ​ក្រោយ និង​ត្រៀម​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រោយ​ពេល​បញ្ចប់​ការ​ហ្វឹកហាត់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​កាលពី​ម្សិល​ម៉ិញ​នោះ គឺ​នាង​ទទួល​បាន​ថវិកា​សរុប​ចំនួន​៩៣​លាន​រៀល ដោយ​៨០​លាន​រៀល​ជា​ប្រាក់​រង្វាន់​សម្រាប់​មេដាយ​មាស​ដែល​នាង​ទទួល​បាន​ពី​ការ​ប្រកួត​ជម្រុះ​ទៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​សម្រាប់​ទ្វីបអាស៊ី និង​ចំនួន​១៣​លាន​រៀល​សម្រាប់​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី ។ ក្នុង​នោះ​លោក ឆ​យ យ៉ុ​ង​សុក ជា​គ្រូបង្វឹក​ក៏​ទទួល​បាន​ចំនួន​៩៣​លាន​រៀល​ដូច​គ្នា ខណៈ​ដែល​កីឡាការិនី​ឈឿ​ង ពុទ្ធា​រី ដែល​ទៅ​ប្រកួត​ជាមួយ សៀវ​ម៉ី នៅ​ហ្វី​លី​ពី​ន​ដែរ ទទួល​បាន​១១​លាន​រៀល ៕