ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិ​សុខ​ស្បៀង​​នៅ​តែ​ជា​បញ្ហា​រសើប​ដែល​គ្រប់​​ប្រទេស​ត្រូវ​តែ​ដោះ​ស្រាយ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា សន្តិ​សុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​រសើប ដែល​តំរូវ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់​​​ខិតខំ​ដោះ​ស្រាយ។ ក្តី​បារម្ភ​នេះ គឺ​ជា​កាលានុ​វត្ត​ភាព​ថ្មី​សំរាប់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​ មាន​សក្តានុ​ពល​ខ្ពស់​ផ្នែក​កសិ​កម្ម។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០១០ ក្នុង​ឱកាស

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា សន្តិ​សុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​រសើប ដែល​តំរូវ​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់​​​ខិតខំ​ដោះ​ស្រាយ។ ក្តី​បារម្ភ​នេះ គឺ​ជា​កាលានុ​វត្ត​ភាព​ថ្មី​សំរាប់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុ​ពល​ខ្ពស់​ផ្នែក​កសិ​កម្ម។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០១០ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិ​បតី​​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម​ និង​ព្រៃ​ឈើ​អាស៊ាន​លើក​ទី​៣២ នៅ​វិមាន​សន្តិ​ភាព​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី ដែល​ជា​ព្រឹត្តិ​ការណ៍​ថ្មី​មួយ​ទៀត​សំរាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​បង្ហាញ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វា​ហាប់ ប្រកប​ដោយ​ភាព​ជឿ​ជាក់ និង​ភាព​​ប្រាកដ​ប្រជា រួម​ទាំង​ការ​អភិ​វឌ្ឍ​ស្ថាប័ន​ និង​ការ​ពង្រឹង​បាន​នូវ​ភាព​ម្ចាស់​ការ​របស់​ខ្លួន។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​ឡាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ តំបន់ សំដៅ​លើក​ស្ទួយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​កសិ​កម្ម ជា​ពិសេស​ការ​វិនិ​យោគ​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​ផ្ទេរ​បច្ចេក​វិទ្យា និង​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេស​ដើម្បី​បង្កើត​ផលិត​ភាព​កសិ​កម្ម។ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន​លើក​ទី​៣២ ក៏​ដូច​ជា​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម​ និង​ព្រៃ​ឈើ​អាស៊ាន​បូក​៣ លើក​ទី​១០ នៅ​ពេល​នេះ នឹង​ផ្តល់​បន្ថែម​ទៀត​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ទៅ​រក​បាន​នូវ​ដំណោះ​​ស្រាយ​លើ​បញ្ហា​ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ដើម្បី​អនា​គត​រុង​រឿង​នៃ​ប្រជា​ជន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​យើង​នេះ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ស្នើ​ដល់​កិច្ច​ប្រជុំ​ទាំង​មូល​សូម​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិភាក្សា​​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​បញ្ហា​មួយ​ចំនួន​បន្ថែម​ទៀត​​រួម​មាន ៖ ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ​បច្ចេក​ទេស និង​ការ​វិនិ​យោគ​លើ​វិស័យ​កសិ​កម្ម​រវាង​រដ្ឋ​អាស៊ាន អាស៊ាន​បូក​៣ ដើម្បី​ធានា​ផ្គត់​ផ្គង់​ស្បៀង​អាហារ សន្តិ​សុខ​ស្បៀង​អាហារ ដោយ​ក្នុង​នោះ​ក៏​ត្រូវ​គិត​គូរ​ផង​ដែរ​អំពី​ការ​បង្កើត និង​ពង្រឹង​ប្រព័ន្ធ​ព័ត៌​មាន​ស្តីពី​សន្តិ​សុខ​ស្បៀង​នៅ​អាស៊ាន​បូក​៣ នា​ពេល​អនា​គត។ គោល​នយោ​បាយ​ជំរុញ​ការ​វិនិ​យោគ ពិសេស​វិស័យ​ផ្គត់​ផ្គង់​ចំណី​អាហារ ភូត​គាម​ អនា​ម័យ (SPS) ប្រព័ន្ធ​ធានា​គុណ​ភាព​ផលិត​ផល ទំរង់​បែប​បទ​ច្បាប់ និង​ការ​សំរួល​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ក៏​ដូច​ជា​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិ​កម្ម និង​ការ​បង្កើន​​តំលៃ​បន្ថែម​លើ​ផលិត​ផល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ កិច្ច​សហ​ការ​ជំរុញ​ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន ធន​ធាន​មនុស្ស ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ព្រម​ទាំង​ការ​កំណត់​នូវ​វិធាន​ការ​ជា​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អនុ​វត្ត​​ផលិត​ផល​កសិ​កម្ម​ក្រោម​ឥទ្ធិ​ពល​នៃ​សំរប​សំរួល​អាកាស​ធាតុ និង​គ្រោះ​ធម្ម​ជាតិ ក៏​ដូច​ជា​វិធាន​ការ​ទប់​ទល់​នឹង​បញ្ហា​ជំងឺ​ឆ្លង​ផ្តាសាយ​បក្សី ផ្តាសាយ​ថ្មី AH1N1​ជា​ដើម។ បញ្ហា​សន្តិ​សុខ​ស្បៀង​ និង​ជីវៈ ដោយ​នៅ​ក្នុង​នោះ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តុល្យ​ភាព​រវាង​ផលិត​កម្ម​ដំណាំ សំរាប់​ផលិត​ជា​ថាម​ពល និង​ដំណាំ​ស្បៀង​អាហារ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​កាលៈ​ទេសៈ​នេះ សន្តិ​សុខ​ស្បៀង​បាន​និង​កំពុង​ក្លាយ​ជា​បញ្ហា​សំខាន់​របស់​រដ្ឋា​ភិបាល​នៃ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក។ ​ការ​កើន​ឡើង​នៃ​តំលៃ​ស្បៀង​អាហារ​ ការ​កើន​ឡើង​តំលៃ​ប្រេ​ឥន្ធនៈ កំណើន​ប្រជា​ជន​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ ការ​ថយ​ចុះ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ដោយ​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់​ផ្ទៃ​ដី​ដើម្បី​បង្កើន​ផលិត​កម្ម​កសិ​កម្ម​ដំណាំ​សំរាប់​ជីវ​ឥន្ធនៈ និង​ការ​ធ្លាក់​​ចុះ​នៃ​រូបិយ​វត្ថុ​សកល និង​ការ​ស្តុក​ទុក​គ្រឿង​ឧប​ភោគ​ បរិភោគ​ក្នុង​បំណង​ដំឡើង​ថ្លៃ។ បញ្ហា​ចំពោះ​មុខ​នេះ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា អាស៊ាន​ត្រូវ​មាន​តួនាទី​ឱ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​ស្បៀង​​ដល់​ប្រជា​ជន​នៃ​បណ្តា​ប្រទេស​​ជា​សមា​ជិក ក៏​ដូច​ជា​ក្នុង​តំបន់ និង​ពិភព​លោក​ទាំង​មូល​ដែល​កំពុង​ដង្ហោយ​ហៅ​រក​ស្បៀង​អាហារ​សំរាប់​បំពេញ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សង្កត់​ធ្ងន់​ថា អាស៊ាន​គួរ​ផ្តោត​លើ​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​ឱ្យ​កាន់​តែ​ស៊ី​ជំរៅ និង​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​បង្កើន​ផលិត​ភាព​កសិ​កម្ម ជា​ពិសេស​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ឱ្យ​បាន​ទាន់​ពេល​វេលា​ដល់​កសិ​ករ​នៅ​មូល​ដ្ឋាន។ ដោយ​ឡែក​អាស៊ាន​គួរ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​នូវ​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​ត្រូវ​បន្ត​រៀបចំ​ជា​ផែន​ការ​សកម្ម​ភាព​ក្នុង​វិស័យ​កសិ​កម្ម​តាម​លំដាប់​អាទិ​ភាព ដោយ​រួម​គ្នា​ដោះ​ស្រាយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អាស៊ាន អាស៊ាន​បូក​៣ ដើម្បី​ឈាន​ទៅ​សំរេច​បាន​នូវ​ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​មួយ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន​លើក​ទី​៣២ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម​ និង​ព្រៃ​ឈើ​អាស៊ាន​បូក​៣ លើក​ទី​១០ និង​កិច្ច​ប្រជុំ​អម​ផ្សេង​ៗ​ទៀត​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១០​នេះ នឹង​បង្កើន​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ ដែល​ជា​សក្ខី​ភាព​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង និង​វឌ្ឍន​ភាព​ប្រកប​ដោយ​ផ្លែ​ផ្កា​មួយ​ថ្មី​ទៀត។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សង្ឃឹម​ថា