ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេសខ្មាំង ប៉ះ​ឡូញ វ៉ា​ន់​ឌី យក​ជើងឯក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គេ​កត់​សម្គាល់ថា កីឡាករ​៤​រូប​បាន​បង្ហាញ​ការ​ត្រៀមខ្លួន​ដោយ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង ដើម្បី​ឈាន​ទៅ​ប្រជែង​យក​ជើងឯក និង​ចំណាត់ថ្នាក់​លេខ​៣​នៅ​ក្នុង​ព្រឹត្តិការណ៍​Tiffy Fight

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គេ​កត់​សម្គាល់ថា កីឡាករ​៤​រូប​បាន​បង្ហាញ​ការ​ត្រៀមខ្លួន​ដោយ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង ដើម្បី​ឈាន​ទៅ​ប្រជែង​យក​ជើងឯក និង​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ក្នុង​ព្រឹត្តិការណ៍​Tiffy Fight នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។ កីឡាករ​ពេជ្រ ម្ទេស​ខ្លាំង និង ឡូញ វ៉ា​ន់​ឌី គឺជា​បេក្ខភាព​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រជែង​យក​ជើងឯក​ដូច​គ្នា​នៅ​ថ្ងៃអាទិត្យ​ ទី​១០ មេ​សា ស​ប្ដា​ហ៍​នេះ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ គេ​ឃើញ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ជួប​សម្ភាសន៍ និង​ចុះ​ថត​ផ្ទាល់​ជាមួយ​សកម្មភាព​ហ្វឹកហាត់​របស់​បេក្ខភាព​៤​រូប​ចុង​ក្រោយ​យ៉ាង​ស្វិត​ស្វាញ ដោយ​កីឡាករ​ម្នាក់​ៗ​ក្រៅពី​ស្ដែង​ឱ្យ​ឃើញ​នូវ​ការ​ប្រឹងប្រែង ក៏​បង្ហាញ​នូវ​ឆ​ន្ទះ​ចង់​អង្គុយ​កៅអី​លេខ​១ និង​លេខ​៣​រៀង​ៗ​ខ្លួន​ផង​ដែរ​។ កីឡាករ​ទាំង​៤​នោះ​រួម​មាន ជើង​ខ្លាំង​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា កីឡាករ​យិ​ន បូ​រិ​ន មក​ពី​ក្លិប​អាស៊ី​កីឡា កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ​ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី ។ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ អ្នក​ទាំង​៤​នឹង​ជួប​ប្រកួត​គ្នា​ដោយ​អ្នក​ឈ្នះ​ម្នាក់​នឹង​កាន់​ពាន​ជើងឯក ហើយ​អ្នក​ឈ្នះ​ម្នាក់​ទៀត នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ដើម្បី​កុំឱ្យ​អន់​ពេក ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​កីឡាករ​ទាំង​៤​រូប សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​ត្រៀមខ្លួន​ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ចង់​ឈ្នះ​គ្នា​ក្នុង​ពេល​ដែល​ការ​ប្រកួត​ទាំងមូល​ក៏​មាន​អ្នក​ចាប់អារម្មណ៍​លើសលប់ ព្រោះតែ​ចាត់ទុកជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ការ​ប្រដាល់ ។ 

