រាជធានីភ្នំពេញ ៖ ដើម្បីជំរុញឲ្យសិស្ស និស្សិតកម្ពុជាទទួលបានព័ត៌មានសិក្សា និងចង់ដាក់ពាក្យសិក្សាបន្ត និងស្នើសុំអាហារូបករណ៍សិក្សានៅប្រទេសណូវែលហ្សេឡង់ ក្រុមហ៊ុន IDP សហការជាមួយស្ថាប័នអប់រំនៃប្រទេសណូវែលហ្សេឡង់ ចំនួន៩រៀបចំពិព័រណ៍សិក្សាណូវែលហ្សេឡង់ កាលពីព្រឹកថ្ងៃទី៦ មេសា នៅមជ្ឈមណ្ឌលអូស្រា្តលី សម្រាប់ការបណ្តុះបណ្តាល (ACE )។
លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំកម្ពុជា មានប្រសាសន៍ថា «ថ្មីៗនេះ ប្រទេសណូវែលហ្សេឡង់ កាន់តែទាក់ទាញចំនួនសិស្ស និស្សិតប្រទេសកម្ពុជាយើងបានកាន់តែច្រើនឡើងៗ រហូតមកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញសិស្ស និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសណូវែលហ្សេឡង់ មានចំនួនពី១២០ដល់១៣០នាក់ក្នុងមួយឆ្នាំៗ ហើយចំនួននេះរាប់បញ្ចូលទាំងកូនសិស្សកម្ពុជា ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ផងដែរ។ ការផ្លាស់ប្តូរនៃការរៀនសូត្រពីណូវែលហ្សេឡង់ មកកម្ពុជា និងកម្ពុជាទៅណូវែលហ្សេឡង់ នូវមានលក្ខណៈទ្រង់ទ្រាយតូចនៅឡើយ ដែលទើបតែបានចាប់ផ្តើមប្រមាណពី៣ទៅ៤ឆ្នាំប៉ុណ្ណោះ តែខ្ញុំសង្ឃឹមថា ដំណើរការនេះនឹងធ្វើឲ្យសិស្ស និស្សិតកម្ពុជាស្គាល់ប្រទេសណូវែលហ្សេឡង់ច្រើន ហើយក្នុងនោះដែរ ចំនួនសិស្ស និស្សិតណូវែលហ្សេឡង់បានយល់ពីប្រទេសកម្ពុជាបានច្រើន នឹងជំរុញឲ្យកូនសិស្សណូវែលហ្សេឡង់មកកម្ពុជា កាន់តែមានការកើនឡើងថែមទៀត»។
លោកបន្តថា ពិព័រណ៍សិក្សាណូវែលហ្សេឡង់ លើកទី៤ នេះ អាចផ្តល់ឱកាសដល់សិស្សានុសិស្ស និងមាតាបិតាមកសាកសួរពីព័ត៌មាននានា ដោយជួបជាមួយតំណាងសាកលវិទ្យាល័យណូវែលហ្សេឡង់ដោយផ្ទាល់ដើម្បីពិភាក្សាពីជម្រើសនៃការសិក្សា ពីបៀបបទនៃការសុំចូលរៀន ពីលក្ខណសម្បតិ្តដែលត្រូវមានក្នុងការសុំទិដ្ឋាការទៅសិក្សានៅប្រទេសណូវែលហ្សេឡង់។ ជាទូទៅការសិក្សានៅប្រទេសណូវែលហ្សេឡង់ អាចធ្វើបានគ្រប់កម្រិតទាំងអស់នៃការសិក្សាទាំងអស់រួមទាំងថ្នាក់មធ្យមសិក្សា រហូតដល់មហាវិទ្យាល័យ អនុបណ្ឌិត និងបណ្ឌិតជាដើម។ អ៊ីចឹងលក្ខខណ្ឌដែលសិស្សនិស្សិតកម្ពុជាត្រូវមាន ទី១-គុណភាពសិក្សាធិការអប់រំសមស្រប និងកម្រិតដែលសិស្ស និសិត្ស គាត់ចង់បន្តការសិក្សា,ទី២- ត្រូវមានព្រឹត្តិបត្រពិន្ទុ ដើម្បីបង្ហាញទៅស្ថាប័នសិក្សានៅណូវែលហ្សេឡង់ ,ទី៣ -ត្រូវមានកម្រិតភាសាអង់គ្លេសខ្ពស់។
លោកបន្តថា នៅរៀងរាល់ឆ្នាំរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់បានផ្តល់អាហារូបករណ៍សម្រាប់សិស្ស និស្សិតកម្ពុជា ហើយនៅឆ្នាំ២០១៦នេះ កំពុងធ្វើការផ្សព្វផ្សាយជ្រើសរើសអាហារូបរកណ៍សិក្សាបន្តមានរហូតដល់៣៥កន្លែង សម្រាប់ថ្នាក់លើឩត្តមសិក្សាឡើងទៅ ហើយការឈប់ទទួលពាក្យនៅចុងខែមេសានេះផងដែរ។ ប្រទេសណូវែលហ្សេឡង់ ថ្វីត្បិតមិនសូវមានកេរ្តិ៍ឈ្មោះដូចប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស ប៉ុន្តែកម្រិតការសិក្សានៅប្រទេសណូវែលហ្សេឡង់មានការទទួលស្គាល់សញ្ញាបត្រមានលក្ខណៈជាអន្តរជាតិមិនចាញ់ ទៅនឹងប្រទេសដែលបានលើកឡើងខាងលើ។
អ្នកស្រី សៅ ណាគ្រី អតីតនិស្សិតនៃសកលវិទ្យាល័យ Auckland ប្រទេសណូវែលហ្សេឡង់ បានរំលឹកពីជីវិតនិស្សិតថា«ណូវែលហ្សេឡង់ គឺជាប្រទេសដែលសិស្ស និស្សិតប្រាថ្នាធ្វើជាគោលដៅសិក្សានាថ្ងៃអនាគត។ បន្ថែមពីលើការអប់រំដែលប្រកបដោយគុណភាព សកលវិទ្យាល័យនៅទីនោះយកចិត្តទុកដាក់លើការរស់នៅរបស់សិស្ស និស្សិតអន្តរជាតិ ហើយផ្តល់ជាជំនួយចាំបាច់ផ្សេងៗដល់ពួកគេ»។ សាស្ត្រាចារ្យនៅទីនោះ តែងតែស្វាគមន៍យោបល់សិស្សជានិច្ច ហើយពួកគេនឹងជួយជ្រោមជ្រែងរៀងរាល់ពេលដែលពួកគេមានបញ្ហាផ្សេងៗ។ សិស្ស និស្សិត នឹងទទួលបាននូវបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើននៅពេលដែលពួកគេឃើញនូវការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ពីសំណាក់អ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត ណូវែលហ្សេឡង់ ទទួលបានភាពល្បីល្បាញថា ជាប្រទេសប្រកបទៅដោយភាពស្រស់ស្អាត សន្តិភាព និងគ្មានអំពើពុករលួយ៕
ចែករំលែកព័តមាននេះ