ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ខណ្ឌ​ដូនពេញ​ចុះបិទ​ផ្ទះ​លក់​បាយ និង​​​រៀបចំសណ្តាប់ធ្នាប់​​​​ផ្លូវ​​ចូលទៅ​កាន់​ខុទ្ទកាល័យ​នាយក​​រដ្ឋ​មន្ត្រី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​​ចម្រុះ​ខណ្ឌ​​​ដូនពេញ​មាន​នគរបាល​​ ប៉េអឹម ​និង​កម្លាំង សណ្តាប់ធ្នាប់ ​ដឹកនាំ​ដោយ​​លោក​​សុខ សម្បត្តិ ​អភិបាល​​​ខណ្ឌ ​​លោក​​​ឈឹម ឌីណា នាយករដ្ឋ​​​បាល​ខណ្ឌ​ដូនពេញ បានចុះរៀប​ចំ​សណ្តាប់ធ្នាប់​ និងបិទ​ផ្ទះ​​លក់បាយ​នៅ​ចំណុច​​ផ្លូវ​លេខ​​២៦៤ ជា​ផ្លូវ​ចូលទៅកាន់​​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី កែង​នឹង​​ផ្លូវ​លេខ​១៩ ​ជាប់ខាង​ត្បូង​របង​វត្ត​​បទុមវតី​កែង​​វិថី​​ព្រះ​សុរាម្រឹត និង​ផ្លូវ​​​១៩ សង្កាត់​ចតុ​មុខ កាលពី​វេលាម៉ោង​​១០​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​៣១ មីនា ​២០១១ ។​

​ការរៀបចំ​​​សណ្តាប់ធ្នាប់​​នៅចំណុច​ខាងលើ​​យ៉ាង​​ប្រញាប់​​ប្រញាល់​នេះ ​តាមប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​មាន​​បទ​បញ្ជា​​​ពីថ្នាក់​​​ណា​មួយ​​ ព្រោះ​កន្លង​មក​​សាលា​ខណ្ឌ​ដូន​ពេញ​​តែង​តែ​ណែនាំ​ដល់​ម្ចាស់​ផ្ទះ​លក់ទំនិញ​​ និង​លក់បាយជាប់​​របង​វត្ត​​​បទុមវតី​ជា​ច្រើន​​លើក​​មក​ហើយ ​ជាពិសេស​​វា​បានប៉ះ​​ពាល់ដល់​ការ​ចេញ​-​ចូល​ទៅ​ខុទ្ទ​កាល័យ​សម្តេច​តេជោហ៊ុន សែន ​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ដែរ ​សាលា​ខណ្ឌ​ដូនពេញ​​ក៏​ដូចជា​សាលា​រាជ​ធានី​ភ្នំពេញ ​បានណែនាំ​​ដល់​ម្ចាស់​ផ្ទះលក់​សម្ភារ​ចាប់​ពី​​​កែង​ផ្លូវ​លេខ​​​១៩ និង​​វិថី​​ព្រះ​សុរា​ម្រឹត ឱ្យ​បញ្ឈប់​​ធ្វើ​អាជីវ​កម្ម​​ផង​ដែរ ។​

លោក​អភិបាល​​ខណ្ឌ​ដូនពេញ​បានបញ្ជាក់​ថា ផ្ទះលក់បាយ​​ចាប់​ពីកែង​ផ្លូវ​​លេខ​១៩ រហូត​ដល់​​កែងវិថី​​​ព្រះ​សុរាម្រឹត ត្រូវបិទ​​ជា​ស្ថាពរ​​ចាប់ពីថ្ងៃ​នេះ​ទៅ ​សូម្បី​​តែហាង​​​​ខោអាវ​​នៅមុខផ្ទះ និង​ជាន់​​លើ​ក៏ហាម​ឃាត់ដែរ ។ ​ដោយឡែក​នៅ​ចំណុច​​​ខា​ងត្បូង​ជាប់របង​​​វត្ត​បទុមវតី​​​ផ្លូវ​​លេខ​២៦៤ ចូល​ទៅកាន់​ខុទ្ទកាល័យ​សម្តេច​តេជោ​ហ៊ុន សែន កែង​នឹង​​ផ្លូវ​លេខ​​១៩ ​​ត្រូវ​បាន​​ណែនាំ​ឱ្យ​​​រុះរើ​​​សំយាប​ចេញ​ និងហាម​​លក់អីវ៉ាន់​លើ​ចិញ្ចើម​​ផ្លូវ ។ ការ​អនុវត្ត​​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​​​​នៅ​ចំណុច​​​ខាងលើ​​នេះ​ត្រូវ​ធ្វើ​ជា​ប្រចាំ ៕​