ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ឡាវ​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា លោក THONG SING THAMMAVONG នាយក​រដ្ឋ​មន្ត្រី​នៃ​សា​ធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ឡាវ​នឹង​អញ្ជើញ​ចូល​គាល់​ព្រះ​ករុណា ព្រះ​មហា​ក្សត្រ​ អញ្ជើញ​ចូល​ជួប​​សំដែង​ការ​គួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ឹម ប្រធាន​ព្រឹទ្ធ​​សភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ និង​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​វិមាន​សន្តិ​ភាព​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌​មាន​​បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​បាន​ស្វា​គមន៍ ​អប​អរ​សាទរ​លោក THONSING THAMMAVONG ដែល​ត្រូវ​បាន​​ជ្រើស​​តាំង​ជា​ឯក​ច្ឆន្ទ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​​សា​ធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មា​និត​ឡាវ​។ ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​នេះ គឺ​ជា​ជំហាន​​ថ្មី​មួយ​ទៀត​ក្នុង  ​ការ​ពង្រឹង​មិត្ត​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​កម្ពុជា​-ឡាវ ជា​ពិសេស​​នៅ​ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ទី​៥៥​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។

លោក​នាយករដ្ឋ​មន្ត្រី​ឡាវ​​បាន​ថ្លែង​អំណរ​គុណចំពោះ​​ការ​ជូន​ពរ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ។ ​លោក​បាន​ឧទ្ទេស​នាម​ជា​ពីរ​ចំណែក​ គឺ​ចំណែក​ទី១​ លោក​ឧទ្ទេស​នាម​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ឡាវ​។ ចំណែក​ទី​២ ឧទ្ទេស​នាម​អំពី​សភាព​ការណ៍​ប្រទេស​ឡាវ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មាន​ប្រសាសន៍​ថា ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា​-ឡាវ​នេះ គឺ​លោកមាន​​ការ​រីក​រាយ​ដោយ​បាន​ឃើញ​កន្លង​មក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជាន់​ថ្នាក់​រវាង​កម្ពុជា​ និង​ឡាវ​មាន​ការ​រីកចំរើន​ជា​បន្ត​បន្ទាប់​។ ពិត​មែន​តែ​ប្រទេស​ទាំង​ពីរ​នៅ​មាន​ជួប​ការ​លំបាក​ក្តី ប៉ុន្តែ​ឃើញ​នៅ​​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​ក្នុង​ស្មារតី​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ គឺ​ធ្វើ​ឱ្យ​មាន​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ និង​ប្រជា​ជន​ទាំង​ពីរ​។

លោក​បាន​ថ្លែង​ការ​រីក​រាយ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ក្រសួង​ការ​ពារ​ប្រទេស​ និង​ផ្នែក​សន្តិ​សុខ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំ​ដែន​កម្ពុជា​-ឡាវ​ដែល​បាន​សហ​ប្រតិ​បត្តិ​ការ​គ្នាល្អ​ដើម្បី​ធ្វើឱ្យ​ព្រំ​ដែន​កម្ពុជា​-ឡាវជា​ព្រំ​ដែន​មួយ​មាន​សន្តិ​ភាព ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​បង្ក​លក្ខណៈ​ក្នុង​ការ​ធ្វើ​​ពាណិជ្ជ​កម្ម​រវាង​ប្រជា​ជន​ទាំង​ពីរ និង​ធ្វើ​ឱ្យ​បាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ គ្រឿង​ញៀន និង​ចូល​រួម​ក្នុង​ការអភិ​រក្ស​ព្រៃ​ឈើ​ ទប់​ទល់​នឹង​ការ​បំផ្លាញ​ធម្ម​ជាតិ​ បង្ការ​ជម្ងឺ​រាត​ត្បាត​ និង​បាន​ពង្រីក​វិស័យ​ទេស​ចរ​ណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ថ្មី​បាន​ស​ម្តែង​នូវ​​ការ​រីក​រាយ​ចំពោះ​ការ​រីកចំរើន​នៃ​ការ​​បោះ​បង្គោល​ព្រំ​ដែន​ ហើយ​ឃើញ​ថា ភាគី​ទាំង​ពីរ​បាន​សំរេច​ក្នុង​ស្មារតី​ជា​បង​ជា​ប្អូន​ជួយ​គ្នា​​នៅ​កន្លែង​ណា​មាន​ការ​លំបាក​គឺ​បាន​ជួយ​គ្នា​ដោះ​ស្រាយ​ក្នុង​ស្មារតី​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ផង ជា​បង​ប្អូន​ផង​។

