ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​កើនឡើង​នៅ​ត្រីមាស​ទី​1​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ មាន​ចំនួន​១,៤២​លាន​តោន ស្មើនឹង​ទឹកប្រាក់​៥៧៧,២៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៥៧,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​គិត​ជា​តម្លៃ​កើនឡើង​៥១,១៦% ។

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ មាន​ចំនួន​១,៤២​លាន​តោន ស្មើនឹង​ទឹកប្រាក់​៥៧៧,២៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៥៧,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​គិត​ជា​តម្លៃ​កើនឡើង​៥១,១៦% ។ នេះ​បើ​តាម​សមាគម​ស្បៀងអាហារ​វៀតណាម​បានឱ្យ​ដឹង ។

កិច្ចសន្យា​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងឆ្នាំនេះ ជា​ពិសេស កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​វៀតណាម​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន តែ​ម្តង ។ លើស​ពី​នេះ​ទៀត គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​បាន​ជំរុញ​ដល់​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ដ៏​ខ្លាំង​របស់​វៀតណាម ។

ជាមួយ​គ្នា​នេះ បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺជា​អ្នកបញ្ជា​ទិញ​អង្ករ​នាំមុខ​គេ ដែល​មាន​អត្រា​៧៦,១២% បន្ទាប់​មក គឺ​សហរដ្ឋអាមេរិក មាន​អត្រា​១០,៩៤% និង​អាហ្វ្រិក​៩,៧៦% ។

វៀតណាម​បាន​នាំ​ចេញ​អង្ករ​ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់​អត្រា​២១,៩៦% និង​២១,៨៩% ដែល​នេះ​គួរតែ​អរគុណ​ដល់​តម្រូវការ​ខ្ពស់​ពី​ប្រទេស​គុយ​បា ឥណ្ឌូ​ណេ​ស៊ី អាហ្វ្រិក និង​ចិន។

យោង​តាម​សមាគម​ឲ្យ​ដឹង​ទៀត​ថា ចំនួន​នៃ​កិច្ចសន្យា​ដែល​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​២-៣​ខែ​ចុង​ក្រោយ​នេះ គឺ​មិន​រួម​បញ្ចូល​ជាមួយ​កិច្ចសន្យា​ថ្មី​ដែល​មាន​ចំណូល​ខ្ពស់ ពោល​គឺ​ប្រមាណ​១,៤​តោន​នៃ​អង្ករ​ដែល​ត្រូវ​នាំ​ចេញ​នោះ​ទេ ។

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជា​ពិសេស នៅ​ក្នុង​ខែមីនា​តែ​ម្តង ។ សរុប​មក ការ​នាំ​អង្ករ​ចេញ​របស់​វៀតណាម​មាន​តម្លៃ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ដែល​ធ្វើ​ឲ្យ​វៀតណាម​បាត់បង់​នូវ​អត្ថប្រយោជន៍ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​សកល ។

សមាគម​ស្បៀងអាហារ​វៀតណាម​មានការ​ព្រួយបារម្ភ​ថា ចិន​ប្រហែលជា​អាច​ផ្លាស់​ប្តូរ​គោលដៅ​របស់​ខ្លួន ហើយ​ងាក​ទៅ​ទិញ​អង្ករ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ជំនួស​ឲ្យ​ប្រទេស​វៀតណាម ដោយសារ​តែ​តម្លៃ​អង្ករ​របស់​វៀតណាម​បាន​ឡើងថ្លៃ ។ សមាគម​នេះ​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ នឹង​មាន​ចំនួន​៣,០១​លាន​តោន និង​កើនឡើង​១២% ៕