ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ច​នៅ​ក្រៅប្រទេស​របស់​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​ជោគជ័យ​ធំធេង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត បុត្រា​ច្បង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​រវាង​ជាតិ​សាសន៍​ខ្មែរ​នៅ​ក្រៅប្រទេស ត្រូវ​គេ​ឃើញ​ថា​បាន​ទទួល​ការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត បុត្រា​ច្បង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​រវាង​ជាតិ​សាសន៍​ខ្មែរ​នៅ​ក្រៅប្រទេស ត្រូវ​គេ​ឃើញ​ថា​បាន​ទទួល​ការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​នៅ​ក្រៅប្រទេស​នោះ​បាន​ធ្វើការ​ប្រឆាំង​តវ៉ា​ក៏​ដោយ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ ឆ្លងកាត់​ទ្វីប​ចំនួន​៣​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង ដើម្បី​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ។ ក្នុង​ដំណើរ​ចុង​ក្រោយ​គឺ​បាន​បញ្ចប់​នៅ​សហរដ្ឋអាមេរិក និង​កា​ណា​ដា ផ្ទុយ​ពី​ការ​ផ្សាយ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​អាជ្ញាធរ​អា​មេ​រិ​ក​ឃាត់​សួរនាំ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រើ​អំពើ​ហិង្សា ឬ​ករណី​ចោទ​ដោយ​តុលាការ​ICC នោះ​ទេ ។

ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​៤​ក្នុង​ទ្វីបអឺរ៉ុប​ដើម្បី​ជួប​ប្រជាពលរដ្ឋ​ខ្មែរ រួម​មាន​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ ស្វ៊ី​ស និង​បែ​ល​ហ្ស៊ិ​ក លោក ហ៊ុន ម៉ា​ណែ​ត បាន​ទ​ទូល​ការ​ស្វាគមន៍​ពី​បងប្អូន​ខ្មែរ​ជា​ច្រើន​នាក់​នៅ​ទីនោះ ហើយ​លោក​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ និង​ស្ថានភាព​ពិត​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ដែល​មិនមែន​ជា​ស្ថានភាព​កម្ពុជា​តាម​សារព័ត៌មាន​នោះ​ទេ ។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​កាលពី​ចុងឆ្នាំ​២០១៥ លោក​ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន និង​ក្រោយមក​ក្នុង​ខែមេសា​ឆ្នាំ​២០១៦ ក៏​បន្តដំណើ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ជួប​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​។​បើ​ទោះបីជា​មានការ​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំងក្តី ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​មិន​អាច​កើត​មាន​ឡើង​ឡើយ ។ ដោយសារ​តែ​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​ភាព​សាមញ្ញ​របស់​លោក រឹតតែ​ញ៉ាំង​ឱ្យ​ក្រុម​បាតុករ​មក​ជួប​លោក ងាក​មក​ជួបជុំ​គ្នា​និង​ស្វែង​យល់​អំពី​ការ​ពិត​ដែល​កើត​មាន​ឡើង មិន​ដូច​អ្វី​ដែល​សារព័ត៌មាន​ផ្សព្វផ្សាយ​មិន​ពិត​នោះ​ទេ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សន្យា​ជួយ​បង្កើន​ពលករ​ឱ្យ​បាន​ច្រើន​ក្នុង​ឆ្នាំ​២០១៦​នេះ និង​សន្យា​សម្រាល​ភាព​លំបាក​របស់​ពលករ​ខ្មែរ បញ្ចប់​នូវ​បញ្ហា​មិន​ប្រក្រតី​នានា ពិសេស​មានការ​ផ្លាស់​ប្តូរ​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ថែម​ទៀត ។

នៅ​ខែមេសា​ដដែល ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជួបជុំ​ក្រុម​គ្រួសារ​នោះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​គេ​ឃើញ​ថា បាន​ដឹកនាំ​ក្រុមការងារ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ចំនួន​៣​រដ្ឋ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជាមួយ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស បើ​ទោះបីជា​ដឹង​ថា ក្រុម​បាតុករ​ជា​ច្រើន​បាន​ត្រៀម​ប្រឆាំង​រូប​លោក​ក្តី ។