ពាក់​ព័ន្ធ​​ទៅ​នឹង​ចំណុច​ដែល​សេស​សល់​ លោក​នាយក​រដ្ឋ​មន្ត្រី​​ឡាវ ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​ចរចា​​ដោះ​ស្រាយ​ដើម្បី​​បោះ​បង្គោល​ព្រំ​ដែន​ឱ្យ​បាន​ឆាប់​រហ័ស​។ លោក​បាន​សុំ​ស្នើ​ឱ្យ​យក​ចំណុចដុង​​ក្រឡ​ដើម្បី​​ស្ថាប​នា​បង្គោល​ព្រំ​ដែន​ជា​អនុ​ស្សាវរីយ៍​មួយ​ជាមិត្ត​ភាព​ដើម្បី​កំណត់​ថា ប្រទេស​ទាំង​ពីរ​បាន​​រួម​គ្នា​ដោះ​​ស្រាយ​ការ​បោះ​បង្គោល​ព្រំ​ដែន​នេះ​ដោយ​ជោគ​ជ័យ​។ ទន្ទឹម​នេះ​ដែរ​ លោក THONSING បាន​ប្រាប់​ថា ខាង​ឡាវ​បាន​រៀប​ចំ​បង្គោល​បញ្ជូន​អគ្គិស​នី​កម្លាំង​១១៥​គីឡូ​វ៉ុល​មក​ដល់​ព្រំ​ដែន​ ហើយ​ដើម្បី​ឱ្យ​ខាង​កម្ពុជា​រៀប​ចំ​បន្ត​ទទួល​អគ្គិ​សនី​​ ។​ ទន្ទឹម​នេះ​ផង​ដែរ​លោក​បាន​សំដែង​ការ​រីក​រាយ​អំពី​ការ​ដែល​បាន​សហការ​គ្នាលើ​​ទំនាក់​ទំនង​ទូរ​គមនា​គមន៍​​ត​ភ្ជាប់​កាប​អុប​ទិក​។ ទាក់​ទង​ទៅ​នឹង​ការ​ដោះ​ដូរ​នៅ​តាម​ព្រំ​ដែន​សូម​ឱ្យ​គិត​គូរ​ពី ការ​បន្ធូរ​បន្ថយ​ពន្ធ​នៅ​ក្នុង​តំបន់​ត្រី​កោណ​អភិ​វឌ្ឍន៍​​ រៀប​ចំ​បែប​បទ​ក្នុងការ​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ពោះ​ទៅ​ប្រទេស​ទី​​៣​ដើម្បី​សំរួល​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើ​ដំណើរ​នោះ​មាន​ល្បឿន​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​។

នៅ​ក្នុង​ការ​ងារ​អប់​រំ​ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​សំដែង​ការ​រីក​រាយ​ជា​ទី​បំផុត​ចំពោះ​ការ​បង្កើន​សិស្ស​រវាង​កម្ពុជា​ និង​ឡាវ​ទៅវិញ​ទៅ​មក ហើយ​ឡាវ​នឹង​ខិត​ខំ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ប្រាក់​បៀ​វត្ស​ដល់​និស្សិ​ត​កម្ពុជា​​ដែល​រៀន​នៅ​ឡាវ​ឱ្យ​បាន​ទៀង​ទាត់​។ ដោយ​សារ​ឆ្នាំ​នេះ​ជា​ខួប​ទី​៥៥​នៃ​ទំនាក់​ទំនង​ការ​ទូត​​កម្ពុជា​-ឡាវ​ លោក THONSING បាន​​ស្នើ​សុំ​​ឱ្យ​​សហការ​គ្នា​រៀប​ចំ​ជា​កម្ម​វិធី​រំលឹក​ទិវា​នេះ​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ប្រទេស​នីមួយៗ​។
ចំពោះ​សភាព​ការណ៍​នយោ​បាយ​របស់​ឡាវ​ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា សភាព​ការណ៍​នយោ​បាយ​របស់​ឡាវ​ គឺមាន​ស្ថិរ​ភាព​ សន្តិ​សុខ​ និង​​វិស័យ​សេដ្ឋ​កិច្ច​កន្លង​ទៅ​​ប្រទេស​ឡាវ​គឺ​បាន​កំណើន​៧,៩​%​។ ចំណូល​របស់​ប្រជា​ជន​គឺ​កើន​ឡើង​ពី​៥៣៤​ដុល្លារ​នៅ ឆ្នាំ​២០០៥​ដល់​៩៨៩​ដុល្លារ​នៅ​ឆ្នាំ​២០០៩​-២០១០​។ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក៏​មាន​ការ​រីក​ចំរើន​ គឺជីវ​ភាព​របស់​ប្រជា​ជនមាន​ការ​កើន​ឡើង​។ ទំនាក់​ទំនង​ការ​បរទេស​របស់​ឡាវបាន​បើក​ទូលាយ​។ គណ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​ឡាវ​ត្រៀម​នឹង​បើក​មហា​សន្និ​បាត​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខនេះ​។

