ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អ្នក​សាងសង់​កម្ពុជា​ជួបជុំ​គ្នា​ជំរុញ​ការ​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​សំណង់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ សមាជិក​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា តែងតែ​រៀបចំ​ពិធី​ជួបជុំ​យ៉ាង​ហោច​ណាស់​ក៏​បី​ដង​ដែរ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ផ្លាស់​ប្តូរ​យោបល់ និង​ធ្វើ​ធុរកិច្ច​រវាង​គ្នា​និង​គ្នា ក្នុង​គោលបំណង​ជំរុញ​ឱ្យ​វិស័យ​

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ សមាជិក​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា តែងតែ​រៀបចំ​ពិធី​ជួបជុំ​យ៉ាង​ហោច​ណាស់​ក៏​បី​ដង​ដែរ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ផ្លាស់​ប្តូរ​យោបល់ និង​ធ្វើ​ធុរកិច្ច​រវាង​គ្នា​និង​គ្នា ក្នុង​គោលបំណង​ជំរុញ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​ដែរ សមាគម​អ្នក​សាងសង់​កម្ពុជា ក៏​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ពិព័រណ៍​នៅ​រៀង​រាល់​ចុងឆ្នាំ ដើម្បី​ឱ្យ​ក្រុមហ៊ុន​សំណង់​ដែល​ជា​សមាជិក និង​ក្រុមហ៊ុន​សំណង់​អន្តរជាតិ​អាច​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​សមាជិក​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​កាលពី​រាត្រី​ថ្ងៃ​ទី​៣០ មីនា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ថា ៖ « ការ​ជួបជុំ​សមាជិក​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​នៅ​ពេល​នេះ គឺជា​លើក​ទី​៥​ហើយ​ក្នុង​គោលបំណង​រក​ផលប្រយោជន៍​ជូន​សមាជិក និង​ផ្ដល់​ឱកាស​ឱ្យ​សមាជិកសមាគម ម្ចាស់​គម្រោង​សាងសង់​ធំ​ៗ អ្នក​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់ ជា​ពិសេស អ្នក​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​សំណង់​ទាំងអស់​មានឱកាស​បាន​ជួបជុំ​សំណេះសំណាល​ពិភាក្សា និង​ទំនាក់ទំនង​ធុរកិច្ច​ជាមួយ​គ្នា​ផ្ទាល់ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « វិស័យ​សំណង់​រីក​លូតលាស់​ទៅ​បាន ក៏​ត្រូវ​អាស្រ័យ​លើ​រដ្ឋាភិបាល​បង្ក​បរិយាកាស​សម្រាប់​អ្នក​វិនិយោគ​ដែរ ដូច​ជា​ស្ថិរភាព​នយោបាយ ស្ថិរភាព​សេដ្ឋកិច្ច​ជាដើម ហើយ​បន្ត​មក​ទៀត គឺ​ត្រូវ​កៀរគ​រវិ​និ​យោ​ទុន​ក្រៅ​ស្រុក​ឱ្យមក​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។ រហូត​មក​ទល់​ពេល​នេះ តាម​ស្ថិតិ​ក្រៅផ្លូវការ​មួយ គឺ​ទុន​ក្នុង​វិស័យ​សំណង់​សរុប​របស់​កម្ពុជា​មាន​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៥ ។ បើ​សង្កេត​មើល​ក្នុង​ចំណោម​នោះ មាន​ទុន​មក​ពី​ក្រៅ​ច្រើន​ជាង​ទុន​ក្នុងស្រុក ដោយសារ​តែ​វិនិយោគិន​ក្រៅ​ស្រុក គេ​សម្លឹង​មើល​អគារ​ខ្ពស់​ៗ​ចាប់ពី​២០​ជាន់ ដល់​ជាង​៥០​ជាន់ » ។

ក្នុង​វិស័យ​សំណង់​នេះ​ដែរ ក៏​បាន​ជួយ​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ត្រូវការ​ចាប់ពី​កម្មករ​ដល់​វិស្វករ​ផង​ដែរ និង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ លោក​ឧកញ៉ា​លើក​ឡើង​ថា ៖ « យើង​មិនដឹង​ពី​ចំនួន​ពិតប្រាកដ​ថា វិស័យ​សំណង់​កម្ពុជា​ជួយ​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ តែ​វា​បាន​ផ្ដល់​ប្រមាណ​៣០​ម៉ឺន​នាក់ ដោយ​គ្រាន់តែ​ការដ្ឋាន​សំណង់​ក្នុង​ទីក្រុង​កោះ​ពេជ្រ​មួយ​មាន​កម្មករ​ប្រមាណ​ជិត​៥​ពាន់​នាក់​ទៅ​ហើយ » ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « សមាគម​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ស្វែងរក និង​ផ្ដល់​ផលប្រយោជន៍​ជូន​សមាជិក​តាម​រយៈ​ការ​ជួយ​សម្របសម្រួល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ធុរកិច្ច និង​កិច្ចការ​ទំនាក់ទំនង​របស់​សមាជិក​នីមួយ​ៗ​គ្រប់​មធ្យោបាយ​ទាំងអស់ និង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ផ្សេង​ៗ ជា​ពិសេស រៀបចំ​ឱ្យ​មានការ​ដាក់​តាំង​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​របស់​សមាជិក​នីមួយ​ៗ​ក្នុង​ពិធី​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ដែល​សមាគម​តែងតែ​រៀបចំ​ជា​រៀង​រាល់​ចុងឆ្នាំ ក្នុង​កម្មវិធី​មហាសន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់​សមាគម » ។

គួរ​បញ្ជាក់​ថា សមាគម​អ្នក​សាងសង់​កម្ពុជា​បច្ចុប្បន្ន មាន​សមាជិក​ប្រមាណ​១១៣​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​លក់​សម្ភារ​បរិក្ខារ ឧបករណ៍​គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​អគ្គិសនី ទឹក ម៉ាស៊ីន​ត្រជាក់ ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​បម្រើ​ឱ្យ​វិស័យ​សំណង់ ៕