ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ក្រចេះ

​ភ្នំពេញ​៖ អំពើ​ហិង្សា ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ ត្រូវបាន​រាជរដ្ឋាភិបាល ខិតខំ​លុបបំបាត់ ដោយមាន​ទាំង​បង្កើត​ច្បាប់​ជាច្រើន ពិសេស​ច្បាប់ ស្តីពី​ ការទប់ស្កាត់​អំពើហិង្សា ក្នុង​គ្រួសារ…

​ភ្នំពេញ​៖ អំពើ​ហិង្សា ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ ត្រូវបាន​រាជរដ្ឋាភិបាល ខិតខំ​លុបបំបាត់ ដោយមាន​ទាំង​បង្កើត​ច្បាប់​ជាច្រើន ពិសេស​ច្បាប់ ស្តីពី​ ការទប់ស្កាត់​អំពើហិង្សា ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ​។ អំពើហិង្សា​ក្នុង​គ្រួសារ គឺ​សំដៅលើ​អំពើហិង្សា ដែល​កើតមាន និង​អាច​កើតមាន​ទៅលើ​ប្តី ឬ​ប្រពន្ធ កូន​ក្នុងបន្ទុក និង​ជន​ទាំងឡាយ​រស់នៅ​ក្រោម​ដំបូលផ្ទះ និង​ក្នុង​បន្ទុកគ្រួសារ​។​

​ក្នុងសម័យ​តេ​ជោ​នេះ​ទៅហើយ នៅ​កើតមាន​ករណី​ប្រើ​ហិង្សា​លើ​កុមារី​​ជា​អ្នកបម្រើ ហើយ​អ្នកប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នោះ គឺជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ ខេត្តក្រចេះ ថែមទៀត​។ នោះ​គឺ​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​លើ​កុមារី ២​នាក់ ដែលជា​អ្នកបម្រើ ក្នុងភូមិ​គ្រឹះ​របស់លោក ដោយសារតែ​រឿង​ធ្វើ​ឲ្យ​ឆ្កែ ១​ក្បាល លង់ទឹក​អាង​ងាប់ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១​។​

​កុមារី​រងគ្រោះ​ពីរ​នាក់​នោះ អាយុ ១២​ឆ្នាំ ជា​អ្នកបម្រើ នៅក្នុង​ភូមិគ្រឹះ​របស់លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ ស្ថិតនៅ​ចំណុច​ភូមិ​រកា​កណ្ដាល ឃុំ​រកា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ក្រោយ​បែកការណ៍ ករណី​អំពើហិង្សា​នោះ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រកាសថា មេបញ្ជាការ​ប៉េអឹម ក្រុង​ក្រចេះ ទេព ហ៊ុយ និង​បក្សពួក ត្រូវបាន​ចាប់ខ្លួន ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការប្រើប្រាស់​ហិង្សា​លើ​កូនឈ្នួល ២​នាក់ ជា​កុមារី អាយុ ១២​ឆ្នាំ យ៉ាង​ឃោរឃៅ ហើយ​បង្ខំ​ឲ្យ​ក្មេងស្រី​រងគ្រោះ អង្គុយ​សំពះ​ផ្នូរខ្មោច​ឆ្កែ និង​ស៊ី​អាចម៍ឆ្កែ​ថែមទៀត​។​

​លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ មាន​ប្រពន្ធ ជា​ថៅកែ​ហាង​លក់​ទូរស័ព្ទ​ដ៏​ធំជាងគេ ក្នុង​ខេត្តក្រចេះ យីហោ «​លាង​ហ៊ុយ ប្រេន​»​។

​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ ខេត្តក្រចេះ បើក​ការស៊ើបអង្កេត  តាម​នីតិវិធី ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង ខេត្តក្រចេះ លើ​ករណី​ប្រើ​អំពើហិង្សា​លើ​ក្មេងស្រី ជា​កូនឈ្នួល បម្រើការ​នៅក្នុង​ភូមិគ្រឹះ បណ្ដាល​ឲ្យ​រងរបួស ដេកពេទ្យ​។

