ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា និង​សា​រឿ​ន ច័ន្ទ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​រេញ Black Cat

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ការ​ប្រកួត​កាន់តែ​កៀក​នឹង​ចូល​មក​ដល់ គេ​កត់​សម្គាល់ថា​កីឡាករ​កម្ពុជា​២​រូប​គឺ​ឌុ​ម កែវ​ដា និង​សា​រឿ​ន ច័ន្ទ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា បាន​ប្រឹងប្រែង​ហ្វឹកហាត់

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ការ​ប្រកួត​កាន់តែ​កៀក​នឹង​ចូល​មក​ដល់ គេ​កត់​សម្គាល់ថា​កីឡាករ​កម្ពុជា​២​រូប​គឺ​ឌុ​ម កែវ​ដា និង​សា​រឿ​ន ច័ន្ទ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា បាន​ប្រឹងប្រែង​ហ្វឹកហាត់ និង​ដាក់​សម្ពាធ​ខ្លួនឯង​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​គ្រូបង្វឹក និង​អ្នក​រៀបចំ​កម្មវិធី ដោយសារ​តែ​ពួក​គេ​ត្រូវ​ការ​បំប៉នកម្លាំង​ស្វាគមន៍​ជើង​ខ្លាំង​របស់​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍ Black Cat របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

លោក ឈិ​ន ក្វា​ន់​ចៃ គ្រូបង្វឹក​ប្រចាំ​ក្លិប​មកុដ​រាជសីហ៍ បាន​អះអាង​ថា កូនសិស្ស​របស់​ខ្លួន​គឺ​ឌុ​ម កែវ​ដា មិន​ដែល​បាន​ដើរទៅ​ណា​ឱ្យ​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា បើ​ទោះជា​កីឡាករ​វ័យក្មេង​រូប​នេះ គេ​មាន​សមត្ថភាព​និង​មាន​កម្លាំង​ពេញ​ខ្លួន ក៏​នៅ​តែ​មានការ​ប្រយ័ត្នប្រយែង​នឹង​ការ​ហ្វឹកហាត់ ដើម្បី​កុំឱ្យ​អាម៉ាស់មុខ​នៅ​លើ​សង្វៀន​​នោះ​ដែរ​។ ឌុ​ម កែវ​ដា នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​«Black Cat»​ដែល​មានឈ្មោះ​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​ប្លេ​ក​ខេត ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៤ មេ​សា ខាង​មុខ​នេះ​ហើយ ។ លោក​ថា ការ​ប្រកួត​ដ្បិតថា​សល់​ច្រើន​ថ្ងៃ ប៉ុន្តែ​កីឡាករ​ជា​កូនសិស្ស​របស់​ខ្លួន​ស្ទុះស្ទា​ជាមួយនឹង​ការ​ហ្វឹកហាត់​មិនសូវ​ដកឃ្លា​នោះ​ទេ ទាំង​ការ​ហាត់​រត់​កុំឱ្យ​ឆាប់​ហត់ និង​ការ​ហាត់​វ៉ៃ​ជាមួយ​បាវ​សាក់​ដើម្បី​ធ្វើ​ឱ្យ​កណ្ដាប់ដៃ និង​កែង មាន​ភាព​រហ័ស​។ យ៉ាងណា​ក៏​ដោយ​លោក​ហាក់​មិន​ហ៊ាន​រំពឹង​ច្រើន​ទេ​ថា កីឡាករ​ឌុ​ម កែវ​ដា នឹង​ឈ្នះ​កីឡាករ​ថៃ ដោយ​គ្រាន់តែ​អះអាង​ថា សម្រាប់​ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​នេះ គឺ​កូនសិស្ស​របស់​លោក​ត្រៀមខ្លួន​គ្រប់គ្រាន់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ព្រមាន​ថា ថ្វី​ដ្បិតតែ​ការ​ប្រកួត​នា​ពេល​បច្ចុប្បន្ន​មាន​តម្រូវការ​កីឡាករ​កម្ពុជា​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​ឡើង​ប្រកួត​ដោយសារ​តែ​មាន​សង្វៀន​កាន់តែ​ច្រើន​នៅ​តាម​ស្ថានីយ​នីមួយ​ៗ​ប៉ុន្តែ​បើ​កីឡាករ​កម្ពុជា​មិន​ប្រឹង​ហ្វឹកហាត់ ហើយ​នៅ​បន្ត​ទម្លាប់​ជិត​ដល់​ថ្ងៃ​ទើប​ចូល​ក្លិប​រំលឹក​ក្បាច់គុន នោះ​ការ​គាំទ្រ​នឹង​មិន​មាន​នោះ​ឡើយ ។ លោក​ថា ក្នុង​នាម​លោក​ជា​អ្នក​រៀបចំ លោក​មិន​អាច​ចេះ​តែ​បន្ត​ផ្គូផ្គង​ឱ្យ​កីឡាករ​ដែល​ខ្វះ​សមត្ថភាព​ឡើង​វាយ​ជាមួយ​កីឡាករ​បរទេស​បាន​ទេ គឺថា​ប្រសិនបើ​ធ្លាក់ដៃ​មិន​មាន​លំនឹង​ក្នុង​ការ​ការពារ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ គឺ​ត្រូវ​តែ​ឲ្យ​ដេក​ផ្ទះ ។ លោក​មាន​ប្រសាសន៍​ថា​៖«​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឥឡូវ​អត់​មាន​យោគយល់​ទេ បើ​ប្រកួត​ម្ដង​ពីរ​ដង​អត់​កើត ចង់​កីឡាករ​ហ្នឹង​ល្បី​ប៉ុណ្ណា​ក៏​ដោយ​ក៏​ឈប់​ឱ្យ​ប្រកួត​ដែរ ព្រោះ​កីឡាករ​ម្នាក់​ៗ​ទារ​តម្លៃ​ខ្លួន​ថ្លៃ​ៗ​ណាស់ ហើយ​បើ​អត់​បាន​ហាត់​គឺ​គេ​មើល​ដឹង អ​ញ្ចឹ​ង​ទោះជា​ខ្ញុំ​បង្ខំចិត្ត​ដាក់​ឲ្យ​ប្រកួត​ក៏​គង់តែ​មហាជន​គាត់​ប្រតិកម្ម និង​លែង​ចង់​មើល​ដែរ​!»​។

