ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង មកដល់​ចុង​​សប្តាហ៍​ទី​៣ ក្រោយ​ភ្ជុំ នាពេលនេះ បាន​ថមថយ​​​។ ​ចំនួន​​អ្នក​​ឆ្លង និង​អ្នកស្លាប់ ក៏​បន្ត​ថយចុះ​រៀងរាល់ថ្ងៃ…

ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង មកដល់​ចុង​​សប្តាហ៍​ទី​៣ ក្រោយ​ភ្ជុំ នាពេលនេះ បាន​ថមថយ​​​។ ​ចំនួន​​អ្នក​​ឆ្លង និង​អ្នកស្លាប់ ក៏​បន្ត​ថយចុះ​រៀងរាល់ថ្ងៃ ខណៈដែល​មុខរបរ​ការងារ និង​អាជីវកម្ម​​ជា​ច្រើន​ បាន​​បើក​​ឡើងវិញ​​ជា​​បណ្តើរៗ ហើយ​សាលារៀន​ ក៏​នឹង​បើក​ដំណើរ​គ្រប់​កម្រិត​ឡើងវិញ​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា​តទៅ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ នៅ​ភ្នំពេញ​បន្ត​បិទហាង​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ២​អាទិត្យ​ទៀត គិត​ចាប់ពី​ថ្ងៃទី​២៩​តុលា​។​

​កាលពី​ថ្ងៃទី​២៨ ខែតុលា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​បំផុត​នូវ​វិធានការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP ដែល​រៀបចំឡើង​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងសុខាភិបាល ព្រមទាំង​សេចក្តីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងនោះ ទស្សនិកជន​គ្រប់រូប ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ ឬ ស្កេ​ន QR Code​។ ប៉ុន្តែ​ករណីនេះ ត្រូវបាន​លើកលែង​ចំពោះ​ទស្សនិកជន ដែលមាន​អាយុ​ក្រោម ៦​ឆ្នាំ​។ ក្រៅពីនោះ ទស្សនិកជន រួមទាំង​បម្រើ​ការងារ​ទាំងអស់ ត្រូវ​វាស់​កម្តៅ និង​ពាក់​ម៉ាស​គ្រប់គ្នា​។ ក្នុងនោះ ក៏មាន​ការលើកទឹកចិត្ត​ឲ្យ​ទស្សនិកជន ទិញ​សំបុត្រ​តាម​អន​ឡាញ ឬ​តាម App ដើម្បី​កាត់បន្ថយ​ការលក់​សំបុត្រ​ដោយផ្ទាល់​នៅ​ហ្នឹង​កន្លែង​។ ក្នុងនោះ ក៏ត្រូវ​រៀបចំ​ដាក់​សញ្ញា​សម្គាល់ ដើម្បី​ឲ្យ​ទស្សនិកជន ឈរ​រង់ចាំ ដោយ​រក្សា​គម្លាត​ឲ្យ​បាន​យ៉ាងតិច ១,៥០​ម៉ែត្រ ក្នុងករណី​ទស្សនិកជន ទិញ​សំបុត្រ​ផ្ទាល់​នៅ​បញ្ជរ​លក់​សំបុត្រ ជាដើម​។​

​ដោយឡែក សាលារៀន​នៅ​គ្រប់​កម្រិត ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទាំងអស់ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ សម្រេច​ឲ្យ​បើក​ដំណើរ​ការបង្រៀន និង​រៀន​ឡើងវិញ តាម​

គន្លង​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។ ការបើក​បង្រៀន និង​រៀន​ដោយផ្ទាល់ នៅ​សាលារៀន តាម​គន្លង​ថ្មី ត្រូវបានធ្វើ​រួចហើយ កាលពី​ខែកញ្ញា នៅ​ថ្នាក់​អនុ​វិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ ដោយ​ទោះបី​ជាមាន​គ្រូ និង​សិស្ស​ខ្លះ ធ្វើតេស្ត​រកឃើញ​ឆ្លង​កូ​វីដ តែមាន​ចំនួន​តិចតួច ហើយក៏​មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ ដោយសារតែ​គ្រូ និង​សិស្ស សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ក្នុងនោះ ​គ្រូ​ចាក់​រហូតដល់ ៣​ដូ​ស តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​ត្បិតតែ​ស្ថានការណ៍​ហាក់​បាន​ធូរស្រាល​​ពី​ការឆ្លង​រាលដាល​កូ​វីដ​១៩ ប៉ុន្តែ​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ផ្អាក​អាជីវកម្ម​មាន​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ គឺ​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក រយៈពេល ២​សប្តាហ៍​ទៀត គិត​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ហាមឃាត់ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​មនុស្ស​ចូលរួម​លើសពី ៥០​នាក់​ផងដែរ ក្នុង​រយៈពេល ២​សប្តាហ៍​ទៀត​នេះ​។

