ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់បោក​គេ​អស់​ជិត​២០​ម៉ឺន​ដុល្លារ ព្រោះ​ចង់ទៅ​ធ្វើការ​នៅ​ជប៉ុន

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយសារ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ពេក អ្នក​ភូមិ​សូ​ជ័យ និង​ភូមិ​ចំការអណ្ដូង ប្រមាណ​ជាង​៤០​នាក់ បាន​ចាញ់បោក​ការ​ឃោសនា​របស់​ក្រុមហ៊ុន CJC​…

ខេត្តកំពង់ចាម ៖ ដោយសារ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ពេក អ្នក​ភូមិ​សូ​ជ័យ និង​ភូមិ​ចំការអណ្ដូង ប្រមាណ​ជាង​៤០​នាក់ បាន​ចាញ់បោក​ការ​ឃោសនា​របស់​ក្រុមហ៊ុន CJC អស់ប្រាក់​ម្នាក់​ៗ៤៧០០​ដុល្លារ សរុប​ទាំងអស់​ជិត​២០​ម៉ឺន​ដុល្លារ ពេល​នេះ​កើតទុក្ខ​មិន​សុខចិត្ត​នាំ​គ្នា​ទាមទារ​ប្រាក់​ទាំងនោះ​វិញ ព្រមទាំង​បាន​​មករក​​អ្នក​សារ​ព័ត៌​មាន​ឲ្យ​ជួយ​ចុះ​ផ្សាយ​ដើម្បី​ស្វែង​រក​ការ​ជួយ​អន្តរា​មន៍​ទៀត​ផង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៦ ។ អ្នក​​ចង់​ទៅ​ធ្វើ​ពល​ករ​​នៅជ​ប៉ុន សង្ស័យ​​ទឹកភ្នែក​​ជោក​ក្បាល​​ជង្គង់​

អ្នកស្រី សំ យូ​រឿ​ន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​គេ​មក​ឃោសនា​ឲ្យ​រៀន​ភាសា​ជប៉ុន​ក្នុង​រយៈពេល​៣​ខែ​នឹង​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។ ក្រោយ​ពី​បាន​ស្តាប់​ទៅ​ក៏​ឃើញ​ថា​សម​ហេតុផល និង​មាន​ជំនឿ​លើ​គេ ទើប​សម្រេចចិត្ត​ឲ្យ​កូនប្រុស​ឈ្មោះ អ៊ុ​ន តុលា អាយុ​២២​ឆ្នាំ ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​កម្ពុជា​-​ជប៉ុន (CJC) នៅ​រាជធានី​ភ្នំពេញ ។

អ្នកស្រី សំ យូ​រឿ​ន ប្រាប់​បន្ត​ទៀត​ថា គេ​បាន​សន្យា​ថា រៀន​៣​ខែ​នឹង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តែ​វគ្គ​សិក្សា​ពិសេស​នោះ​ត្រូវ​បង់លុយ​ចំនួន​៤០០០​ដុល្លារ រួម​នឹង​បង់​ឲ្យ​ទៅ​ជំទាវ​ម្នាក់​ក្រៅផ្លូវការ​៧០០​ដុល្លារ​ទៀត  សរុប​៤៧០០​ដុល្លារ ។  អ្នកស្រី​បាន​លើក​ហេតុផល​ថា ក្នុង​ពេល​ដែល​ប្រគល់​លុយ​ឲ្យ​ទៅ​គេ​នោះ​នៅ​ពេល​យប់​ទៀត ហើយ​ថែម​ទាំង​មាន​មេធាវី​ដឹង​ឮ​ផង​ដែរ ។ ដូច្នេះ​រហូត​មក​ដល់​ជិត​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លើស​ពី​៣​ខែ​ហើយ កូនប្រុស​នៅ​តែ​មិន​បាន​ទៅ​ជប៉ុន​នោះ​ទេ ។