សម្រាប់ដុម កែវ​ដា លោក​ថា​កំពុង​ពេញកម្លាំង និង​មានការ​ហ្វឹកហាត់​ដិត​ដល់​ទើប​លោក​សម្រេចចិត្ត​ឱ្យ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Black Cat នៅ​យប់​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ ។ លោក​ថា កីឡាករ​វ័យក្មេង​រូប​នេះ គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប្រា​វីត ដែល​កីឡាករ​រូប​នេះ គឺ​ខ្លាំង និង​មាន​សមត្ថភាព​មិនធម្មតា​នោះ​ដែរ ទាំង​កម្លាំង និង​ភាព​រហ័ស ។ លោក​ថា ឌុ​ម កែវ​ដា នឹង​ធ្វើការ​ពិសោធន៍​ខ្លួនឯង​ឱ្យ​អ្នក​ទស្សនា​កត់សម្គាល់ ដោយ​ឈ្នះ​នឹង​កាន់តែ​ល្បី ប៉ុន្តែ​បើ​ចាញ់ គឺ​ស្ថិត​ក្នុង​កម្រិត​ពិចារណា​២ គឺ​ចាញ់​ដោយ​បច្ចេកទេស​ក៏​ទទួល​បានការ​កោតសរសើរ ប៉ុន្តែ​បើ​ចាញ់​ដោយ​អន់​គឺ​នឹង​រង​ការ​រិះគន់ ។ លោក​ថា គូ​នេះ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៣​លើក ឈ្នះ​៨០​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ចំណែក​កីឡាករ​ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​បាន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក​ដូច​គ្នា ។ ប៉ុន្តែ​មក​ពី​ទុកចិត្ត​ថ្វីដៃ និង​ជឿ​លើ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ឌុ​ម កែវ​ដា ទើប​សម្រេចចិត្ត​ដាក់​ឲ្យ​ពួក​គេ​ប៉ះ​គ្នា​។

