ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​ន់​នី​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​សេវាកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទ្រូ​ម៉ា​ន់​នី​ដែល​ជា​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ល្បីល្បាញ​មួយ​បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ទ្រូ​ម៉ា​ន់​នី​ខ្នាត​យក្ស​មួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី ៣១ មីនា ២០១៦ ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ

រាជធានី​ភ្នំពេញ ៖ ទ្រូ​ម៉ា​ន់​នី​ដែល​ជា​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ល្បីល្បាញ​មួយ​បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ទ្រូ​ម៉ា​ន់​នី​ខ្នាត​យក្ស​មួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី ៣១ មីនា ២០១៦ ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជា លោក ខេមរៈ សិរីមន្ត កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ខេ​ម និង​មានការ​ចូលរួម​សម្ដែង​ពី​ក្រុម​កំប្លែង​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ផង​ដែរ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល មុន​កម្មវិធី​ប្រគំ​តន្ត្រី​ចាប់ផ្ដើម លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​មាន​ដៃគូ​សហការ​ជាមួយ​ធនាគារ​ហ្វី​លី​ព​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​បម្រើសេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដូច​ជា​វេរ​លុយ ដាក់​លុយ ដក​លុយ បង់​វិក្កយបត្រ បើកប្រាក់​បៀវត្ស និង​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ ។ មូលហេតុ​ដែល​យើង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​កម្ពុជា​គឺ​ដោយសារ​យើង​មើល​ឃើញ​​ថា ប្រជាជន​កម្ពុជា​៩០%​មិន​វេរ​លុយ​តាម​ធនាគារ​នោះ​ទេ ដែល​ជា​ហានិភ័យ​មួយ​សម្រាប់​ពួក​គាត់​ចំពោះ​ការ​បាត់បង់​ជាយថាហេតុ ។ ដូច្នេះ​យើង​មក​ទី​នេះ ដើម្បី​ជួយ​សម្រួល​តាម​រយៈ​សេវាកម្ម​ទាំង​អស់នេះ​ឲ្យ​បាន​កាន់តែ​រហ័ស ងាយស្រួល ព្រមទាំង​មាន​សុវត្ថិភាព​ទៀត​ផង  ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​ក្រុមហ៊ុន​យើង​គឺ «​ដាក់​ស្រួល ដក​ស្រួល និង​មាន​សុវត្ថិភាព​» ។ ហើយ​ដើម្បី​ឱ្យដំណឹង​នេះ​បាន​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​កម្ពុជា ទើប​យើង​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ​ជូន​ពួក​គាត់ ។

លោក គង់ មាន បន្ត​ថា ឥឡូវនេះ​យើង​មាន​ភ្នាក់ងារ​ដល់​ទៅ​៥០០០​កន្លែង​ក្នុង​ខេត្ត​ចំនួន​២៥ លើ​ទឹកដី​កម្ពុជា ហើយ​យើង​នឹង​ពង្រីក​បន្ថែម​ឱ្យ​កាន់តែ​ច្រើន​ទៀត​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​យើង​ងាយ​ស្វែងរក និង​ចរាចរ​សាច់ប្រាក់​បាន​កាន់តែ​រហ័ស ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី មាន​ការិយាល័យ​នៅ​៦​ប្រទេស​ដូច​ជា ប្រទេស​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន និង​វៀតណាម ហើយ​ក្រុមហ៊ុន​ក៏​នឹង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទូ​ទាំង​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៦ ខាង​មុខ​នេះ​ផង​ដែរ ។

លោក ហាន់ ពេ​ង​ក្វា​ន់ នាយក​គ្រប់គ្រង​ទូទៅ​ធនាគារ​ហ្វី​លី​ព បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី និង​ធនាគារ​ហ្វី​លី​ព​គឺជា​ដៃគូ​សហការ​ដ៏​សក្តិ​សម​បំផុត​ទាំង​គុណភាព​នៃ​សេវាកម្ម ទស្សនវិស័យ និង​គោលដៅ​ផែនការ​នា​ពេល​អនាគត ។ ឥឡូវនេះ ធនាគារ​លោក​មាន​បុគ្គលិក​បម្រើ​ការ​៣.៥០០​នាក់ ហើយ​មាន​អតិថិជន​ដល់​ទៅ​៩​សែន​នាក់​ទូ​ទាំង​ពិភពលោក ដែល​សរុប​ជា​ទឹកប្រាក់​មាន​ដល់​ទៅ​៣០​ពាន់​លាន​ដុល្លារ ។

លោក​បន្ត​ថា ធនាគារ​ហ្វី​លី​ព គឺជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ហ្វី​លី​ព​ខេ​ប​ពី​ថ​ល​គ្រុប (Phillip Capital Group) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ចាប់កំណើត​តាំងពី​ឆ្នាំ ១៩៧៥ មក​ម្ល៉េះ​។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​ធនាគារ​ហ្វី​លី​ព​របស់​យើង​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​អាច​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​នៅ​កម្ពុជា​ផ្តល់​នូវ​តម្លៃ​សេវាកម្ម​ដែល​សមរម្យ​បំផុត ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។ ក្រុមហ៊ុន​គ្មាន​ទស្សនវិស័យ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ដទៃ​នោះ​ទេ គឺ​ផ្តោត​សំខាន់​តែ​លើ​គុណភាព សេវាកម្ម តែ​ប៉ុណ្ណោះ ៕