ទោះ​បី​ជា​មាន​​ការ​រីក​ចំរើន​ក្តី​ លោក THONSING បាន​ជំរាបសម្តេច​តេជោ​​ថា ប្រទេស​ឡាវ​នៅ​មាន​ការ​ប្រឈម​មុខ​ជា​ច្រើន ក្នុង​នោះ​ប្រជាជន​ឡាវ​ភាគ​ច្រើន​គឺ​រស់​នៅ​តំបន់​ព្រៃ​ភ្នំ​ដាច់​ស្រយាល​ ហើយ​និង​រស់​នៅ​ដោយ​រណប​ធម្ម​ជាតិ​ ដូច្នេះ​គឺ​ជា​ការ​លំបាក​មួយ​របស់​ប្រទេស​ឡាវ​។ ចំពោះ​ទិស​ដៅ​ខាង​មុខ លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មាន​ប្រសាសន៍​ថា គឺ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ស្ថិរ​ភាព​នយោ​បាយ និង​សង្គម​ ហើយ​និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឱ្យ​ឡើង​បាន​៨%​ក្នុង​មួយ​ឆ្នាំ​ ។ ចំពោះ​ទិ​ស​ដៅ​សហ​ស្ស​វត្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រទេស​ឡាវ​នឹង​ខិត​ខំ​ធ្វើ​ឱ្យ​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

