ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ និង​ឡាវ​២​នាក់​ជាប់​ទោស ដោយសារ​បំពុល​ត្រី

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ចំនួន​២​នាក់​មាន​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឡាវ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ចាប់ខ្លួន​ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ចំនួន​២​នាក់​មាន​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឡាវ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ចាប់ខ្លួន​ខណៈ​ដែល​ពួក​គេ​ទាំង​២​នាក់​នោះ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ប្រើប្រាស់​សារធាតុពុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្ទុយ​អន្លុង​ចេក ភូមិ​អន្លុង​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ លោក​ដៀប បូ​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២ ខែមេសា​២០១៦ បន្ទាប់​ពី​ត្រូវ​កម្លាំង​សមត្ថ​ចាប់ខ្លួន​ជាមួយ​បទល្មើស​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​។

លោកនាយ​រង​ខណ្ឌ​រូប​នេះ​បាន​បន្ត​ថា​ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំពុល​លាយ​ជាមួយនឹង​បាយតំណើប​ស ទម្លាក់​ទឹក​ដើម្បី​បំពុល​ត្រី​តែ​ត្រូវ​កម្លាំង​ជំនាញ​រួម​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល ឆ្មាំ​ទន្លេ​អន្លុង​ឈើទាល និង​យោធា​វរៈ​សេនា​តូច​ការពារ​ព្រំដែន​១០១​ធ្វើការ​ចាប់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ​។ លោកនាយ​រង​ខណ្ឌ​បាន​បញ្ជាក់​បន្ថែម​ថា​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ទូក​អេ​វ​មួយ​គ្រឿង ម៉ាស៊ីន​ហុងដា​កម្លាំង​៦​សេសមួយ ថ្នាំ​បំពុល​មួយ​កំប៉ុង បាយតំណើប​មួយ​ធុង​តូច កន្ត្រក​មួយ សំណាញ់​មួយ កាបូប​មួយ ជំ​ពាម​កៅស៊ូ​មួយ គោម​ឆ្លុះ​មួយ និង​ថ្នង​ដងត្រី​មួយ​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​មក​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​ជំនាញ​ក៏​បាន​ធ្វើការ​សាកសួរ​បន្ថែម​ជុំវិញ​ការ​ប្រព្រឹត្ត​បទល្មើស​នោះ និង​ចោទប្រកាន់​ពី​បទល្មើស​នេសាទ​ដោយ​សារធាតុពុល​ក្នុង​មាត្រា​៩៨​នៃ​ច្បាប់​ជលផល​ដែល​ត្រូវ​ផ្តន្ទាទោស ក្រោម​បទល្មើស​ជលផល​ថ្នាក់ទីមួយ​ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​ដល់​៥​ឆ្នាំ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ឬ​បំផ្លាញ​ចោល​។

ពាក់ព័ន្ធ​ករណី​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​នៅ​ស្ទឹង​ត្រែង​គិត​ចាប់ពី​ខែមករា​២០១៦ រហូត​មក​ដល់​ខែមេសា ២០១៦​នេះ​កើត​មាន​បទល្មើស​ចំនួន​៣​លើក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុង​នោះ​មាន​ករណី​ឆក់​ចំនួន​២​លើក និង​ករណី​បំពុល​មួយ​លើក​។ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​បទល្មើស​នេសាទ​នោះ​ដែរ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​រួច​ហើយ​ដែរ​៕