​អំពើហិង្សា​លើ​កុមារី​អ្នកបម្រើទាំង ២នាក់​​នោះ កើតឡើង​ដោយសារតែ​កុមារី​អ្នកបម្រើ​ម្នាក់ ខឹង​កូន​ថៅកែ ជេរប្រមាថ​ឪពុកម្តាយ​នាង ហើយ​ក្រោយមក នាង​ក៏​ច្រាន​ឆ្កែ​របស់​ថៅកែ ១​ក្បាល ទម្លាក់​អាងទឹក ហើយ​ងាប់​ឆ្កែ​នោះ កាលពី​ថ្ងៃទី​២៣​តុលា ធ្វើ​ឲ្យ​លោក​មេបញ្ជាការ​ប៉េអឹម ខឹង និង​រកមុខ​អ្នកធ្វើ​។ រហូតដល់​ថ្ងៃទី​២៧​តុលា ទើប​ម្ចាស់ផ្ទះ បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ក៏​រកឃើញថា កុមារី​ឈ្មោះ វន ពិសី ជា​អ្នក​ច្រាន​ឆ្កែ​ទម្លាក់​ទឹក បណ្ដាលអោយ​ងាប់​។ ក្រោយមក គេ​ក៏​បានឱ្យ​អ្នកបម្រើ​ផ្សេងទៀត ទៅ​ឌុប​កុមារី​ទាំងពីរ​នាក់ ចេញពី​ភូមិគ្រឹះ​របស់ខ្លួន នៅ​ចំណុច​ភូមិ​រកា​កណ្តាល ឆ្ពោះទៅកាន់​ហាង​លក់​ទូរស័ព្ទ​យីហោ «​លាង​ហ៊ុយ ប្រេន​» ស្ថិតនៅ​ចំណុច​ទល់មុខ​ធនាគារ​ស្ថាបនា ក្បែរ​អធិការ​ក្រុង​ក្រចេះ​។​

​បើតាម​កុមារី​រងគ្រោះ​ទាំងពីរ​នាក់ ខណៈពេល​ទៅដល់​ហាង​ទូរស័ព្ទ​នោះ លោក​វរសេនីយ៍ ត្រី ទេព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ បាន​ជាន់​ក្បាល​កុមារី ឈ្មោះ ត្រេ​ត ធារ៉ា ទាំង​ស្បែកជើង និង​បាន​ទះកំផ្លៀង​នាង ៣​ដៃ ក្នុងនោះ មាន​មេបញ្ជាការរង​អាវុធហត្ថក្រុង​ម្នាក់ទៀត ឈ្មោះ រិ​ទ្ធ ព្រមទាំង​បក្សពួក​ម្នាក់ទៀត ក៏បាន​ចូលរួម​ធ្វើ​ទារុណកម្ម ទៅលើ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ផងដែរ ដោយ​ប្រើ​កៅអី​វ៉ៃ ជាន់ ធាក់​ថែម​ទៀតផង​។

​ខណៈពេលដែល​កំពុងតែ​ធ្វើ​ទារុណកម្ម​ទៅលើ​កុមារី​រងគ្រោះ​ទាំងពីរ​នាក់ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ និង​កូនចៅ​ចំនួន​ពីរ​នាក់​ទៀត ក៏បាន​គំរាម​បាញ់សម្លាប់​ពួកនាង​​ចោល និង​ចង​ផ្អោប​គ្នា បោះចោល​ក្នុង​ទឹកទន្លេ​ថែមទៀត​។ ពេល​ពួកនាង​ត្រឡប់ ទៅ​ភូមិគ្រឹះ​របស់លោក​មេបញ្ជាកា​រ​ប៉េអឹម​ក្រុង​ក្រចេះ​វិញ ក៏ត្រូវ​បាន​ថៅកែ​ស្រី បោចសក់​កុមារី​ទាំងពីរ​ថែមទៀត​។​