រដ្ឋ​ទី​១ ដែល​លោក​ទៅ​ដល់​គឺ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា បើ​ទោះបីជា​ក្រុម​បាតុករ​បាន​ប្រើ​អំពើ​ហិង្សា ប៉ុន្តែ​លោក ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​បាន​ធ្វើ​ពិធី​ជួបជុំ​បងប្អូន​ខ្មែរ​ដោយ​ជោគជ័យ​និង​មាន​អ្នកចូលរួម​គាំទ្រ​លើស​ពី​ការ​គ្រោងទុក ។​លោក ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​រួម​ទាំង អ្នកចូលរួម​ទាំងអស់ បាន​រង​ការ​ប្រើ​ហិង្សា​របស់​បាតុករ​ដោយ​ការ​រ​ចោល​វត្ថុ​រឹង​ទៅ​លើ និង​រហូត ដល់​ប្រើ​ផ្សែង​ម្រេច​បាញ់​បង្ហូរទឹកភ្នែក ក៏​នៅ​តែ​អាច​ចូល​ទៅ​ជួប​បងប្អូន​ខ្មែរ និង​បាន​សំណេះសំណាល​លើក​ឡើង​នូវ​រឿងរ៉ាវ​ពិត​របស់​កម្ពុជា​ជូន​ដល់​បងប្អូន​ខ្មែរ​ដែល​ចូលរួម ស្តាប់ ។

នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា លោក ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ការ​ស្វាគមន៍​ពី​អាជ្ញាធរ​អា​មេ​រិ​ក​នៃ​សង្កាត់ Signal Hill ជុំវិញ​ការ​ធ្វើ​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទីក្រុង​ឡង​ប៊ី​ច រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ បើ​ទោះបីជា​មិន​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​ដើម្បី​កុំ​ឲ្យ​ខ្មែរ​មាន​ជម្លោះ​រវាង​ខ្មែរ​នឹង​ខ្មែរ​នោះ​ក្តី លោក​នៅ​បាន​ប្រគល់​សម្ភារ​សម្រាប់​ដង្ហែ​ក្បួន ដើម្បី​បង្ហាញ​អំពី​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​ក្នុង​ទឹកដី​អា​មេ​រិ​ក ពិសេស​គឺ​ការ​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍ ដែល​មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​នានា​ដូច​ជា ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ សភាពាណិជ្ជកម្ម និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត ។

នៅ​រដ្ឋ​ទី​២ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Washington State ជួប​បងប្អូន​ខ្មែរ​នៅ​Seattle និង​Tacoma ដែល​ភាគច្រើន​ជា​បងប្អូន​អ៊ិ​ស្លា​ម ។ ក្នុង​ពិធី​ជួបជុំ​ពិសារ​អាហារ​សាមគ្គី​ជាម​ហា​គ្រួសារ​ខ្មែរ​មួយ​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ការ​អភិវឌ្ឍ​នា​ពេល​ប​ច្ចប្ប​ន្ន ។

នា​ឱកាស​នោះ​ដែរ លោក​បាន​ជួប​ជាមួយ​តំណាង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៅ​ទីនោះ និង​អភិបាលក្រុង​Seattle ដែល​បាន​ជជែក​ច្រើន​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ទីក្រុង​ទាំង​២ និង​គ្រោង​ផ្សារ​ភ្ជាប់​ឱ្យ​ក្លាយជា​Sister City ថែម​ទៀត ។

រដ្ឋ​ទី​៣ គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​រដ្ឋ​តិច​សាស ដើម្បី​ជួប​ជាមួយ​បងប្អូន​ខ្មែរ ពិសេស​ជួប​ជាមួយ​ពាណិជ្ជករ​របស់​រដ្ឋ​តិច​សាស និង​អភិបាលក្រុង Houston​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណើរ​មក​ដល់​របស់​លោក ហ៊ុន ម៉ា​ណែ​ត ផង​ដែរ ។

ប្រតិភូ​របស់​លោក​បាន​វិល​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​២៥ មេ​សា ដោយ​មានការ​ធ្វើ​សន្និសីទកាសែត និង​មានការ​ទៅ​ទទួល​យ៉ាង​កុះករ​ផង​ដែរ ៕