លោក​ខៀវ កាញា​រីទ្ធ​ បាន​បន្ត​ទៀត​ថា សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការ​អប​អរ​សាទរ​ចំពោះ​​ការ​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​របស់​ឡាវ​ដោយ​​​មាន​កំណើន​៧,៩%​​នេះ​ដែល​ជា​កំណើន​មួយ​ខ្ពស់​នៅ​ក្នុង​តំបន់​។ សម្តេច​​សង្ឃឹម​ថា ឡាវ​នឹង​អាច​សំរេច​បាន​ផែន​ការ​សេដ្ឋ​កិច្ច​ដែល​បាន​ដាក់​នៅ​ពេល​ខាង​មុខ និង​ជូន​ពរ​ឱ្យ​សន្និ​បាត​លើក​ទី​៩​គណ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​​ឡាវ​ទទួល​បាន​ជោគ​ជ័យ​។ កន្លង​មក​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​បញ្ជាក់​ថា ក្រៅ​ពី​ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ​ទំនាក់​ទំនង​រវាង​រដ្ឋា​ភិ​បាល​​ទាំង​ពីរ​ គឺ​មាន​ការ​ប្រជុំ​ថ្នាក់​ជាន់​ខ្ពស់​គណ​បក្ស​​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​គណ​បក្ស​ឡាវ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ទាំង​ពីរ​នេះ​គឺ​មាន​​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ទាំង​ផ្នែក​រដ្ឋ ទាំង​ផ្នែក​បក្ស​។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​ផង​ដែរ​អំពី​សភាព​ការណ៍​ប្រទេស​កម្ពុជា​វិស័យ​សេដ្ឋ​កិច្ច​ពី​ឆ្នាំ​២០០៤​ដល់២០០៧ កម្ពុជា​មាន​កំណើន​​៤%​ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ ហើយ​នៅ​ឆ្នាំ​២០១០​នេះ​​សេដ្ឋ​កិច្ច​កម្ពុជា​ទើប​តែ​នឹង​បាន​ឡើង​៥,៥%​ ហើយ​កម្ពុជា​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១១​ អាច​នឹង​ឡើង​ដល់​៦% ​នេះ​ដោយ​សារ​វិស័យ​កាត់​ដេរ​ កសិ​កម្ម និង​ទេស​ចរណ៍​មាន​ការ​រីក​ចំរើន​ ប៉ុន្តែ​វិស័យ​អចល​ន​ទ្រព្យ​នៅ​មិន​ទាន់​មាន​ការ​រីក​ចំរើន​នៅ​ឡើយ​។ ចំពោះ​វិស័យ​កសិ​កម្ម​​នៅ​កម្ពុជា​​នៅ​ឆ្នាំ​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ស្រូវ​វស្សា​១០៤%​នៃ​ផែន​ការ ​ស្រូវ​ប្រាំង​ធ្វើ​បាន​១១៨%​នៃ​ផែន​ការ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​សល់​ស្រូវ​សំរាប់​នាំ​ចេញ​៣.៨០០.០០០​តោន​គិត​ជា​អង្ករ​២.៥០០.០០០​តោន​ ដូច្នេះ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ខិត​ខំ​​ផលិត​ស្រូវ​ឱ្យ​បាន​ច្រើន និង​ដើម្បី​នាំ​ចេញ​អង្ករ​ឱ្យ​បាន​ច្រើន​។ ដោយ​សារ​កន្លង​មក​នេះ​កម្ពុជា​ខ្វះ​ម៉ាស៊ីន​កិន​ស្រូវ​ធ្វើ​ឱ្យ​៧០%​នៃ​ស្រូវ​កម្ពុជា​សល់​នាំ​ទៅ​វៀត​ណាម​ ហើយ​៣០%​នាំ​ទៅ​ប្រទេស​ថៃ។​ សព្វ​ថ្ងៃ​នេះ​កម្ពុជា​កំពុង​រៀប​ចំ​ដើម្បី​បង្កើន​គុណ​ភាព​ម៉ា​ស៊ីន​កិន​ស្រូវ​ដើម្បី​ជំរុញ​អង្ករ​នាំ​ចេញ​ទៅ​ក្រៅ​ ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ជោគ​ជ័យ​ក្នុង​ការ​ដណើ្តម​ទី​ផ្សារ​នៅ​អឺរ៉ុប​ ប៉ុន្តែ​ទន្ទឹម​នេះ​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ផុយ​ស្រួយមួយ​ក្រោយ​ពី​វិបត្តិ​សេដ្ឋ​កិច្ច​​ដែល​កំពុង​ស្តារ​នេះ គឺ​​កម្ពុជា​មាន​បញ្ហា​ព្រំ​ដែន​ដែល​បាន​កើត​ឡើង ។ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​ថា នេះ​គឺ​​មិន​មែន​ជា​​ការ​ចៃដន្យ​​ទេ គឺ​ជា​​ចេតនា​​ព្រាង​ទុក​មួយ​របស់​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ថៃ ។ ដូច្នេះ ​ហើយ​កម្ពុជា​ឈរ​លើ​គោល​ការណ៍​មួយ គឺ​មិន​ចង់​​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ការ​ឈ្លាន​ពាន​មក​នេះ​ដែល​ចាំ​បាច់​កម្ពុជា​ត្រូវ​តែ​តប​ត​​វិញ ។ ទោះ​បី​ជា​​កម្ពុជា​បាន​ប្រឹង​ចរចា​​ទ្វេ​ភាគី​រាប់​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​កម្ពុជា​មិន​បាន​ជោគ​ជ័យ​​  ដូច្នេះ​​ហើយ​កម្ពុជា​​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​​តែ​អូស​ថៃ​ទៅ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ អ.ស.ប និង​បន្ទាប់​មក​ទៅ​អាស៊ាន ។