​ពួកនាង​រៀបរាប់​បន្តថា បន្ទាប់មក ពេលយប់ លោក​មេ​ប៉េអឹម​ក្រុង​ក្រចេះ និង​ភរិយា បាន​បញ្ជា​ឲ្យ​ពួកនាង អង្គុយបត់ជើង​សំពះ​នៅមុខ​ផ្នូរខ្មោច​ឆ្កែ រហូតទល់​ភ្លឺ ដោយ​មិនអោយ​ដេក​នោះទេ មិនតែប៉ុណ្ណោះ បាន​បញ្ជា​ឲ្យ​កុមារី ឈ្មោះ ត្រេ​ត ធារ៉ា ដើរ​រើស​អាចម៍ឆ្កែ យក​ទៅអោយ​កុមារី ឈ្មោះ វន ពិសី ស៊ី ដោយ​ចោទថា នាង​ធារ៉ា ជា​អ្នកសមគំនិត​ឲ្យ​នាង ពិសី សម្លាប់​ឆ្កែ​របស់គេ​។​

​ឪពុក​​កុមារី​រងគ្រោះ ក៏ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ទេ​ព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ គំរាមថា បើ​មិន​ចង់ឱ្យ​កូន​ជាប់ពន្ធនាគារ​ទេ ត្រូវ​បង់លុយ​ឱ្យគេ ក្នុង​មួយខែ ១០០​ដុល្លារ​អាមេរិក សម្រាប់​ក្មេង​ម្នាក់ៗ រហូតដល់​រយៈពេល​បី​ឆ្នាំ​។​

​រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​កសាង​​សំណុំរឿង ប​ញ្ជួ​ន​មេបញ្ជាការ​ក្រុង​ក្រចេះ និង​បក្សពួក​របស់ខ្លួន ទៅ​សាលាដំបូង​ខេត្តក្រចេះ ជុំវិញ​ករណី​ប្រើប្រាស់​ហិង្សា​លើ​កូនឈ្នួល​របស់ខ្លួន យ៉ាង​ឃោរឃៅ អមនុស្សធម៌ ដោយមាន​ទាំង​បង្ខំ​ឲ្យ​ស៊ី​អាចម៍ឆ្កែ​​ថែមទៀត​។​

​ការធ្វើ​ទារុណកម្ម​លើ​កុមារី​រងគ្រោះ​ទាំងពីរ​នាក់ នៅ​ក្រុង​ក្រចេះ​នេះ គឺជា​អំពើ​ថោកទាប ដែល​មហាជន​ស្អប់ខ្ពើម និង​ថ្កោលទោស​យ៉ាងខ្លាំង​។ ធ្វើ​ដល់​មេ​ប៉េអឹម​ក្រុង​ក្រចេះ ហើយ​ជា​អ្នកមាន​លុយ ជា​ថៅកែ​ហាង​លក់​ទូរស័ព្ទ​ធំជាងគេ នៅ​ខេត្តក្រចេះ និង​រស់នៅ​ភូមិគ្រឹះ​វីឡា​ស្កឹមស្កៃ បែរជា​ប្រព្រឹត្ត​អំពើ​ថោកទាប ហើយ​គ្មាន​ការគិត​ពិចារណា ដោយ​ចាត់ទុក​ជីវិត​សត្វ​តិរច្ឆាន ធំ​ជាង​ជីវិត​មនុស្ស​ទៅវិញ​។

​កន្លងមក ការធ្វើ​ទារុណកម្ម លើ​អ្នកបម្រើ តែងតែ​កើតឡើង នៅក្នុង​សង្គម​យើង ហើយ​ច្បាប់ ​ក៏​មិន​លើកលែង​ឲ្យ​ថៅកែ ជា​អ្នកមាន​លុយ មានអំណាច​ទាំងនោះ​ ម្តងណា​ឡើយ​។ ករណី​ចុងក្រោយ នៅ​ក្រុង​ក្រចេះ មាន​ឋានៈ​ដល់​ទៅ​មេ​ប៉េអឹម តែចរិត មិនថ្លៃថ្នូរ​នេះ គឺជា​អំពើហិង្សា ដែល​ពុំ​ធ្លាប់មាន​ពីមុន​មក​ទេ នៅកម្ពុជា ពិសេស​ក្នុងសម័យតេជោ​។​

