ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​រាត្រី​ស្រវឹង​រង​ការ​ចោទ​ប្រកាន់​ថា​គប់​កញ្ចក់​ឡាន និង​វាយ​ម្ចាស់​បែក​ក្បាល

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ប៉ូលិស​រាត្រី​ក្រុង​តាខ្មៅ​ម្នាក់​​បាន​រង​ការ​ចោទ​ប្រកាន់​ថា ពេល​ស្រវឹង​ស្រា​​គប់​កញ្ចក់​រថយន្ត​គេ​បែក​ ហើយ​នាំ​គូកន​ព្រួត​វាយ​​ម្ចាស់​រថយន្ត​បែក​ក្បាល​ មិន​តែ​ប៉ុណ្ណោះ​បាន​ដក​ហូត​កាបូប​លុយ និង​ទូរ​ស័ព្ទ​​ពី​ជន​រង​គ្រោះ​ទៀត​កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ ​ថ្ងៃ​ទី​៣ មីនា នៅ​​លើ​ផ្លូវ​លេខ​២០១ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ។ ជន​រង​គ្រោះ​ឈ្មោះ​ឆិល ចាន់​ថុល ភេទ​ប្រុស អាយុ​២៧​​ឆ្នាំ រស់​នៅ​ភូមិ​តាក្តុល សង្កាត់​តាក្តុល ក្រុង​តាខ្មៅ ​ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​បាន​រង​របួស​ក្បាល ​ហើយ​ត្រូវ​​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តាខ្មៅ ដេរ​​របួស​ចំនួន​១២​ថ្នេរ។ ចំណែក​មន្ត្រី​ប៉ូលិស​ដែល​រង​ការ​ចោទ​ប្រកាន់​​នោះ​​ឈ្មោះ​ងួន សុខ ​អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​រាត្រី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ជន​រង​គ្រោះ​​រៀប​រាប់​ឱ្យ​ដឹង​ថា ​រូប​គេ​បាន​បើក​​រថយន្ត​​ដឹក​ទំនិញម៉ាក​ហ៊ី​យ៉ាន់​ដាយ ទម្ងន់​២,៥​តោន​ ពណ៌ស ពីផ្ទះ​នៅ​ភូមិតា​ក្តុល សង្កាត់​​តា​ក្តុល តាមផ្លូវ​លេខ​២០១ ​លុះ​ដល់ម្តុំ​រោង​ចក្រ​​យ៉ុង​វ៉ាចាស់ ​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ​បាន​ចត​​​រថ​យន្ត​​​នៅ​ខាងស្តាំ​ដៃ ដើម្បី​ទិញ​កាត​ទូរ​ស័ព្ទ។ ​បន្ទាប់​ពី​គេ​ចុះ​ពីរថយន្ត​ដើ​រ​ចេញ​បាន​បន្តិច ស្រាប់​តែ​​ត្រូវ​ប៉ូលិស​ឈ្មោះ​ងួន សុខ ​ជិះ​ម៉ូតូ​​ទៅ​ដល់​ ហើយស្រែក​សួរ​រក​ម្ចាស់​រថយន្ត ​​ខណៈ​រូប​គេ​នៅ​ខាង​ក្រោយ​​រថយន្ត។ ​ប៉ូលិស​​នោះ​យកដៃ​វាយកញ្ចក់​រថ​យន្ត និង​យកដុំ​ថ្ម​គប់​​បែកកញ្ចក់​ផ្នែក​ខាង​មុខ ​រួច​ជិះ​ម៉ូតូ​ចេញទៅ​ឈប់​នៅ​ផ្ទះ​លក់​ចាប់​ហួយ​​មួយ​ចំងាយ​ពី​រថយន្ត​​ប្រហែល​​ជាង​៥០​ម៉ែត្រ។

ជន​រងគ្រោះ​​ឱ្យដឹង​ទៀត​ថា ​ពេល​​គេ​ទៅ​សួរ​នាំ​រក​ខុស​រក​ត្រូវ​ ​ស្រាប់​តែ​ត្រូវ​ប៉ូលិស​នោះ​​ដែល​កំពុង​ផឹក​ស្រា​ថ្នាំ​ជាមួយ​បក្សពួក​៣នាក់​ទៀត​​ព្រួត​​វាយ​រូប​គេ។ មិន​តែ​ប៉ុណ្ណោះ​​​ឈ្មោះ​ងួន​ សុខ ​យក​ប្រដាប់​​ចូក​សំរាមធ្វើអំពី​ដែក​​វាយ​ចំក្បាល​​រូប​គេ​បណ្តាល​​បែក​ហូរ​ឈាម ។ ក្រៅ​ពី​បង្ក​របួស ​ឈ្មោះ​ងួន សុខ​​ បាន​ឆែក​ឆេរ​ក្នុង​ហោ​ប៉ៅ​​របស់​គេ​យក​ទូរ​ស័ព្ទ​​ដៃ​​មួយ​គ្រឿង​ម៉ាក​ណូ​គៀ​X6 និង​យក​កាបូប​ដែល​​ក្នុង​នោះ​មាន​លុយ​ចំនួន​៣០០​ដុល្លារ​ ​ប័ណ្ណ​សំគាល់​រថ​យន្ត និង​ប័ណ្ណ​បើក​បរ​រថ​យន្ត​ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ​។ ចំណែក​​រូប​គេ​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​។

ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​​របស់​គេ​​បាន​ទៅ​សាក​សួរ​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​ស្គាល់​ថា ឈ្មោះ​ងួន សុខ​ ជា​មន្ត្រី​ប៉ូលិស​ក្រុង​តា​ខ្មៅ​ បំរើ​ការ​នៅ​​ផ្នែក​រាត្រី​(ប៉ូលិស​ល្បាត​ពេល​យប់​)។ រឿង​នេះ​រូប​គេ​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការ​ដ្ឋាន​ក្រុង​តា​ខ្មៅ​ ប៉ុន្តែ​ឈ្មោះ​ងួន សុខ​ ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ​។ ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​​នោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ មីនា យើង​មិន​អាច​​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពីមន្ត្រី​ប៉ូលិស​ឈ្មោះ​ងួន សុខ​ បាន​ឡើយ​។ ចំណែក​លោក​ ឱ ផាន់​ណា​ អធិការ​នគរ​បាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ​រឿង​នេះ​​ជា​រឿង​វាយ​ទៅ​វាយ​មក​ ខណៈ​អ្នក​ទាំង​២​ស្រវឹង​ស្រា​ដូច​គ្នា​។ រឿង​នេះ​លោក​កំពុង​ចាត់​ការ៕