ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ខេត្ត​ព្រះសីហនុ៖ ខេត្ត​ព្រះសីហនុ ជាប់​​សមុទ្រ បានដាក់​ចេញ​នូវ​វិធាន​ការរំដោះ​ចំណីផ្លូវ តាមរយៈ​ការហាម​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ដាក់តាំង​សម្ភារៈ​លក់ដូរ នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ​។ វិធានការ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ…

​ខេត្ត​ព្រះសីហនុ៖ ខេត្ត​ព្រះសីហនុ ជាប់​​សមុទ្រ បានដាក់​ចេញ​នូវ​វិធាន​ការរំដោះ​ចំណីផ្លូវ តាមរយៈ​ការហាម​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ដាក់តាំង​សម្ភារៈ​លក់ដូរ នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ​។ វិធានការ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ចេញ​ជា​លិខិត លាយលក្ខណ៍អក្សរ ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​។​

​តាម​សេចក្តីជូនដំណឹង ក្នុង​រយៈពេល​កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បាន​យក​ចំណីផ្លូវ​ធ្វើជា​កន្លែង​ដាក់តាំង​សម្ភារ​លក់ដូរ ប្រកប​អាជីវកម្ម និង​យក​យានយន្ត មក​ចត​លើ​កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា ដែលជា​ចំណីផ្លូវ សម្រាប់​អ្នក​ថ្មើរជើង​ដើរ​។ ស្ថានភាព​នេះ បានធ្វើ​ឲ្យ​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ដែល​ទើប​ស្ថាបនា​យ៉ាង​ស្អាត​ប្រណិត បាត់បង់​នូវ​សណ្តាប់ធ្នាប់ សោភ័ណភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ថ្មើរជើង គ្មាន​ចំណីផ្លូវ សម្រាប់​ដើរ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ ឈប់ ឬ​ចត ឬ​បើកបរ​នៅលើ​ចំណីផ្លូវ ( កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា )​។ ក្នុងនោះ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ត្រូវ​រៀបចំ​ចំណត​យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់ខ្លួន ជៀសវាង​ការយក​ដំ​ណី​ផ្លូវ ឬ​ទ្រូងផ្លូវ​ធ្វើជា​ចំណត​យានយន្ត​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ប្រកាស មិន​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន យក​ចំណីផ្លូវ​សាធារណៈ ធ្វើ​អាជីវកម្ម ដូចជា​ការដាក់​តុ​អាហារ ការដាក់​តាំង​សម្ភារៈ​លក់ដូរ និង​ការប្រើប្រាស់​ចំណីផ្លូវ​ក្នុងន័យ​បំរើ​ផលប្រយោជន៍​បុគ្គល​នោះទេ​។ ចំណីផ្លូវ ( កម្រាល​ថ្ម​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា ) ប្រើប្រាស់​សម្រាប់​ការដើរ​ថ្មើរជើង​តែប៉ុណ្ណោះ និង​ជិះ​កង់ ប្រសិនបើ​មាន​គំនូស​ផ្លូវ សម្រាប់​អ្នកជិះ​កង់​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ព្រមាន​ថា ករណី​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហា​រដ្ឋា​ន មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ សមត្ថកិច្ច​ជំនាញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​នៅ​ជា​ធរមាន​។​

​ចំណាត់ការ​ថ្មី​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុង​ការរំដោះ​ចំណីផ្លូវ​នេះ ត្រូវបាន​ប្រកាសឡើង​ភ្លាមៗ ក្រោយ​លោក ឡុង ឌី​ម៉​ង់ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ក្រោយ​បញ្ចប់​បេសកកម្ម ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។​

​គេ​នៅ​ចាំបាន​ថា អំឡុងពេល​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាល​នៅ​ជា​អភិបាលខណ្ឌ​មានជ័យ និង​ក្រោយមក ផ្លាស់​ជា​ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ហើយកាលណោះ ​លោក ឡុង ឌី​ម៉​ង់ នៅ​ជា​នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មុន​ឆ្នាំ​២០១៦ គឺ​រាជធានី​ភ្នំពេញ ក៏បាន​ដាក់ចេញ​នូវ​វិធាន​ការរំដោះ​​ចំណី​ផ្លូវ និ​ង​​ចិញ្ចើមផ្លូវ ទុក​សម្រាប់​ថ្មើរជើង​​។ ​ប៉ុន្តែ​វិធានការ​របស់​​អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ រំដោះចិញ្ចើមផ្លូវ​​ មកដល់ពេលនេះ នៅតាម​ផ្លូវ​ជាច្រើន មិនទាន់​អាចធ្វើ​បាន​នៅឡើយ​ទេ​។​

​វិធាន​ការរំដោះ​ចំណីផ្លូវ នៅ​ភ្នំពេញ មិនទាន់​ធ្វើទៅបាន មាន​ហេតុផល​ច្រើនយ៉ាង​។ ១-​អាចមកពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ ធ្វើ​លំៗ ហើយ​ធ្វើតាម​សម្រើប​មួយ​ឆាវៗ​។ នឹកឃើញ​ធ្វើ​។ ដល់​បាត់​ចំណង់ ក៏​ឈប់។ ២-​មិនមាន​ការត្រួតពិនិត្យ​។ ៣-​អាជ្ញាធរ​សមត្ថកិច្ច​ខ្លួនឯង យកលុយ​ពី​អ្នករំលោភ​ចិញ្ចើម និង​ចំណីផ្លូវ​ទាំងនោះ ហើយ​ធ្វើជា​មើលមិនឃើញ​តែម្តង​។

