ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវប្រាំង​ឆ្នាំ​នេះ​ក្ដៅ​ខ្លាំង បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ច្រើន​កន្លែង

7 ឆ្នាំ មុន

មណ្ឌលគិរី ៖ ភ្លើង​ឆេះ​ព្រៃ​នា​រដូវប្រាំង​នេះ កំពុង​តែ​វាយប្រហារ​មក​លើ​បណ្តា​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់

មណ្ឌលគិរី ៖ ភ្លើង​ឆេះ​ព្រៃ​នា​រដូវប្រាំង​នេះ កំពុង​តែ​វាយប្រហារ​មក​លើ​បណ្តា​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ និង​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ដែល​កំពុង​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​នេះ​។ នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ ភ្លើងព្រៃ​ត្រូវ​គេ​រាយការណ៍​ថា កំពុង​តែ​ឆាបឆេះ វាយប្រហារ​ព្រៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ហើយ​ព្រៃ​ទាំងនេះ​ក៏​ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​សីមា​ផង​ដែរ​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ  បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ភ្លើង​បាន​បន្ត​ឆាបឆេះ​ខិត​ជិត មក​ស្នាក់​ការ​មេព្រៃ និង​ផ្ទះសំបែង​ពលរដ្ឋ​។ នា​ល្ងាច​ថ្ងៃ​សៅរ៍​ដដែល​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ផ្តល់​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ដើម្បី ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​សម្ដែង​ការ​ខកចិត្ត​ថា មិន​អាច​ពន្លត់​បាន​១០០%​ព្រោះ​ស្ថានភាព​ឆេះ​ស្ថិត​នៅ​លើ​កំពួ​ល​ភ្នំ គ្មាន​ផ្លូវ​ចូល​ទៅ​ដល់​។ ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​សីមា លោក មា​គ វុ​ឌ្ឍី ថ្លែង​ថា​ភ្លើងព្រៃ​បាន​ចាប់ផ្តើម​ឆេះ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ហើយ នឹង​បាន​រាលដាល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ និង​ពី​ខាងក្រោយ​ស្នាក់​ការ​អភិរក្ស និង​អធិការដ្ឋាន​នគរបាល ។

លោក​ថា​នេះ​ជា​ទម្លាប់​ភ្លើង​ឆេះ​ព្រៃ​ទៅ​ហើយ ដែល​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ តែ​ដោយឡែក​នា​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ភ្លើង​បាន​ឆេះ​រំកិល​កាន់តែ​មក​ជិត​ស្នាក់​ការ​មេព្រៃ និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ស្នើ​ទៅ​លោកស្នងការ​ខេត្ត​ដើម្បី សូម​ផ្តល់​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​។ សូម​ជម្រាប​ថា នៅ​ល្ងាច​ថ្ងៃ​២៣​មេ​សា​ដដែល រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បន្ត​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​រថយន្ត ហើយ​អាច​កាត់​បន្ថយ​កម្លាំង​ភ្លើង​មិន​ឲ្យ​ឆាបឆេះ រំកិល​ទៅ​ក្បែរ​ស្នាក់​ការ​មេព្រៃ និង​ផ្ទះ​ពលរដ្ឋ​បាន​មួយ​រយៈពេល ។ ទោះជា​យ៉ាងណា​ក៏​អ​ជ្ញា​ធរ​នូវ​តែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ព្រៃ និង​ទ្រព្យសម្បត្តិ ដែល​អាច​នឹង​ត្រូវ​ភ្លើងព្រៃ​ឆេះ​បាន​គ្រប់​នាទី​ប្រសិនបើ​មានការ​ធ្វេសប្រហែស​នោះ ហើយ​ខណៈ​ដែល​ខេត្ត​មួយ​នេះ កំពុង​ជូ​ប​គ្រោះ​រាំង​ស្ងួត​ផង​នោះ​។គួរ​បញ្ចា​ក់​ផង​ដែរ​ថា ខេត្តមណ្ឌលគិរី​នៅ​មិន​ទាន់​មាន​របាយការណ៍​អំពី​ករណី​ភ្លើង​ឆេះ​ព្រៃ បំផ្លាញ​អាយុ​ជិ​វិត និង​លំនៅ​ស្ថាន​ពលរដ្ឋ​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​ជូ​ប​គ្រោះ​រាំង​ស្ងួត​ដូច​គ្នា​នេះ​៕