សិក្ខាកាម​ឈ្មោះ ឌ​ន សាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ប្រាប់​ឲ្យ​ដឹង​ថា មាន​លោក​ជំទាវ​ម្នាក់​បាន​នាំ​ក្រុមហ៊ុន CJC មក​ប្រកាស​នៅ​ក្នុងភូមិ​ថា ត្រូវការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន   ដោយ​ក្នុង​ម្នាក់​ត្រូវ​បង់​ចំនួន​៤០០០​ដុល្លារ ដែល​វគ្គ​សិក្សា​នោះ​ត្រូវការ​តែ​២០០​នាក់​ទេ ។ លុះ​ពេល​ដែល​ស្តាប់​ការ​ឃោសនា​របស់​គេ​ក៏​បាន​ជឿ​ទុកចិត្ត ក៏​បាន​ចុះ​ឈ្មោះ​ទៅ​រៀន​នៅ​រាជធានី​ភ្នំពេញ ដោយ​បង់លុយ​៤០០០​ដុល្លារ​ទៅ​ក្រុមហ៊ុន និង​៧០០​ដុល្លារ​ទៀត​ក្រៅ​សេវា ។ ក្នុង​ពេល​ប្រគល់​ឲ្យ​នោះ​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៧ ធ្នូ ២០១៥  ហើយ​ក៏​បាន​ផ្តិត​មេដៃ​ទាំង​មិន​បាន​មើល​ឯកសារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។ នៅ​ក្នុង​លិខិត​ប្រគល់​លុយ​គឺ​គេ​បាន​សរសេរ​ដាក់​ថា ភាគី​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​សង​ប្រាក់​នៅ​ចំពោះ​មុខ​មេធាវី​ទៀត ។ គ្រាន់តែ​សាច់ញាតិ​របស់​គេ​ផ្ទាល់​មាន​៧​នាក់​បាន​បង់លុយ​ក្នុង​ម្នាក់​ៗ៤០០០​ដុល្លារ​នោះ មាន​ពេល​មួយ​នោះ​បាន​ទៅ​សួរនាំ​រឿង​លុយកាក់​ត្រូវ​បាន​គេ​ទះ​តុ​គំរាម​ដោយ​លើក​ហេតុផល​ថា លុយ​បើ​បង់​ឲ្យ​សាលា​ហើយ​មិន​អាច​ដក​វិញ​បាន​ទេ ។

សិក្ខាកាម​ឈ្មោះ ខាន់ សុខ​ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ប្រាប់​ថា ដោយសារ​តែ​មានការ​ជឿ​ង​ទុកចិត្ត​លើ​លោក​ជំទាវ​ម្នាក់ ដែល​មក​ឃោសនា​ដល់​អ្នក​ភូមិ​របស់​លោក​នោះ ទើប​មានការ​ជឿ​ទុកចិត្ត ថែម​ទាំង​លើក​ហេតុផល​ថា បើ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​៥​ទៅ​១០​ឆ្នាំ គេ​នឹង​ឲ្យ​ចូលសញ្ជាតិ​ទៀត ក៏​បាន​ទៅ​ចុះ​ឈ្មោះ​រៀន​នឹង​គេ ដោយ​បង់​លុង​អស់​៤៧០០​ដុល្លារ ។

សិក្ខាកាម​នៅ​ក្នុងភូមិ​សូ​ជ័យ និង​ភូមិ​ចំការអណ្តូង សរុប​៤០​នាក់ សំណូមពរ​ដ៏​ទទូច​មេត្តា​សូម​ឲ្យ​ក្រុមហ៊ុន​ខាងលើ​ជួយ​បង្វិល​លុយ​មក​ឲ្យ​ពួក​គាត់​វិញ​ផង ព្រោះ​ការ​រៀនសូត្រ​លើស​ពី​៣​ខែ​ហើយ​មិន​បាន​ចេញ​ទៅ​នោះ​ទេ  ហើយ​អត្ត​សញ្ញាញ​បណ្ណ សៀវភៅ​គ្រួសារ បញ្ជី​កំណើត ដែល​ក្រុមហ៊ុន CJC បាន​ដក​ទុក​នោះ​សូម​ប្រគល់​ឲ្យ​មក​សិក្ខាកាម​វិញ ដើម្បី​ងាយស្រួល​ទៅ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ ។

នា​រសៀល​ថ្ងៃ​ទី​៣០ មីនា​នេះ ជំនួយការ​របស់​លោក ឡា​ច សុ​ភិន នាយក CJC បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា តាម​គោលការណ៍​របស់​សាលា គឺ​ត្រូវ​រៀន​ពី​៣​ខែ​ទៅ​៦​ខែ តែ​អ្នកខ្លះ​រៀន​បាន​ត្រឹម​១០​ថ្ងៃ​នោះ​មិន​គ្រប់​នឹង​ផែនការ​របស់​គេ​ទេ ហើយ​ការ​បង់លុយ​តម្រូវ​ឲ្យ​បង់​តែ​២៧០​ដុល្លារ​ក្នុង​ម្នាក់​តែ​ប៉ុណ្ណោះ តែ​ត្រង់​សិក្ខាកាម​បង់លុយ​ក្នុង​ម្នាក់​៤០០០​ដុល្លារ​បែរ​មិន​ឆ្លើយ​ទៅ​វិញ ៕