​ជនល្មើស ជា​មេ​ប៉េអឹម​ក្រុង​ក្រចេះ បាន​ប្រមាថ​ជីវិត​មនុស្ស មិន​ស្មើ​​សត្វ​ធាតុ ដោយសារតែ​កុមារីរងគ្រោះ ​ក្រីក្រ មក​ស៊ីឈ្នួល បម្រើ​ខ្លួន​​។ ក្រៅពី​វាយ​ធ្វើបាប​កុមារី ​មិនទាន់​គ្រប់​អាយុ​ទាំង​ពីរនាក់​ហើយ មេ​ប៉េអឹម​ក្រុង​ដ៏​ទុរយ​ស​នោះ នៅបាន​បង្ខំ​ឲ្យ​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ទាំង ២​នាក់ ទៅ​អង្គុយបត់ជើង សំពះ​ថ្វាយបង្គំ ផ្នូរខ្មោច​ឆ្កែ និង​ឲ្យ​ស៊ី​អាចម៍ឆ្កែ​ថែមទៀត​។ ពិតជា​អ្នកមាន តែអន់​ចរិត​​ហួស​ថ្លែង ប្រៀបដូចគ្មាន​សារជាតិ​ ជា​មនុស្ស​ទាល់តែសោះ​។​

​ករណីនេះ តុលាការ​ត្រូវ​តែផ្តន្ទាទោស​តាមច្បាប់ ​ដោយ​គ្មាន​លើកលែង លើ​មេ​ប៉េអឹម​ក្រុង​ក្រចេះ ដែល​ប្រព្រឹត្ត​ទង្វើ​ថោកទាប អសីលធម៌​ នាំ​ឲ្យ​អាប់អោន​ដល់​កងរាជអាវុធហត្ថ​ទាំងមូល​​តែម្តង​។ ក្រៅពី​ផ្តន្ទាទោស សងជំងឺចិត្ត​ដល់​កុមារី​រងគ្រោះ​ហើយ ក៏​មិនត្រូវ​ទុក​​មនុស្ស​​អសីលធម៌​​របៀបនេះ ក្នុង​ជួរ​កងកម្លាំង​ទៀត​​នោះ​ឡើយ​​។

​រឿងហេតុ​ប្រើអំ​ពើហិង្សា​លើ​កុមារី​អ្នកបម្រើ ដោយ​ទុក​ជីវិត​មនុស្ស មិន​ស្មើ​សត្វ​តិរច្ឆាន​នោះ ក៏​ដោយសារតែ​លោក​មេ​ប៉េអឹម​ក្រុង​ក្រចេះ និង​ភរិយា មានការ​ប្រមាថ​។ អាង​ខ្លួន​ជា​អ្នកមានអំណាច និង​ជា​អ្នកមាន​លុយ ចង់​ធ្វើ​អ្វី​ស្រេចចិត្ត​ក៏បាន ​លើ​អ្នកបម្រើ​។ តែ​លោ​កមេ​ប៉េអឹមក្រុង​ ភ្លេច​​គិត​ថា សម័យ​តេ​ជោ​នេះ មិនអាច​មាន​មនុស្ស​អគតិ រ​ង្វេ​ង​ភ្លេច​ខ្លួនឯង​ថា ជាម​នុស្ស ជាមេដឹកនាំគេ ដែលត្រូវតែ​មាន​សតិ​​គិតពិចារណា​​នោះឡើយ​​។​

