ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ម៉ា​កាវ​សម្លឹង​ឃើញ​ឪ​កាស​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​គោលនយោបាយ​បើកចំហ​ជើងមេឃ ព្រមទាំង​លក្ខខណ្ឌ​នៃ​ច្បាប់​វិនិយោគ​អំណោយផល​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​កំពុង​សម្លឹង​ឃើញ

រាជធានី​ភ្នំពេញ ៖ ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​គោលនយោបាយ​បើកចំហ​ជើងមេឃ ព្រមទាំង​លក្ខខណ្ឌ​នៃ​ច្បាប់​វិនិយោគ​អំណោយផល​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​កំពុង​សម្លឹង​ឃើញ​ឱកាស​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា កន្លង​មក ប្រតិភូ​សមាគម​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ឈ្មោះ​ថា «Long Wun Natives Association of Macau» ដែល​ដឹកនាំ​ដោយ​លោក ស៊ូ ម៉​ង ស៊ូ (  Xuqmg Shui) ប្រធាន​សមាគម​បាន​មក​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ដូច​ជា ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​សំណង់ ។

គណៈប្រតិភូ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជា វុ​ទ្ធី ប្រធាន​គណៈកម្មការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC ដើម្បី​ពិភាក្សា​ពី​ឱកាស​វិនិយោគ ក៏​ដូច​ជា​លក្ខខណ្ឌ​ផ្សេង​ៗ​មុន​នឹង​មក​វិនិយោគ​នៅ​ពេល​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ជំនួប​នោះ លោក ជា វុ​ទ្ធី បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ត្រូវការ​អ្នក​វិនិយោគ ព្រមទាំង​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ច្បាប់ និង​លក្ខខណ្ឌ​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​ថា តើ​មុន​នឹង​អាច​មក​វិនិយោគ​នៅ​កម្ពុជា ត្រូវ​បំពេញបែបបទ និង​លក្ខខណ្ឌ​អ្វីខ្លះ​ទើប​អាច​វិនិយោគ​បាន ?

លោក ស៊ូ ម៉​ង ស៊ូ ប្រធាន​សមាគម បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​មក​នា​ពេល​នេះ​ជា​ជំហាន​ដំបូង​ដើម្បី​សិក្សា​ពី​ឱកាស និង​សក្តានុពល ក៏​ដូច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ឈាន​ទៅ​ដល់​ការ​វិនិយោគ​ពិតប្រាកដ និង​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​អនាគត ។

លោក​ប្រធាន​បាន​បញ្ជាក់​ថា ៖ « វិស័យ​ដែល​យើង​មើលឃើញ និង​អាច​ឈាន​ទៅ​ដល់​ការ​វិនិយោគ​នោះ គឺ​ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម ទេសចរណ៍ វិស័យ​សំណង់​(​សាងសង់​លំនៅ​ឋាន​ខុន​ដូ ។​ល​។​)​។ ចំណែក​តំបន់​ដែល​គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ទាំង​អស់នេះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង ក្រុងព្រះសីហនុ » ។ 

លោក​បញ្ជាក់​បន្ត​ថា ៖ «​មូលហេតុ​ដែល​យើង​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​តែ​មើលឃើញ​ថា នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​កម្ពុជា​គឺជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​លឿន​បំផុត ហើយ​មាន​សន្តិភាព និង​ស្ថិរភាព ទៀត​ផង ។

យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​តែ​មាន​ភាពរឹងមាំ គឺ​ក្នុង​កម្រិត​៧,០​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ដែល​កំណើន​នេះ​នាំមុខ​ដោយ​វិស័យ​កាត់ដេរ និង​សំណង់ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​រំពឹង​ថា មាន​កម្រិត​ប្រហែល ៦,៩​ភាគរយ ដែល​ធ្វើ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​មាន​កំណើន​លឿន​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា ៕