​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​​ជា​ថ្មី​ម្តង​ទៀត​ថា ជំហរ​របស់​កម្ពុជា គឺ​ការ​ចរចា​​លើ​បញ្ហា​​ជំលោះ​ព្រំ​ដែន​នេះ គឺ​ជា​ការ​ចរចា​​ពហុ​ភាគី។ ប៉ុន្តែ​ការ​ចរចា​​វិស័យ​សេដ្ឋ​កិច្ច ទេស​ចរណ៍ គឺ​ចរចា​​ទ្វេ​ភាគី ។ ​សម្តេច​​​បាន​ជំរាប​ភាគី​​ឡាវ​ថា កម្ពុជា​បញ្ចូន​​ឯក​សារ​ទៅ​ទី​ក្រុង​ឡា​អេ ដើម្បី​ធ្វើ​ការ​បក​ស្រាយ​​ឡើង​វិញ លើ​សាល​ក្រម​របស់​តុលា​ការ​នេះ ។

នៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-ឡាវ សម្តេច​តេជោ​​បាន​លើក​សំណូម​ពរ​មួយ​ចំនួន​គឺ ​តភ្ជាប់​​ខ្សែ​កាប​អុប​ទិក​ដូច​គ្នា​​។ សម្តេច​សុំ​ឱ្យ​តភ្ជាប់​​​នៅ​ត្រង់​ចំណុច​នៅ​ត្រពាំង​​ក្រៀល ដើម្បី​​អាច​តភ្ជាប់​​កាប​អុប​​ទិក រវាង​ប្រទេស​ទាំងពីរ​ដែល​​អាច​ឱ្យ​មាន​ប្រព័ន្ធ​ VIDEO CONFE​RENCE ដែល​ធ្វើ​ឱ្យ​​ខេត្ត និង​ខេត្ត ឬ​ថ្នាក់​ក្រសួង​អាច​ធ្វើ​សន្និ​សីទ​ទាក់​ទង​គ្នា​បាន​ដែល​ជា​ការ​​ងាយ​ស្រួល​ក្នុង​កិច្ច​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ ។ ចំពោះ​បណ្តាញ​អគ្គិ​សនី​ដែល​ឡាវ​បាន​បញ្ចូន​មក​ដល​់ស្ទឹង​ត្រែង​នោះ សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​​ថ្លែង​អំណរ​គុណ​​ដែល​បាន​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​ប្រជា​ជាតិ​​កម្ពុជា ។

​សម្តេច​​បាន​សម្តែង​​ការ​រីក​រាយ​​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​​លើ​​អនុ​ស្ស​រណៈ​នៃ​​ការ​យោគ​យល់​គ្នា​​រវាង​ក្រសួង​ព័ត៌​មាន​កម្ពុជា-ឡាវ ​​លើ​សេវា​កម្ម​ផ្លូវ​គោក និង​​អនុ​ស្ស​រណៈ​ការ​យោគ​យល់​​គ្នា​លើ​​វិស័យ​​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​លើក​សរ​សើរ​អំពី​ការ​សម្រេច​​ពី​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ទេស​ចរណ៍ ពីសៀម​រាប-​ប៉ាក់​សេ ជា​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​បង្កើន​ទេស​ចរណ៍។ ចំពោះ​រឿង​អាហា​រូបករណ៍​សម្តេច​បាន​ទទួល​ថា កម្ពុជា​អាច​ ទទួល​បន្ថែម​​បន្ត​ទៅ​ទៀត​ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​សាង​សង់​​អន្តេ​វាសិក​ដ្ឋាន ហើយ​បាន​លើក​ថា មិន​ចាំ​បាច់​ស្នើ​ទេ បើ​ប្រទេស​ណា​អាច​ទទួល​លទ្ធ​ភាព​បាន​ច្រើន​ទទួល​ច្រើន។ ចំពោះ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​សុំ​ឱ្យ​ធ្វើ​ដូច​វៀត​ណាម បើ​ខាង​ឡាវ​ពិនិត្យ​ហើយ កម្ពុជា​មិន​បាច់​ពិនិត្យ​ទេ បើ​កម្ពុជា​​ពិនិត្យ​ហើយ​គឺ​ខាង​ឡាវ​មិន​បាច់​ពិនិត្យ​ទេ ធ្វើ​​យ៉ាង​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​បង្កើន​ការ​ដឹក​ជញ្ជូន​ឱ្យ​បាន​ឆាប់។