កីឡាករ​ពេជ្រ ម្ទេសខ្មាំង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡូញ វ៉ា​ន់​ឌី ដណ្ដើម​យក​ជើងឯក​បន្ទាប់​២​ស​ប្ដា​ហ៍​មុន ពួក​គេ​សុទ្ធតែ​ឈ្នះ​កីឡាករ​ជា​ជើង​ខ្លាំង​គឺ យិ​ន បូ​រិ​ន និង​ចាន់ គង់​រាជ ទាំង​លំបាក ។ រវាង​២​នាក់​នេះ បើ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​មាន​សន្ទុះ​ខ្លាំង​ជាង ដោយសារ​តែ​ការ​ប្រកួត​កន្លង​មក គេ​មាន​ថ្វីដៃ​ល្អ​និង​មុត​ស្រួច ដែល​មើលទៅ​គូប្រកួត​របស់​គេ​ទំនង​មិនមែន​ជា​ដៃគូ​នោះ​ទេ​។ កីឡាករ​វ័យក្មេង​រូប​នេះ​ធ្វើ​ឱ្យ​អ្នក​តាមដាន​យល់​ថា នឹង​កាន់​ពាន​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥​វគ្គ​នេះ​ដោយ​មិន​លំបាក​នោះ​ទេ ដោយសារ​តែ​យិ​ន បូ​រិ​ន មាន​ថ្វីដៃ​ល្អ​ជាង​ឡូញ វ៉ា​ន់​ឌី ផង ក៏​នៅ​តែ​បាន​ត្រឹម​កំដរ​រេញ​ជាមួយ​ពេជ្រ ម្ទេសខ្មាំង​។ បើ​ទោះជា​កីឡាករ​ឡូញ វ៉ា​ន់​ឌី មានការ​ត្រៀម​ទុក​ពី​ចម្ងាយ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា​កីឡាករ​រូប​នេះ​នៅ​មានបទពិសោធន៍ និង​បច្ចេកទេស​មិន​ទាន់​ល្អ​ដូច​គ្នា​នឹង​ពេជ្រ ម្ទេសខ្មាំង​នោះ​ឡើយ ។ ម្យ៉ាង​កីឡាករ​ពេជ្រ ម្ទេសខ្មាំង ក៏​បាន​អះអាង​ថា មានការ​ត្រៀមខ្លួន​ពី​ចម្ងាយ​ដូច​គ្នា​ដែរ ដោយសារ​តែ​គេ​មិន​ចង់​ជួប​រឿង​ស៊យ​ដូច​កីឡាករ​ឈាង ហុង ដែល​មាន​ជំនឿ​ចិត្ត​ថា​នឹង​បាន​កាន់​ពាន​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ចុង​ក្រោយ​ក៏​ត្រូវ​កីឡាករ​ជា​គូប្រកួត​វាយ​ឲ្យ​របូត​ឱកាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ស៊ីម៉ងត៍​អូដ្ឋ​។

មិន​គិត​រឿង​ត្រៀម​ទុក​ក្នុង​ការ​ហ្វឹកហាត់ ក៏​កីឡាករ​ឡូញ វ៉ា​ន់​ឌី នៅ​តែ​មាន​ជំហរ​រឹងប៉ឹង​មិន​ដល់​គូប្រកួត​នោះ​ដែរ ជា​ពិសេស​សមត្ថភាព​ប្រើ​កែង ម៉ាត់ និង​ទាត់​របស់​គេ​នោះ​។ ពេជ្រ ម្ទេសខ្មាំង គឺជា​កីឡាករ​ដែល​មាន​អ្នក​ទុកចិត្ត​ក្នុង​ភាគរយ​ច្រើន ដោយ​ក្នុង​ចំណោម​កីឡាករ​ដែល​ចូល​ប្រកួត​តាំងពី​ដើម​ទី​ចំនួន​៣២​រូប គេ​មាន​ក្រេ​ឌី​ត​ល្អ ហើយ​បាន​ឈាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​ខុស​ពី​ការ​ប៉ាន់ស្មាន​នោះ​ឡើយ​។ ការ​ប្រកួត​របស់​ពួក​គេ នឹង​ចាប់ផ្ដើម​ឡើង​នៅ​សង្វៀន​ជ្រោយចង្វា​ប៉ុស្ដិ៍​លេខ​៥​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ដោយ​មានការ​រំពឹង​ថា អ្នក​ទស្សនា​នឹង​កកកុញ​សង្វៀន​ដោយសារ​តែ​អ្នកគាំទ្រ​សុទ្ធតែ​ចង់​ដឹង​ថា​រវាង​ពេជ្រ ម្ទេសខ្មាំង និង​ឡូញ វ៉ា​ន់​ឌី ពិតជា​កីឡាករ​ល្បី​ជាង​ឈ្នះ​ពាន ឬ​អាច​ជា​កីឡាករ​ស្រករ​ក្រោយ​មានសំណាង​។