ការ​បន្ត​ជំរុញ​ការ​អនុ​វត្ត​សកម្ម​ភាព ពិពិធ​ភាវូបនីយ​កម្ម​កសិក​កម្ម និង​ព្រៃ​ឈើ នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយ​ទៅ​ជា​សហ​គមន៍​មួយ​មាន​ការ​រីក​ចំរើន​រុង​រឿង​យ៉ាង​ពិត​ប្រាកដ។ ក្នុង​ក្រប​ខណ្ឌ​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជានិច្ច​កាល​តែងបាន​ត្រៀម​លក្ខណៈ​ចូល​រួម​ចំណែក​ក្នុង​ន័យ​ជួយ​ពន្លឿន​ការ​អភិ​វឌ្ឍ​កសិ​កម្ម​ឱ្យ​មាន​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​សំរាប់​ជា​ប្រយោជន៍​ដល់​ប្រជា​ជន​នៃ​រដ្ឋ​អាស៊ាន និង​ក្នុង​តំបន់​ទាំង​មូល។ ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន​លើក​ទី​៣២ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កសិ​​កម្ម​ និង​ព្រៃ​ឈើ​អាស៊ាន​បូក​៣ លើក​ទី​១០ និង​កិច្ច​ប្រជុំ​អម​ផ្សេង​ៗ​ទៀត គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​កំរ​ដែល​ឧត្តម​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន និង​ឧត្តម​មន្ត្រី​នៃ​ប្រទេស​បូក​៣ គឺ​ចិន, ជប៉ុន និង​កូរ៉េ បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស និង​បញ្ចប់​ការ​ងារ​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ ព្រម​ទាំង​បាន​លើក​ឡើង​នូវ​កិច្ច​ការ​ និង​វិធាន​ការ​សំរាប់​អនុ​វត្ត​បន្ត និង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន និង​ប្រទេស​បូក​៣ ធ្វើ​ការ​ពិនិត្យ​ និង​សំរេច។

លោក​បណ្ឌិតរដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​បន្ត​ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​បណ្តា​ប្រទេស​ដែល​ជា​សមា​ជិក​អាស៊ាន និង​ប្រទេស​បូក​៣ ដែល​ជា​ដៃ​គូ​អភិ​វឌ្ឍន៍​លើ​វិស័យ​កសិ​កម្ម និង​ព្រៃ​ឈើ គឺ​ជា​ចលករ​មួយ​ដ៏​មាន​សក្តានុ​ពល​បំផុត​ក្នុង​ការ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ស្បៀង​ក្នុង​តំបន់ ដែល​កន្លង​មក​ត្រូវ​បាន​អនុ​វត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ជោគ​ជ័យ​ខ្ពស់​បំផុត​ជា​អាទិ៍ ៖ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​នៃ​អាហារូ​បត្ថម្ភ សុវត្ថិ​ភាព​ស្បៀង ការ​ត្រៀម​បំរុង​ស្រូវ​ អង្ករ ជួយ​សង្គ្រោះ​ក្នុង​ករណី​គ្រាអាសន្ន ការ​រៀបចំ​ប្រព័ន្ធ​ព័ត៌​មាន​កសិ​កម្ម​ជា​ដើម។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​កសិ​កម្ម ផលិត​កម្ម បសុ​ព្យាបាល ជល​ផល សហ​គមន៍ កសិ​កម្ម ការ​ស្រាវ​ជ្រាវ​បណ្តុះ​បណ្តាល ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដល់​កសិ​ករ ដើម្បី​តំរង់​ទិស​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​កសិ​-ពាណិជ្ជ​កម្ម។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​ព្រៃ​ឈើ និង​សត្វ​ព្រៃ។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​កសិ​កម្ម និង​ផល-អនុ​ផល​ព្រៃ​ឈើ​ជា​ដើម។

ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ លោក​បណ្ឌិត​ ច័ន្ទ​ សារុន សង្កត់​ធ្ងន់​ថា ប្រធាន​បទ​សំខាន់​ៗ​មួយ​ចំនួន​ដែល​គ្រោង​នឹង​ដាក់​ក្នុង​កិច្ច​​ពិភាក្សា និង​អនុ​ម័ត​រួម​មាន​វិធាន​ការ​ណែនាំ​​អំពី​ភូត​គាម​អនា​ម័យ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន កំរិត​ អតិ​បរមា​នៃ​សំណល់​ជាតិ​ពល​លើ​កសិ​ផល ស្តង់ដា​កសិ​ផល។ ដោយ​ឡែក​ឯក​សារ​កិច្ច​ព្រម​ព្រៀង​ស្តី​អំពី​ការ​ត្រៀម​បំរុង​អង្ករ​សំរាប់​គ្រោះ​អាសន្ន​ដែល​ទទួល​បាន​នូវ​ការ​សំរេច​ជា​គោល​ការណ៍​ឱ្យ​រៀបចំ​ដោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​៣ នឹង​ក្លាយ​ជា​ឯក​សារ​ដែល​ត្រូវ​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​កសិ​កម្ម និង​ព្រៃ​ឈើ​អាស៊ាន និង​ប្រទេស​បូក​៣៕