ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​សមត្ថកិច្ច​២​ខេត្ត ឆេះ​ព្រៃ​លិច​ទឹក​រាលដាល​ដល់​តូប​លក់ដូរ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយ​បាន​ឆាបឆេះ​រោង​លក់​​ដូរ​(លក់​គ្រឿងក្លែម)​​អស់​ចំនួន​៥​តូបធំៗ​ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយ​បាន​ឆាបឆេះ​រោង​លក់​​ដូរ​(លក់​គ្រឿងក្លែម)​​អស់​ចំនួន​៥​តូបធំៗ​ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៦ ចម្ងាយ​ពី​ស្ពាន​មាត់​ឃ្មង់​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​២​គ្រឿង និង​១​គ្រឿង​ទៀត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​មាន​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ព្រៃ​លិច​ទឹក ដែល​ស្ថិត​នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៧ អាច​មាន​មនុស្ស​ដុត​ព្រៃ​ដើម្បី​វាតដី​ធ្វើ​ចម្ការ តែ​ដោយសារ​រដូវប្រាំង​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ដោយ​មាន​ផ្សែងហុយ​ទៅ​លើ​អាកាស​ហើយ​ផ្កាភ្លើង​បាន​ប៉ើង​ធ្លាក់​មក​លើ​ដំបូល​រោង​លក់​គ្រឿងក្លែម​របស់​ពលរដ្ឋ​បង្ក​ឲ្យ​ឆាបឆេះ​យ៉ាង​លឿន ព្រោះ​សុទ្ធសឹងតែ​ប្រក់​ស្បូវ ដោយ​បាន​ឆេះ​ឆ្លង​ពី​តូប​មួយ​ទៅ​តូប​មួយទៀត​រហូត​អស់​៥​តូប​ធំ​ៗ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ពេល​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ ក៏​ប្រញាប់​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ដោយ​មាន​ទាំង​កម្លាំង​ទាហាន និង​ក្រោម​កិច្ចសហការ​ជាមួយនឹង​នគរបាល​ស្រុក​ត្បូងឃ្មុំ ធ្វើ​ឲ្យ​ភ្លើង​បាន​រលត់​ទៅ​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់​មក​ទៀត​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​១​គ្រឿង​ទៀត​បាន​ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ឃួ​ន ក​ន្ថា​ប់ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​អស់​តូប​លក់ដូរ​(​លក់​គ្រឿង​ក្លែប​)៥​តូប ដែល​សាងសង់​អំពី​ឈើ​ប្រក់​ស្បូវ ក្នុង​នោះ​ម្ចាស់​តូប​មាន ១-​ឈ្មោះ អូន សេង​ហ៊ា​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អស់​១​តូប​ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ ម្ចាស់​មិន​នៅ​, ២-​ឈ្មោះ ហេ​ន ណា​រ៉ុ​ង ហៅ​ទ្រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អស់​៣​តូប ក្នុង​នោះ ទំហំ​៦​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​, ៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ ចំនួន​២​តូប និង ៣-​ឈ្មោះ ផេ​ន ណា​រ៉ាត់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ អស់​១​តូប​ទំហំ​៦​គុណ​១២​ម៉ែត្រ ម្ចាស់​មិន​នៅ ។

លោក​វរសេនីយ៍ត្រី ឃួ​ន ក​ន្ថា​ប់ បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​សង្គ្រោះ​នោះ​បាន​ប្រើប្រាស់​អស់​ទឹក​ចំនួន​៧​រថយន្ត ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​ខាងលើ​នោះ​ទេ សកម្មភាព​មនុស្ស​ជួយ​ពន្លត់ភ្លើង​មាន​រហូត​ដល់​ទៅ​រាប់​សិប​នាក់ រហូត​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ទើប​ភ្លើង​បាន​រលត់​ទាំងស្រុង ៕