ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ជិះ​កង់​លើ​ភ្នំ​ប្រចាំឆ្នាំ​2016 ជុំ​ទី​1 ចាប់ផ្ដើម​នៅ​កោះដាច់​ថ្ងៃអាទិត្យ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ជិះ​កង់​ដៃត្រង់​លើ​ភ្នំ​ប្រចាំឆ្នាំ​២០១៦ លើក​ទី​១០ ជុំ​ទី​១ នឹង​ចាប់ផ្ដើម​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ ទី​២៤ មេ​សា ខាន​ស្អែក​នេះ​ នៅ​បរិវេណ​កោះដាច់ ។

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ជិះ​កង់​ដៃត្រង់​លើ​ភ្នំ​ប្រចាំឆ្នាំ​២០១៦ លើក​ទី​១០ ជុំ​ទី​១ នឹង​ចាប់ផ្ដើម​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ ទី​២៤ មេ​សា ខាន​ស្អែក​នេះ​ នៅ​បរិវេណ​កោះដាច់ ។

ការ​ប្រកួត​ដែល​មានឈ្មោះ​ថា Cambodia MTB Series 2016 ឬ​ការ​ប្រកួត​ជិះ​កង់​លើ​ភ្នំ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ​អ្នកចូលរួម​មាន​ចំនួន​កើន​ឡើងជា​លំដាប់ ។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦​នេះ ការ​ប្រកួត​ធ្វើ​ឡើង​៥​ដំណាក់កាល ឬ​៥​ជុំ​ផ្សេង​គ្នា ក្នុង​នោះ​ជុំ​ទី​១​ ធ្វើ​នៅ​កោះដាច់​ ថ្ងៃ​ទី​២៤ មេ​សា​, ជុំ​ទី​២ ​ធ្វើ​នៅ​ព្រែក​លៀប​ ថ្ងៃ​ទី​១៩​ មិថុនា​, ជុំ​ទី​៣​ ធ្វើ​នៅ​ខេត្តកំពង់ស្ពឺ ​ថ្ងៃ​ទី​៣១ កក្កដា​, ជុំ​ទី​៤ ​ធ្វើ​នៅ​ភ្នំ​ប្រសិទ្ធិ៍ ​ថ្ងៃ​ទី​៣០ តុលា និង​ជុំ​ទី​៥​ ធ្វើ​នៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ ។

ការ​ប្រកួត​នេះ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​បែងចែក​ជា​១១​វិញ្ញាសា ឬ​១១​កម្រិត ។ កម្រិត​A1 ​ជា​ក្រុម​មាន​ជំនាញ​ខ្លាំង​បំផុត​មិន​គិត​អាយុ​, កម្រិត​A2 ​ជា​ក្រុម​ជំនាញ​ដែល​មាន​អាយុ​៣០​ឆ្នាំ​ឡើង​, កម្រិត​B1​ជា​ក្រុម​កម្រិត​មធ្យម​ដែល​មាន​អាយុ​ពី​១៦-៣០​ឆ្នាំ​, កម្រិត​B2​ជា​ក្រុម​កម្រិត​មធ្យម​មាន​អាយុ​៣០​ឆ្នាំ​ឡើង ។ រីឯ​កម្រិត​C1,C2,C3​ជា​ក្រុម​សម្រាប់​ក្មេង​និង​អ្នក​ដែល​មិន​ទាន់​ចេះ​ជិះ​ស្ទាត់ ។ នៅ​មាន​ប្រភេទ​W​សម្រាប់​ស្ត្រី និង​ប្រភេទ​VI P​សម្រាប់​អាយុ​៤០​ឆ្នាំ​ឡើង ។ ក្រៅពី​នេះ​ទៀត គឺ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​៨-១១​ឆ្នាំ និង​អាយុ​ពី​១២-១៣​ឆ្នាំ​។ ចំណែក​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​សម្រាប់​សិស្ស​-​និស្សិត​ដែល​មាន​អាយុ​ក្រោម​១៩​ឆ្នាំ​ត្រូវ​បង់​៤​ដុល្លារ​អា​មេ​រិ​ក​, មនុស្ស​ពេញវ័យ​បង់​៧​ដុល្លារ​អា​មេ​រិ​ក និង​ជនបរទេស​បង់​១០​ដុល្លារ​អា​មេ​រិ​ក ។ ការ​បង់ប្រាក់​នេះ សម្រាប់​តែ​ការ​ប្រកួត​ចាប់ពី​ជុំ​ទី​១​ដល់​ជុំ​ទី​៤​ប៉ុណ្ណោះ ។ ដោយឡែក ការ​ប្រកួត​ជុំ​ទី​៥ ដែល​ត្រូវធ្វើ​ឡើង​នៅ​គី​រី​រម្យ​វិញ សម្រាប់​សិស្ស​-​និស្សិត​ត្រូវ​បង់​៥​ដុល្លារ​, មនុស្ស​ពេញវ័យ​បង់​១០​ដុល្លារ និង​ជនបរទេស​បង់​១៥​ដុល្លារ និង​ត្រូវ​គិតថ្លៃ​សេវា​ដឹក​ជញ្ជូន​ទៀត ។ ចំណែក​ការ​ចុះ​ឈ្មោះ​ប្រកួត​ជុំ​ទី​១ ត្រូវ​បាន​បញ្ចប់​អស់ហើយ ប៉ុន្តែ​អ្នក​រៀបចំ​ការ​ប្រកួត​មិន​បាន​ប្រាប់​ពី​ចំនួន​ពិតប្រាកដ​របស់​អ្នក​មក​ចុះ​ឈ្មោះ​ចូល​ប្រកួត​ទេ គ្រាន់តែ​ឱ្យ​ដឹង​ថា​មាន​ចំនួន​កើនឡើង​ជាង​ពេល​មុន ៕