ខេត្តបាត់ដំបង ៖ មុខសញ្ញាដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការបន្លំចូលលួចកេសដាក់គ្រឿងអលង្ការនៅផ្សារស្រុកបវេលកាលពីជាង១សបា្តហ៍មុន ត្រូវអ្នកស្រុកនិងអាជីវករដេញស្ទាក់ចាប់បានចំនួន២នាក់ត្រូវជាម្តាយមីង និងក្មួយ បន្ទាប់ពីពួកគេបានបន្លំចូលលួចកេសគ្រឿងអលង្ការរហូតបានសម្រេចជាថ្មីម្តងទៀតនៅក្នុងផ្សារស្រុកបវេលដដែលនេះកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី២២ មីនា ។
មន្ត្រីនគរបាលស្រុកបវេលបាននិយាយថា ជនសង្ស័យជាម្តាយមីង និងក្មួយអាយុ៩ឆ្នាំ នេះបានព្យាយាមចូលលួចកេសគ្រឿងអលង្ការក្នុងផ្សារបវេលជាថ្មីរបស់អាជីវករឈ្មោះគាត សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងខណៈដែលគាត់កំពុងរៀបចំកន្លែងលក់ដូរដូចករណីលើកមុនដែរ ។ សមត្ថកិច្ចនិយាយថា ជនដៃដល់២នាក់មីង ក្មួយនេះ ត្រូវបានម្ចាស់គ្រឿងអលង្ការ និងអ្នកស្រុកស្ទាក់ចាប់បានក្រោយពីពួកគេព្យាយាមជិះម៉ូតូឌុបគេចខ្លួនបានប្រមាណ១គីឡូម៉ែត្រពីផ្សារ រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការ ។ ជនសង្ស័យ២នាក់នេះ ម្តាយមីងឈ្មោះភាន់ នាង អាយុ២២ឆ្នាំ និងក្មួយស្រីឈ្មោះលី តុយ អាយុ៩ឆ្នាំ ពួកគេរស់នៅរាជធានីភ្នំពេញ ។
តាមលោកគាត សុខជា បានប្រាប់សមត្ថកិច្ចថា ក្នុងខណៈគាត់កំពុងរៀបចំកន្លែងលក់ដូរនាព្រឹកនោះ ក៏បានឃើញស្ត្រីនោះមកឈររ៉ែរ៉រកទិញអីវ៉ាន់ហើយសួរនាំគាត់ លុះពេលគាត់កំពុងរៀបចំបណ្តើរនិយាយបណ្តើរ ស្រាប់តែក្មេងស្រីម្នាក់ដែលរូបគាត់មិនបានចាប់អារម្មណ៍មិនដឹងថា លបចូលពីក្រោយតាំងពីពេលណាបានបន្លំលួចយកថង់ខ្មៅរបស់គាត់ទៅបាត់ ដែលមានប្រអប់ដាក់គ្រឿងអលង្ការច្រកក្នុងថង់នោះ ។
អាជីវកររូបនេះបានបញ្ជាក់ថា ពេលដឹងថា បាត់ភ្លាម គាត់បានទូរស័ព្ទប្រាប់ប្រពន្ធគាត់ ហើយប្រពន្ធគាត់ក៏ជិះម៉ូតូឆ្វែលផ្សាររកមើល មួយសន្ទុះទើបឃើញស្ត្រី២នាក់ជិះម៉ូតូឌុបកាន់ថង់ខ្មៅ ដែលគាត់ស្គាល់ច្បាស់ថា ជាថង់របស់គាត់ ក៏ស្រែកឱ្យគេជួយចាប់តែម្តង ។ បុរសនេះបានបន្ថែមថា នៅក្នុងថង់ខ្មៅនេះ មានគ្រឿងប្លាទីនប្រហែល១០តម្លឹង តែមិនបានបាត់បង់ទេ ។
ក្រោយពេលត្រូវចាប់ខ្លួន ស្ត្រីជាម្តាយមីង និងក្មួយនេះបានឆ្លើយទទួលស្គាល់ថា ពួកខ្លួនបានប្រព្រឹត្តអំពើចោរកម្មនេះមែន ។ ប៉ុន្តែម្តាយមីងឈ្មោះភាន់ នាង បាននិយាយថា ពេលក្មួយបន្លំលួចបានខ្លួនមិនទាន់ដឹងថា នៅក្នុងថង់ខ្មៅនេះមានអ្វីខ្លះទេ ព្រោះគ្រាន់តែលួចបានភ្លាមខ្លួននិងក្មួយក៏ដើរចេញពីផ្សាររួចហៅម៉ូតូឱ្យឌុបចេញភ្លាមៗដែរ ។ លុះចេញបានបន្តិច ក៏ត្រូវម្ចាស់គេតាមទាន់ រួចចាប់ខ្លួនតែម្តងទៅ ។ ទោះជាយ៉ាងណា ២នាក់ម្តាយមីងនិងក្មួយនេះមិនបានឆ្លើយសារភាពថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការបន្លំលួចកេសគ្រឿងប្លាទីនចំនួន២០តម្លឹងពីអាជីវករផ្សារបវេលនេះកាលពីជាងមួយសបា្តហ៍មុននោះទេ ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានថ្លែងថា សកម្មភាពជនសង្ស័យទាំង២នាក់ខាងលើនេះ គឺដូចគ្នាបេះបិទទៅនឹងសកម្មភាពចោរស្រីដែលបន្លំលួចកេសគ្រឿងអលង្ការរបស់អាជីវករផ្សារបវេលកាលពីព្រឹកថ្ងៃទី១៣ មីនា កន្លងទៅ ។ លោកស្នងការរងបានបញ្ជាក់ថា ពិតមែនតែជននេះមិនសារភាព ប៉ុន្តែយើងនៅតែសង្ស័យថា មីងនិងក្មួយនេះប្រាកដជាពាក់ព័ន្ធព្រោះសកម្មភាពពួកគេដូចគ្នា ។ លោកជេត វណ្ណនី ក៏បានអំពាវនាវចំពោះក្រុមអាជីវករនានាក្នុងខេត្តបាត់ដំបង មេត្តាត្រៀមលក្ខណៈឱ្យបានខ្ពស់មុនពេលចាកចេញពីផ្ទះដឹកជញ្ជូនទ្រព្យសម្បត្តិទៅផ្សារ ឬត្រឡប់មកផ្ទះវិញ ។ ម្យ៉ាងទៀត ពួកគេគួរតែរាយការណ៍ភ្លាមៗមកកម្លាំងមានសមត្ថកិច្ច នៅពេលឃើញមនុស្សណាម្នាក់ ឬក្រុមណាដែលស្ថិតក្នុងស្ថានភាពគួរឱ្យសង្ស័យ ដើម្បីងាយស្រួលដល់សមត្ថកិច្ចមានវិធានការចុះទប់ស្កាត់ ។ ចំពោះជនសង្ស័យ២នាក់មីង-ក្មួយនេះសមត្ថកិច្ចបានបញ្ជូនមីងទៅតុលាការ ប៉ុន្តែក្មួយស្រីអាយុ៩ឆ្នាំកំពុងរៀបចំប្រគល់ទៅក្រុមគ្រួសារវិញ ឬប្រគល់ឱ្យខាងមន្ទីរសង្គមកិច្ចដោះស្រាយ៕
ចែករំលែកព័តមាននេះ