ទោះបី​យ៉ាងណា មិន​មាន​ន័យ​ថា​អ្នក​ខ្លាំង​ទើប​ឈ្នះ​នោះ​ទេ ដោយសារ​ការ​ប្រកួត​ជាក់ស្ដែង​វា​ត្រូវ​អាស្រ័យ​លើ​ភាព​ចៃដន្យ និង​សំណាង​​នៅ​ក្នុង​នោះ​ដែរ​។ ជា​បទ​ពិសោធន៍ កីឡាករ​ខ្លះ​មាន​សមត្ថភាព​តិច​ជាង​គូប្រកួត​ទេ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ជើង​ខ្លាំង​បរាជ័យ​បាន បើ​ចំណុចខ្សោយ​របស់​ជើង​ខ្លាំង​ត្រូវ​បាន​អ្នក​ខ្សោយ​ចាប់​បាន​។ ម្យ៉ាង កីឡាករ​ឡូញ វ៉ា​ន់​ឌី មិនមែន​ជើង​ខ្សោយ​នោះ​ទេ គេ​គ្រាន់តែ​ល្បីឈ្មោះ​ក្រោយ​បន្តិច និង​មានបទពិសោធន៍​លើ​រេញ​តិច​ជាង​ពេជ្រ ម្ទេសខ្មាំង​តិចតួច​ប៉ុណ្ណោះ​។ បើ​គេ​មិនល្អ គេ​មិន​អាច​ឆ្លង​ផុត​ដំណាក់កាល​តាំងពី​៣២​នាក់ ឈាន​ដល់​២​នាក់​ចុង​ក្រោយ ដើម្បី​ដណ្ដើម​គ្នា​យក​ជើងឯក​នោះ​ឡើយ ។ អ្នកគាំទ្រ​របស់ ពេជ្រ ម្ទេសខ្មាំង មិន​ជឿ​ថា គេ​នឹង​ភ្លាត់ស្នៀត​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ​ភាគី​ខាង​ឡូញ វ៉ា​ន់​ឌី ក៏​មិន​ជឿ​ថា គេ​ចាញ់​ងាយ​ៗ​ក្រោម​ដៃគូ​ប្រកួត​នោះ​ដែរ ។

សម្រាប់​កីឡាករ​ជើង​ខ្លាំង ចាន់ គង់​រាជ គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​យិ​ន បូ​រិ​ន ជា​រៀមច្បង ដណ្ដើម​គ្នា​យក​លេខ​៣ ។ រវាង​អ្នក​ទាំង​ពីរ ម្នាក់​វ័យក្មេង​ជើង​ខ្លាំង ហើយ​ម្នាក់​ទៀត​ជា​ជើង​ខ្លាំង​វ័យ​ជ្រេ និង​ល្បីឈ្មោះ​យូរហើយ​។ យ៉ាងណា​ក៏​ដោយ​កីឡាករ​ចាន់ គង់​រាជ ដូច​ជា​មាន​អ្នក​ទុកចិត្ត​ជាង​បន្តិច ដោយសារ​តែ​ក្រៅពី​ច្បាស់​កែង ម៉ាត់ និង​ជង្គង់ ក៏​មើលទៅ​រហ័ស​មិនធម្មតា​ផង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ គឺជា​ការ​ប្រកួត​វគ្គ​បញ្ចប់​ដែល​រវាង​ពេជ្រ ម្ទេសខ្មាំង និង​ឡូញ វ៉ា​ន់​ឌី នឹង​មាន​ម្នាក់​អង្គុយ​តំណែង​ជើងឯក និង​រវាង​យិ​ន បូ​រិ​ន និង​ចាន់ គង់​រាជ នឹង​មាន​ម្នាក់​ឈរ​លេខ​៣​។ លោក​ថា ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ពាន​ធំ​មួយ ថវិកា​៤​ពាន់​ដុល្លារ លេខ​២​បាន​២​ពាន់​ដុល្លារ​ពាន​កិត្តិយស​មួយ លេខ​៣​បាន​៧៥០​ដុល្លារ​អម​ដោយ​ពាន​កិត្តិយស​មួយ និង​ចំណាត់ថ្នាក់​លេខ​៤​ទទួល​បាន​តែ​៥០០​ដុល្លារ ។ លោក​ថា កីឡាករ​ទាំង​៤​រូប មិន​មាន​អ្នក​ណា​មិន​មានការ​ត្រៀម​ទុក​នោះ​ទេ ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​គិត​ថា នោះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​លើក​ចុង​ក្រោយ​របស់​ព្រឹត្តិការណ៍​ជើងឯក ។ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍​ទី​៩ មេ​សា ចាប់ពី​ម៉ោង​៥​ល្ងាច​នោះ​ដែរ លោក​ថា​ក៏​មានការ​ប្រកួត​ជម្រុះ​ជើងឯក​សន្សំ​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ស៊ីម៉ង់ត៍​អូដ្ឋ​ជុំ​ទី​៣​ក្នុង​ពូ​ល ដើម្បី​​សម្រេច​ចុង​ក្រោយ​ថា កីឡាករ​ខ្មែរ ឬ​បរទេស​នឹង​បាន​ឆ្លង​ពូ​ល​នោះ​ផង​ដែរ ៕