ចំពោះ​ទិវា​កិច្ច​ទំនាក់​ទំនង​ការ​ទូត​លើក​ទី​៥៥ កម្ពុជា-​ឡាវ សម្តេច​បាន​ស្នើ​ឱ្យ​គួរ​តែ​ចាប់​ធ្វើ​ដំបូង គឺ​រៀបចំ​សម្ពោធ​បង្គោល​ព្រំ​ដែន​អនុ​ស្សា​វរីយ៍កម្ពុជា-​ឡាវ នៅ​ដុងក្រឡ គឺ​សុំ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ទាំង​២ ចូល​រួម​សម្ពោធ។ ទី២ គឺ​សុំ​ឱ្យ​រៀបចំ​​ជា​ផ្សារ​ណាត់-​សិល្បៈ​ផ្សេង​ៗ​ទៀត​នៃ​ចំណង​ទាក់​ទង​នៃ​ប្រទេស​យើង​ទាំង​២។ សុំ​ឱ្យ​ភាគី​ឡាវ​ពង្រីក​យន្ត​ការ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​តំបន់​ត្រី​កោណ​​អភិ​វឌ្ឍ​កម្ពុជា​-វៀត​​ណាម-​ឡាវ។

សម្តេច​បាន​សំដែង​ការ​អរ​គុណ​​ប្រទេស​ឡាវ​ដែល​ជួយ​ព្យាបាល​ប្រជា​ជន​កម្ពុជា​នៅ​ជាប់​ព្រំ​ដែន​ រដ្ឋា​ភិបាល​ឡាវ​បាន​បញ្ជូន​ប្រាក់​៥​ម៉ឺន​ដុល្លារ​ជួយ​ដល់​ប្រជា​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ។ សម្តេច​បាន​​សម្តែង​នូវ​ការ​រីក​រាយ ដោយ​ការ​​បាន​​បោះ​​បង្គោល​៨៨%ហើយ​​ ដូច្នេះ​កន្លែង​ណា​នៅ​មិន​ទាន់បោះ​ គឺ​សុំ​បន្ត​សហ​ការ​គ្នា​ឱ្យ​បាន​ឆាប់​រហ័ស។

ជា​កិច្ច​ឆ្លើយ​តប​ លោក THONGSING THAMAVONG នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡាវ​បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​ឡាវ ​បាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​សភាព​ការណ៍​កម្ពុជា-​ថៃ ហើយ​បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​គឺ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែ​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ថៃ។ តាម​ពិត​កម្ពុជា​មិន​គួរ​មាន​រឿង​បែប​ហ្នឹង​ទេ ព្រោះ​រឿង​អ្វី​ៗ​ដែល​កម្ពុជា​បាន​លើក​គឺ​ជា​ការ​ងារ​មួយ​ដែល​ស្រប​ច្បាប់ ដូច្នេះ​លោក​សូម​ស្នើ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​កន្លង​មក​នេះ​បាន​យក​ជំហរ​មួយ​ដ៏​ត្រឹម​ត្រូវ ហើយ​បាន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរ​ជាតិ និង​​និយាម​អន្តរ​ជាតិ ធ្វើ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ទាំង​អស់​បាន​គាំទ្រ​ដល់​ជំហរ​របស់​ប្រទេស​កម្ពុជា​នេះ។ ប្រទេស​ឡាវ​នឹង​ខិតខំ​ថែម​ទៀត​ដើម្បី​​ប្រឹង​ប្រែង​យ៉ាង​ណា​ជួយ​ធ្វើ​ឱ្យ​សភាព​ការណ៍​រវាង​កម្ពុជា-​ថៃ​បាន​ធូរ​ស្រាល។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​​បាន​អញ្ជើញ​សម្តេច និង​លោក​ជំទាវ​ ព្រម​ទាំង​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ឡាវ​នៅ​ពេល​វេលា​មួយ​សម​ស្រប។ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ទទួល​យក​ហើយ​នឹង​ពិចារណា​ផង​ដែរ និង​សម្រេច​​នៅ​ពេល​ណា​សម​ស្រប។ កម្ពុជា​-​ឡាវ​មាន​ការ​ងារ​ច្រើន​នៅ​ឆ្នាំ​២០១២ ខាង​មុខ គឺ​ឡាវ​ត្រូវ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន-​អឺរ៉ុប កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន ហើយ​កម្ពុជា​ក៏​ត្រូវ​រៀបចំ​បោះ​ឆ្នោត​សមា​ជិក​ព្រឹទ្ធ​សភា និង​ការ​បោះ​ឆ្នោត​មូល​ដ្ឋាន៕