​ស្ទើរតែ​រាល់ថ្ងៃ នៅពេលនេះ មិន​ថា អាជ្ញាធរ​ខណ្ឌ ឬក៏​ប៉ូលិស​ទេ នៅ​ភ្នំពេញ តែងតែ​ដាក់​កម្លាំង ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ​។ ពិសេស​ក្រុម​ប្រជា​ការពារ បើកឡាន​ស្រែក​មេក្រូ​ផង ចាប់​រឹបអូស​យក​ឥ​វ៉ាន់ ទំនិញ ម៉ូតូ ដែល​ចត​លើ​ចំណីផ្លូវ ចិញ្ចើមផ្លូវ និង​លើ​ទ្រូងផ្លូវ​ លើកដាក់ឡាន​ផង​។ តែ​មកដល់ពេល​នេះ វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ លើ​ចិញ្ចើម និង​ចំណីផ្លូវ ហាក់ដូចជា​វែក​ចក នៅតាម​ផ្លូវ​ជាច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ប៉ុន្តែ​ពេលនេះ នៅ​ក្រុងព្រះសីហនុ អាច​ខុសពី​នៅ​ភ្នំពេញ​។ អ្នកធ្វើការ​រាជការ​ភាគច្រើន ស្គាល់ និង​ដឹង​ពី​ការងារ​របស់លោក​គួច​ចំរើន ដែលជា​អ្នក​ជំនិត​នឹង​លោក​ ជា ​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​នគរូបនីយកម្ម និង​សំណង់ ដែល​ស្ថិតក្នុង​ក្រុមយុវជន ២២ មាន​រហ័ស្ស​នាម P5 របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុមយុវជន​នេះ មាន​ទ្រឹស្តី​មួយ​​ថា «​ដាំ​ផ្កា​លើ​​ថ្ម ល្អ​ជាង​ដីល្បាប់​»​។ មានន័យថា គ្មាន​អ្វីដែល​ក្រុមយុវជន​នេះ ធ្វើ​មិន​បានទេ ហើយ​ធ្វើ​បានល្អ ដោយ​សម្រេច​រាល់​កិច្ចការងារ​ថែម​ទៀតផង​។​

​ជាការ​ពិត គ្រាន់តែ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​តាមផ្លូវ រួមទាំង​ការរំដោះ​ចំណីផ្លូវ សម្រាប់​ថ្មើរជើង នៅ​ទីក្រុង​ព្រះសីហនុ​ដ៏​ស្រស់បំព្រង មិនមាន​អ្វី ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ មិនអាច​ធ្វើ​នោះទេ​។ ដាក់វិធានការតឹងរឹង ហើយ​អនុវត្ត និងតាមដានត្រួតពិនិត្យជាប្រចាំ។ អ្នកល្មើស ត្រូវអប់រំណែនាំ ហើយបើម្តងជាពីរដង នៅតែមិនស្តាប់ ត្រូវចាប់រឹបអូស ផាកពិន័យ និងធ្វើកិច្ចសន្យា មុននឹង​មានវិធានការផ្លូវច្បាប់។​

ម្យ៉ាង ខេត្តព្រះសីហនុ ទើបតែប្រែមុខមាត់ថ្មី ក្រោយ​ផ្លូវ​ ៣៤ខ្សែ ទើបស្ថាបនារួចរាល់ រួមទាំង​ការអភិវឌ្ឍដ៏ឆាប់រហ័ស នៅពេលចិន ចូលមកច្រើន។ អគារខ្ពស់​ជាច្រើន បានកើតឡើង​ នៅខេត្តជាប់មាត់សមុទ្រដ៏ស្រស់បំ​ព្រងនេះ។ ដូច្នេះ​ដើម្បី​ឲ្យ​សម​នឹង​ផ្លូវថ្មីទើបធ្វើរួច និង​អគារ​ខ្ពស់ៗជាច្រើនផង ខេត្តព្រះសីហនុ ត្រូវតែស្អាត និងត្រូវតែមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ​។

​តាម​បទពិសោធន៍​ការងារ​ជា​អភិបាលខណ្ឌរបស់លោក​គួច​ចំរើន នៅភ្នំពេញ និង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ របស់លោក​ឡុង​ឌី​ម៉​ង់ មហាជន​ជឿថា ចំណីផ្លូវ​តាម​មហាវិថី ដែល​ទើប​សាងសង់​រួចរាល់​លើ​ទឹកដី​ឆ្នេរសមុទ្រ​នេះ នឹងមិន​ត្រូវ​រំលោភ​យក​ធ្វើជា​ចំណត ឬ​កន្លែង​លក់ដូរ​នោះទេ​។ គ្មានអ្វី​ធ្វើ​មិន​បានទេ បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច អនុវត្ត​វិធានការ​ម៉ឺងម៉ាត់ ដោយ​កុំ​យោគយល់​សាច់ញាតិ ឬក៏​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