ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ស​ប្ដា​ហ៍ នៅ​ថ្ងៃ​សៅរ៍​ ទី​២៣ មេ​សា នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ស​ប្ដា​ហ៍ នៅ​ថ្ងៃ​សៅរ៍​ទី​២៣ មេ​សា នេះ នឹង​បើក​សង្វៀន​ប្រកួត​ជា​បន្ត​ទៀត​ហើយ ។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម និង​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ជួប​កីឡាករ​ថៃ​ឈ្មោះ​ផ្លាំ​ង​នុម លូក​ម៉ា​ខាមរ៉ា​ន ។ សម្រាប់​ការ​ប្រកួត​នេះ​ឈាន​ចូល​ដល់​ជុំ​ទី​៤​ហើយ ប៉ុន្តែ​ពួក​គេ​ទាំង​២​គូ​នេះ ទើបតែ​ប្រកួត​បាន​ចំនួន​២​លើក​ម្នាក់​ប៉ុណ្ណោះ ។ រឿង សោ​ភ័​ណ្ឌ គឺជា​កំពូល​អ្នក​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​ដ៏​សាហាវ​ម្នាក់ និង​ជា​អ្នក​ប្រដាល់​គួរ​ឱ្យ​ទុកចិត្ត​ទៀត​ផង ។ តាំងពី​ថ្ងៃ​ប្រកួត​បើក​ឆាក​ដំបូង​ម្ល៉េះ​នរណា​ក៏​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​រូប​នេះ​ដែរ ប៉ុន្តែ​គេ​បែរជា​ចាញ់​ធ្វើ​ឱ្យ​របូត​បាត់​អស់​៣​ពិន្ទុ ។ ទោះជា​យ៉ាងណា រឿង សោ​ភ័​ណ្ឌ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រូបគេ​មាន​អារម្មណ៍ល្អ​ឡើង​វិញ ក្រោយ​ពី​បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​ជុំ​ទី​២​វិញ​។

ដោយឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មិន​ទាន់​ហ៊ាន​ធានា​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​គូប្រកួត​របស់​គេ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយស្រួល​បង្ក្រាប​ឡើយ សូ​ម្បី​តែ​ប្រវត្តិ​ប្រកួត​ក៏​មិន​អាច​ប្រៀបផ្ទឹម​ជាមួយ កីឡាករ​ថៃ​នេះ​បាន​ដែរ ។ រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​ជាង​១៦០​លើក​ប៉ុណ្ណោះ ចំណែក​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម​វិញ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​ជាង​១៨០​លើក​ឯណោះ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ រឿង សោ​ភ័​ណ្ឌ ក៏​មាន​ជំនឿ​ចិត្ត​ខ្លះ​ដែរ តែ​ដោយសារ​តែ​គេ​ចាញ់​ប្រៀប​កម្ពស់​គូប្រកួត​ចំ​ពេល​គេ​គេ​មាន​បញ្ហា​ផ្នែក​សុខភាព គឺ​ដុះ​សាច់​ក្នុង​ច្រមុះ​ផង​នោះ​ធ្វើ​ឱ្យ​អ្នកដឹង​រឿង​នេះ​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ ។

ឡុ​ង សុ​ភី ជួប​ផ្លាំ​ង​នុម លូក​ម៉ា​ខាម​រ៉ា​ន លើក​នេះ មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ដោយសារ ឡុ​ង សុ​ភី គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​ពេញ​ខ្លួន តែ​ការ​ប្រកួត​ទាំង​២​លើក​មកនេះ គេ​បាន​ភ្លាត់ស្នៀត​ចាញ់​អស់​មួយ​លើក​ហើយ ។ ទោះបី​ប្រកួត​លើក​នេះ ឡុ​ង សុ​ភី មាន​ជំនឿ​ចិត្ត​ឈ្នះ​ច្រើន ដោយសារ​តែ​គូប្រកួត​មាន​សមត្ថភាព​មិន​លើស​ខ្លួន ទាំង​មាឌ និង​កម្ពស់​ក៏​ប្រដំប្រសង​គ្នា​ទៀត ប៉ុន្តែ​បើ​មើល​លើ​កម្លាំង​ស៊ុ​ហ្វ​ប្រហែលជា​ចាញ់​កីឡាករ​ថៃ​ហើយ ។ ចាំ​មើល​លើក​នេះ ឡុ​ង សុ​ភី មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ឬ​អត់ ។

ចំណែក​គូប្រកួត​អម​ប្រចាំ​ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ​ធន់ តារា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករផា​ន ចំណាន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ​អៀង ចាន់​ល័​ក្ខ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