ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូ​យ សុខ​ណា ក្លាយជា​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​2016

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ទីបំផុត លោក ហូ​យ សុខ​ណា ដែល​ឆ្នាំ​មុន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នោះ​ពេល​នេះ​បាន​ក្លាយជា​ស្ដេច​អុកចត្រង្គ​អង្គរសង្ក្រាន្ដ​ប្រចាំឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រកួត​ឈ្នះ​លោក សេង សុធា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​មុខ​ប្រាសាទអង្គរវត្ដ

ខេត្តសៀមរាប ៖ ទីបំផុត លោក ហូ​យ សុខ​ណា ដែល​ឆ្នាំ​មុន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នោះ​ពេល​នេះ​បាន​ក្លាយជា​ស្ដេច​អុកចត្រង្គ​អង្គរសង្ក្រាន្ដ​ប្រចាំឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រកួត​ឈ្នះ​លោក សេង សុធា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​មុខ​ប្រាសាទអង្គរវត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក ហូ​យ សុខ​ណា បាន​យកឈ្នះ​លោក ហេង សុធា ចំនួន​២​ក្ដារ​ទល់​នឹង​១​ក្តារ​ដែល​ការ​ប្រកួត​តម្រូវ​ឱ្យ​លេង​៣​ក្ដារ ហើយ​បើ​អ្នក​ណា​ឈ្នះ​២​ក្ដារ​ជាប់​គ្នា​នោះ​ត្រូវ​ចាត់ទុកជា​អ្នក​ឈ្នះ​តែ​ម្តង ។ ការ​ប្រកួត​នៅ​វគ្គ​ផ្ដា​ប់​ព្រ័ត្រ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោករ​ដ្ឋ្​មន្ត្រី​ថោ​ង ខុន ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ។

លោក ហូ​យ សុខ​ណា គឺជា​អ្នក​និយម​ចូល​ចិត្ត​លេងអុក​មួយ​រូប​ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​។ អ្វី​ដែល​ធ្វើ​ឱ្យ​រូប​លោក​រំភើប​បំផុត​នោះ គឺ​នៅ​ពេល​លោក​មានឱកាស​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជាមួយ​ជើង​ខ្លាំង​រហូត​ដល់​ទៅ​១២៨​រូប ។ លោក​សម្រេចចិត្ត​ចូលរួម​ប្រកួត​ដោយ​មិន​មានការ​រារែក​ឡើយ បើ​ទោះជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​បេក្ខជន​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​ជា​ស្ដេច​អុក​២​ជំនាន់​ឈាវ បូ​រ៉ា និង​អ្នក​លេងអុក​ប្រកបដោយ​ល្បិច​ខ្ពស់​ជា​ច្រើន​រូប​ទៀត ដូច​ជា​ឆ​យ វី​រ៉ា ស្ដេច​អុក​ឆ្នាំ​២០១០ គ្រួ​ច ចិន្ដា​រិ​ទ្ធ​ជើងឯក​រង​ឆ្នាំ​២០១៤ និង​សុខ ភា​រ៉ា ជើងឯក​រង​ឆ្នាំ​២០១៥ ខណៈ​រូប​លោក​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​៤​កាលពី​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​។ លោក​កាន់តែ​មាន​សង្ឃឹម​ថែម​ទៀត​នៅ​ពេល​លោក​ប្រជែង​យកឈ្នះ​ជើង​ខ្លាំង​ៗ​ជា​ច្រើន​រូប​ដើម្បី​បាន​ឡើង​មក​ប្រកួត​នៅ​ក្នុង​វគ្គ​៨​នាក់​ចុង​ក្រោយ​នៅ​មុខ​ប្រាសាទអង្គរវត្ត​បន្ទាប់​មក​បាន​បន្ត​យកឈ្នះ​កីឡាករ សេង សុធា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​គ្រង​តំណែង​ជា​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ​ប្រចាំឆ្នាំ​២០១៦​។

សូម​បញ្ជាក់​ថា លោក ហូ​យ សុខ​ណា អាយុ​៤១​ឆ្នាំ សព្វ​ថ្ងៃជា​អាជីវករ​រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ក្លាយជា​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ​ប្រចាំឆ្នាំ​២០១៦ ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ចំនួន​៣២​លាន​រៀល ក្នុង​នោះ​រង្វាន់​របស់​សម្ដេច​តេ​ជោ​សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១២​លាន​រៀល ។ ចំណាត់ថ្នាក់​លេខ​២ លោក សេង សុធា ទទួល​បាន​២០​លាន​រៀល ក្នុង​នោះ​រង្វាន់​របស់​សម្ដេច​តេ​ជោ​សែន ១២​លាន​រៀល ។ ចំណាត់ថ្នាក់​លេខ​៣ លោក នូ ច័ន្ទ​ផានិត ទទួល​បាន​១២​លាន​រៀល ក្នុង​នោះ​រង្វាន់​របស់​សម្ដេច​តេ​ជោ​សែន ៨​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤ លោក រស់ រិ​ទ្ធី​យ៉ា ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៦​លាន​រៀល​ក្នុង​នោះ​រង្វាន់​របស់​សម្ដេចតេ​ជោ​សែន ៤​លាន​រៀល ។ ចំណែក​អ្នក​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​៥​ដល់​លេខ​៨ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​សំណាក់​សម្ដេច​តេ​ជោ​សែន ម្នាក់​ៗ​ចំនួន​២​លាន​រៀល​ផង​ដែរ ៕