​ទៅ​ឈ្លោះ​អី​នឹង​អ្នកបម្រើ អ្នកក្រីក្រ​ទន់ខ្សោយ ដោយសារតែ​រឿង​ឆ្កែ​មួយ​ក្បាល​ដូច្នេះ​។ បើ​​ស្អប់​ក្មេងស្រី​អ្ន​កបម្រើ​ទាំងពីរ ដោយសារតែសម្លាប់ឆ្កែ១ក្បាល គឺ​ឈប់​ឲ្យ​​នៅ​ធ្វើការ​បម្រើតទៅទៀតទៅ វា​ចប់​រឿង​ហើយ​។ លោក​មេ​ប៉េអឹម យកលុយ​ទៅ​ទិញ​ឆ្កែ ១០០​ក្បាល​​ទៀត ក៏​មិន​អស់​លុយ​ច្រើន​ប៉ុន្មាន​ផង​។ ក្រៅពីនោះ លោក​មេ​ប៉េអឹម​ក្រុង និង​ភរិយា ក៏​ត្រូវតែ​ប្រដៅ​កូន​របស់ខ្លួន កុំ​ឲ្យ​មើល​ងាយ​​មនុស្ស ប្រមាថ​ដល់​អ្នកបម្រើ​ក្នុងផ្ទះ និង​ចេះ​គោរព​ចាស់ទុំ ជាដើម​។ ករណីនេះ សំណាង​ហើយ ដែល​អ្នកបម្រើ មិន​លួច​ដាក់​ថ្នាំ​ពុល ក្នុង​ចំណីអាហារ​។ ចុះបើ​អ្នកបម្រើ គុំ​គួ​ន ហើយ​លួច​ដាក់​ថ្នាំ​បំពុល មិន​ងាប់​មេប៉េអឹមក្រុង​មួយ​ពូជ​ទៅ​ហើយ​។​

​និយាយ​ដូច្នេះ មិនមែន​កាន់ជើង​អ្នកបម្រើ​ទេ​។ ជា​អ្នកបម្រើ​គេ ក៏ត្រូវ​មានចិត្ត​ស្មោះត្រង់​នឹង​ថៅកែ ហើយ​អត់ធ្មត់ ​ទាំង​ការងារ​តូចធំ​ផង និង​អត់ធ្មត់​ទាំង​ចិត្ត ទាំង​សម្តី មិន​ថា​ថៅកែ ឬ​កូនចៅ​​ថៅកែ​នោះទេ​​។ បើ​អស់​ការអត់ធ្មត់ ទ្រាំទ្រ​លែង​បាន សុំ​ថៅកែ​ឈប់​ធ្វើការ ដោយ​មិនត្រូវ​ខឹង​គោ ទៅ​វ៉ៃ​រទេះ​ឡើយ​។ ករណី​នៅផ្ទះ​មេ​ប៉េអឹម​ក្រុងក្រចេះ​​នោះ កុមារី​អ្នកបម្រើ ខឹង​កូន​ថៅកែ បែរជា​ទៅ​សម្លាប់​ឆ្កែ ហើយ​ច្រាន​គ្នា ទម្លាក់​ទឹក ឲ្យ​ឈ្លក់ទឹក​ងាប់​ដូច្នេះ គឺ​មិនមែនជា​ដំណោះស្រាយ​ល្អ​ឡើយ​។ អ្នកធ្វើ​ឲ្យ​ឆ្កែ​ងាប់ ត្រូវមាន​កម្ម​ពារ​ទៅ​ថ្ងៃមុខ ឬ​ទៅ​ជាតិ​ក្រោយ បើទោះជា​ច្បាប់ មិន​ចាប់កំហុស ដាក់ទោស​ក៏ដោយចុះ​។​

​យ៉ាងណាក៏ដោយ ក្នុង​រឿងនេះ ដោយសារតែ​លោក​មេ​ប៉េអឹម​ក្រុង ខឹង​ខុស ខឹង​ខាត​។ ពេលនេះ អស់ទាំង​កិត្តិយស បុណ្យស័ក្តិ លុយកាក់ ហើយ​ត្រូវ​ជាប់គុក​ទៀត បើតុលាការ មានយុត្តិធម៌​ពិត​​។ ដល់ពេល​ជាប់​ខ្នោះ​​ដូច្នេះ ប្រហែលជា​លោក​មេ​ប៉េអឹម​ក្រុង និង​បក្ខពួក រួមទាំង​ភរិយា និង​កូន​ៗ អាច​ភ្ញាក់ខ្លួន ដូច​ខ្មោច ៧​ថ្ងៃ ហើយ​បែប​​មាន​សតិ វិល​​ជាម​នុស្ស​​វិញ​ខ្លះៗ​​ហើយ មើលទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