​វិធានការ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ដែល​បន្ត​ហាមឃាត់ មិនទាន់​ឲ្យ​បើកហាង​​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក​ឡើងវិញ នាពេលនេះ ក៏​ដោយសារតែ​កូ​វីដ ទោះជា​ថមថយ តែ​មិនទាន់​ស្ងប់ស្ងាត់ និងមិនទាន់​​មាន​សុវត្ថិភាព​ទាំងស្រុង​នៅឡើយ​ទេ​។​

​ក្នុង​១​ថ្ងៃៗ នៅ​កម្ពុជា​យើង ត្រូវបានក្រសួងសុខាភិបាល ប្រកាសពីការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ទោះជា​ថយចុះ តែ​ក៏​នៅមាន​ជាង ១០០​នាក់​តិចតួច និង​ស្លាប់​ក៏​ថយ តែ​ក៏​ស្ថិតនៅក្រោម ១០​នាក់​ដែរ ជារៀងរាល់​ថ្ងៃ​​។ ក្នុងចំណោម​អ្នកស្លាប់​ ​ជាង​ពាក់កណ្តាល ជា​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។​

​ជា​សរុបទៅ ការបើក​ដំណើរការ​ឡើងវិញ​នូវ​សារមន្ទីរ រោងភាពយន្ត រោង​សម្តែង​ភាពយន្ត សាលារៀន និង​វិស័យ​ទេសចរណ៍ ជាដើម នាពេលនេះ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល ធ្វើឡើង​ដោយ​ប្រយ័ត្នប្រយែង និង​បន្ត​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​កូ​វីដ​១៩ ដោយ​បង្កើតជា​វិធានការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP នៅ​គ្រប់​វិស័យ​។ វ៉ាក់សាំង ​ក៏​ជា​វិធានការ​អាទិភាព។ ​អ្នក​ចាក់​វ៉ាក់សាំង​រួច ទើបគេ​​អនុញ្ញាត​​ឲ្យ​​ចេញចូ​ល​​នៅ​​រោង​ភាព​យន្ត សារមន្ទីរ រោង​សម្តែង​ភាព ក៏ដូចជា សាលារៀន រួមទាំង​ផ្សារ ជាដើម​។​

​បើសិនជា​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេលនេះ មិនមាន​ករណី​ផ្ទុះ​ឆ្លង​កូ​វីដ​១៩​ទេ​។ នោះ​តាម​ផែនការ គឺ​​រាជរដ្ឋាភិបាល ដាក់ចេញ​រួចហើយ​ថា នៅ​ថ្ងៃទី​៣០​វិច្ឆិកា នឹង​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង ដោយ​សំដៅលើ​អ្នកទេសចរ​បរទេស ដែល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ រួចរាល់ គ្រប់​ដូ​ស អាច​ចូល​មកកម្ពុជា ដោយ​មិនមាន​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈដែល​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូលកម្ពុជា ទាំងបរទេស និងទាំងខ្មែរ ត្រូវបាន​កាត់បន្ថយ​ពី ១៤​ថ្ងៃ មក​ត្រឹម​ចន្លោះ​ពី ៣​ថ្ងៃ ទៅ ៧​ថ្ងៃ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច​។​

​ទាំងអស់នេះ ជា​វិធាន​ការបើក​ប្រទេស​ឡើងវិញ ក្នុង​គន្លង​ប្រក្រតី​ថ្មី គឺ​រៀន​រស់​ជាមួយ​កូ​វីដ តែ​ក៏​មិនមែន​មានន័យថា ឲ្យ​យើង​ម្នាក់ៗ ឆ្លង​កូ​វីដ​នោះទេ​។ ពាក់​ម៉ាស លាងដៃ​អាល់កុល ជែ​ល ឬ​សាប៊ូ​នឹង​ទឹកស្អាត រួមទាំង​ការរក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា នៅតែ​ជា​វិធានការ​សាមញ្ញៗ ដែល​ត្រូវ​បន្ត​អនុវត្ត​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