នៅ​ក្នុង​ព្រឹត្តិការណ៍​Black Cat នោះ​ដែរ កីឡាករ​សា​រឿ​ន ច័ន្ទ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រឹងប្រែង​ផង​ដែរ​នៅ​ពេល​ដែល​រូបគេ​ត្រូវ​ស្វាគមន៍​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភី​ត ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​នោះ ។ លោក ញាណ សុធី ប្រាប់​ថា កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៤​លើក និង​ចាញ់​១៥​លើក ខណៈ​សា​រឿ​ន ច័ន្ទ ក៏​ប្រកួត​បាន​៧៩​លើក​ដូច​គ្នា ឈ្នះ​៦៧​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ។ លោក​ថា គូ​នេះ នឹង​ក្លាយជា​គូ​ឯក​សម្រាប់​ព្រឹត្តិការណ៍​ដែល​មានការ​រំពឹង​ថា នឹង​ប្រកួត​អស់ពី​សមត្ថភាព​ដោយសារ​បទ​ពិសោធន៍ និង​ភាព​ខ្លាំងក្លា​របស់​អ្នក​ទាំង​ពីរ​គឺ​ប្រដំប្រសង​គ្នា ។

លោក មាស សុខ​គ្រី ដែល​ត្រូវ​គេ​ដឹង​ថា​បាន​ផ្ទុះ​រឿង​ជាមួយ​ម្ចាស់​ក្លិប​មកុដ​រាជសីហ៍ បាន​អះអាង​ថា សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ លោក​នឹង​ប្រឹង​បង្វឹក​កូនសិស្ស​របស់​លោក​មិន​ឱ្យ​បាក់មុខ​នៅ​លើ​សង្វៀន​នោះ​ទេ ជា​ពិសេស​ប្រសិនបើ​កូនសិស្ស​ក្លិប​មកុដ​រាជសីហ៍​បាន​ឈ្នះ​ថៃ ឬ​បាន​ស្មើ​ថៃ ហើយ​ស្រាប់តែ​កូនសិស្ស​របស់​លោក​បែរជា​មាន​លទ្ធផល​មិនល្អ​នោះ ។ លោក​ថា តាំងពី​វិល​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​វិញ កីឡាករ​សា​រឿ​ន ច័ន្ទ បាន​ប្រឹងប្រែង​ហ្វឹកហាត់ និង​ចូល​ក្លិប​ដោយ​ម៉ត់ចត់​ណាស់ ដើម្បី​ឲ្យ​ឈ្នះ​ដាច់ខាត​លើ​កីឡាករ​ថៃ និង​ដើម្បី​កុំ​ឲ្យ​ភ្លាត់ស្នៀត​នៅ​ពេល​កីឡាករ​ឌុ​ម កែវ​ដា ដែល​ជ្រក​ក្នុង​ក្លិប​របស់​សត្រូវ​ស្រាប់តែ​មាន​ជ័យជម្នះ ។ យ៉ាងណាមិញ លោក​ថា ការ​ប្រកួត​គឺ​មិន​អាច​កំណត់​ថា ចង់​ឈ្នះ​ក៏​បាន​ឈ្នះ​នោះ​ទេ គឺ​គ្រាន់តែ​អាច​ធានា​ការ​ដែល​បាន​ហ្វឹកហាត់​ត្រៀម​ទុក​បាន​ច្រើន​នឹង​ជួយ​ឱ្យ​ការ​ប្រកួត​របស់​សា​រឿ​ន ច័ន្ទ ល្អ​ពេញ​៥​ទឹក​ប៉ុណ្ណោះ ៕