ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​លី សៀវ​ម៉ី សន្សំ​បទ​ពិសោធន៍​ដើម្បី​បាន​តំណែង​តួឯក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទុយ​ពី​តារា​ថ្មី​ជា​ច្រើន​ទៀត កញ្ញា​មុខស្រស់​លី សៀវ​ម៉ី មិន​ចង់បាន​តំណែង​តួឯក​ខ្លាំង​ពេក​ទេ ។ ដោយ​ទើបតែ​ប្រឡូក​អាជីព​សិល្បៈ សៀវ​ម៉ី ឱ្យ​តែ​ទទួល​បានការ​ងារ​សិល្បៈ​ច្រើន​នាង​រីករាយ​ណាស់​ទៅ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ផ្ទុយ​ពី​តារា​ថ្មី​ជា​ច្រើន​ទៀត កញ្ញា​មុខស្រស់​លី សៀវ​ម៉ី មិន​ចង់បាន​តំណែង​តួឯក​ខ្លាំង​ពេក​ទេ ។ ដោយ​ទើបតែ​ប្រឡូក​អាជីព​សិល្បៈ សៀវ​ម៉ី ឱ្យ​តែ​ទទួល​បានការ​ងារ​សិល្បៈ​ច្រើន​នាង​រីករាយ​ណាស់​ទៅ​ហើយ។

កញ្ញា​លី សៀវ​ម៉ី ជាតា​រា​ថ្មី ប៉ុន្តែ​ទេព​កោសល្យ​សិល្បៈ​របស់​នាង​មិន​អន់​ទេ ។ នៅ​ក្នុង​ឱកាស​ថត​កម្មវិធី​សិល្បៈ​រៀបចំ​ដោយ​សមាគម​ទូរទស្សន៍​សម្រាប់​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ សៀវ​ម៉ី​រាំ​ពន់​ពេន​រស់​រវើក មិន​ចាញ់​តារា​រៀមច្បង​ឡើយ​។ ប្រសិនបើ​ម្ចាស់​ផលិតកម្ម​បានឃើញ​ច្បាស់​ជា​ពេញចិត្ត​ឱ្យ​សៀវ​ម៉ី​ចូលរួម​សម្តែង​មិន​ខាន ។

ទម្រង់​មុខ និង​រាងរៅ​របស់​កញ្ញា​លី សៀវ​ម៉ី មាន​អ្នកសិល្បៈ​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិនបើ​នាង​ខំប្រឹង​យូរ​បន្តិចទៀត​នឹង​មានឱកាស​ចាប់​បាន​តំណែង​តួឯក​ជាក់​ជា​មិន​ខាន ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា ស្ទើរតែ​គ្រប់​បណ្តា​ផលិតកម្ម​ចាប់ផ្តើម​ផ្តោត​យក​តារា​សម្តែង​ថ្មី​ដែល​មាន​ទេព​កោសល្យ​ឱ្យ​ចូលរួម​សម្តែង​ជា​ជាង​យក​តារា​សម្តែង​ជើង​ចាស់ ។

កញ្ញា​លី សៀវ​ម៉ី មានស្រុក​កំណើត​នៅ​ខេត្តកោះកុង​។ នារី​ស្អាត​រូប​នេះ​ស្រឡាញ់​សិល្បៈ​តាំងពី​ក្មេង គ្រាន់តែ​ពេល​នោះ​នាង​គ្មាន​ឱកាស​។ ស្រប​ពេល​ចាក​ចេញពី​ស្រុក​កំណើត​មក​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​នៅ​ភ្នំពេញ លី សៀវ​ម៉ី សម្រេចចិត្ត​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ តែ​នាង​មិន​បាន​ហាត់រៀន​នៅ​ទីណា​ទេ ក្រៅពី​ប្រើ​ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​នាង ។

កញ្ញា​លី សៀវ​ម៉ី ក្នុង​ឱកាស​សម្តែង​ឱ្យ​សមាគម​ទូរទស្សន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​នាង​ខ្ញុំ​ស្រឡាញ់​សិល្បៈ​តាំងពី​ក្មេង ដូច្នេះ​បើ​ទោះជា​ផលិតកម្ម​ណា​ដាក់​ឱ្យ​នាង​ខ្ញុំ​សម្តែង​ជា​តួ​រាយរង​ក៏​ដោយ យល់ព្រម​ទទួលយក​ការ​សម្តែង​ទាំង​សប្បាយចិត្ត​ដែរ ។ ខ្ញុំ​ចង់​បង្កើន​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន​មុន​នឹង​ឈាន​ទៅ​សម្តែង​តួ​ធំដុំ ។ មនុស្ស​យើង​ធ្វើ​អ្វី​ក៏​ត្រូវ​ផ្តើម​ពី​តិច​ទៅ​ច្រើន​ដែរ ។ ទោះជា​យ៉ាងណា​ក្តី នាង​ខ្ញុំ​មាន​ក្តី​ប្រាថ្នា​ថា​ថ្ងៃ​ណាមួយ​តាម​រយៈ​ការ​ប្រឹងប្រែង​នឹង​ទទួល​បាន​តំណែង​តួឯក​មិន​ខាន​» ។

តារា​ស្រគត់ស្រគំ​លី សៀវ​ម៉ី បញ្ជាក់​ថា ប្រសិនបើ​បាន​ឱកាស​សម្តែង​ភាពយន្ត នាង​ចង់​សម្តែង​ជា​តួ​កម្សត់ បង្ហូរទឹកភ្នែក ដោយសារ​នាង​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ អណ្តែត  អណ្តូង ។ ប្រសិនបើ​គេ​ឱ្យ​ដើរតួ​យំ​ពិតជា​យំ​លឿន ដោយសារ​សៀវ​ម៉ី ឧស្សាហ៍​ហាត់រៀន​ដោយ​ខ្លួនឯង​នៅ​មុខ​កញ្ចក់​ដាក់​អារម្មណ៍​នៅ​ពេល​សម្តែង​បែប​ទួញ​យំ ។តារា​រៀមច្បង​ដែល​លី សៀវ​ម៉ី​ផ្តោត​មើល​របៀប​សម្តែង គឺ​កញ្ញា​នី មុនីនាថ ។

ដោយ​មាន​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​លី សៀវ​ម៉ី តាំងចិត្ត​តស៊ូ​ទៅ​មុខ​ទៀត​ទោះជា​ចំណាយពេល​យូរ​ក្តី ដើម្បី​ក្លាយជា​តារា​ល្បី​មួយ​ដួង ៕