ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សិល្បករ​4​នាក់​គាំទ្រ​ដំណើរ​ទស្សនកិច្ច​លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​អា​មេ​រិ​ក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​សិល្បករ សិល្ប​ការិនី​ចំនួន​៤​នាក់ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ តាម​ការ​ស្នើ​សុំ

រាជធានី​ភ្នំពេញ ៖ អតីត​សិល្បករ សិល្ប​ការិនី​ចំនួន​៤​នាក់ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ តាម​ការ​ស្នើ​សុំ និង​អញ្ជើញ​ពី​ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។

ការ​គាំទ្រ​របស់​អតីត​សិល្បករ សិល្ប​ការិនី​ខ្មែរ​ទាំងនោះ បន្ទាប់​ពី​មាន​ជនរួមជាតិ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​មួយ​ចំនួន​សម្តែង​ការ​ប្រឆាំង និង​មិន​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ។

ការ​គាំទ្រ​ពី​អតីត​សិល្បករ​ខ្មែរ​នេះ​មិនមែន​ក្នុង​ន័យ​គាំទ្រ​ក្នុង​ផ្នែក​នយោបាយ​ឡើយ ប៉ុន្តែ​ក្នុង​ន័យ​ឲ្យ​មាន​សាមគ្គីភាព និង​ស្រឡាញ់​រាប់អាន​គ្នា​ក្នុង​នាម​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ ។

អតីត​តារា​សម្តែង​ភាពយន្ត​ខ្មែរ​អំឡុង​ទស​វត្ស​ទី​៩០ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ឱ្យ​ដឹង​ថា នាង​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត នៅ សហ រដ្ឋ អាមេរិក ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ ។ សង្ឃឹមថា​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ក៏​មានគំនិត​ដូច​នាង​ដែរ ដែល​គ្មាន​អ្វី​ឱ្យ​ទាស់​ទេ ព្រោះ «​ខ្មែរ​ត្រូវ​តែ​ស្រឡាញ់​ខ្មែរ ចំណង​សាមគ្គី​ជា​ធ្លុង​មួយ សូមកុំ​បង្កើត​ការ​ប្រឆាំង​វា​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាងគេ​មើលងាយ ហើយ​បង្កើត​ការ​ជ្រួលច្របល់​មិន​ចេះ​ឈប់​ឈរ​ដល់​សង្គម​» ។

អ្នក​នាង​ម៉ៅ សុ​ចាន់​ធី និយាយ​ថា បើ​ទោះបីជា​នាង​រស់នៅ​ឆ្ងាយ​ពី​ប្រទេស​ក៏​ដោយ តែ​ឈាម​ជ​រ័​ជា​ខ្មែរ​រត់​រកគ្នា​ជា​និច្ច ។ ដូច្នេះ​នាង​ត្រៀមខ្លួន​រួម​ជាមួយ​ជនរួមជាតិ​ខ្មែរ​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​រង់ចាំ​ទទួល​លោក​ហ៊ុន ម៉ា​ណែ​ត ដោយ​ពេញទំហឹង ។

ចំណែក​អតីត​តារាចម្រៀង​លោក​ណុ​ប ចំណាប់ និយាយ​ថា លោក​គាំទ្រ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ពីព្រោះ​លោក​គិត​ថា លោក​ម៉ា​ណែ​ត ក៏​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ អីុ​ចឹ​ង​ការ​ចូលរួម​របស់​លោក គឺ​រឹតចំណង​សាមគ្គីភាព​រវាង​ខ្មែរ​និង​ខ្មែរ ។ ដូច្នេះ​លោក​ចំណាប់​រីករាយ ហើយ​រង់ចាំ​ទទួល​លោក​ហ៊ុន ម៉ា​ណែ​ត​មួយ​រយ​ភាគរយ ។

ចំណែក​អតីត​តារា​សម្តែង​លោក​យិ​ន វណ្ណៈ បាន​សម្តែង​ការ​គាំទ្រ និង​ការពារ​ពេញទំហឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​សហរដ្ឋអាមេរិក ដោយ​ឈរ​លើ​ជំហរ​ខ្មែរ​តែ​មួយ ។

ចំពោះ​អតីត​តារ​សម្តែង​លោក​យស បូ​វណ្ណៈ អះអាង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត នៅ​សហរដ្ឋអាមេរិក​ជនរួមជាតិ​ខ្មែរ​ជា​ច្រើន​មាន​សេចក្តី​រីករាយ​រង់ចាំ​ទទួល​ការ​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ ។

លោក​យស បូ​វណ្ណៈ ទទួលស្គាល់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត​មាន​អ្នកមួយ​ចំនួន​ប្រឆាំង  ប៉ុន្តែ​សម្រាប់​លោក និង​សិល្បករ​ខ្មែរ​មួយ​ចំនួន​ទៀត​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​សុខ​សន្តិភាព​ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ ។

លោក​យស បូ​វណ្ណៈ និង​គណៈកម្មការ​មួយ​ចំនួន​ទៀត​កំពុង​តែ​មមាញឹក​រៀបចំ​កម្មវិធី​នានា ទទួល​ស្វាគមន៍​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត នៅ​ទីក្រុង​ឡង​ប៊ិ​ច  ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ២០១៦​ថា «​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខ ខ្ញុំ​និង​បងប្អូន​ក្រុម​ការ​ងារ​នឹង​ទៅ​ចូលរួម​កម្មវិធី ផ្សេង​ៗ ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋអាមេរិក ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជា​លក្ខណៈ​​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ។

ក្នុង​ពេល​ទស្សនកិច្ច​នោះ​ផង​ដែរ​ខ្ញុំ និង​បងប្អូន​រួម​ដំណើរ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​វប្បធម៌​នៅ​ទីក្រុង​ឡង​ប៊ិ​ច ក្នុង​គោលបំណង​រួម​គ្នា​ដើម្បី​លើក​ស្ទួយ​វប្បធម៌ និង​កិត្តិយស​ជាតិ​របស់​យើង ។ ខ្ញុំ​សម្រេចចិត្ត​ទទួល​យល់ព្រម​ចូលរួម​ក្នុង​ពិធី​នេះ​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​បុរី​កម្ពុជា គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់ខ្ញុំ​ចំពោះ​គោល​គំនិត​ដ៏​ល្អ​របស់​គណៈកម្មការ ដែល​ចង់​ឃើញ​ខ្មែរ​រួបរួម​គ្នា ដោយ​មិន​ប្រកាន់​ទីកន្លែង​រស់នៅ (​នៅ​អា​មេ​រិ​ក នៅ​ស្រុក​ខ្មែរ ឬ​នៅ​ប្រទេស​ណា​ទេ​) និន្នាការ​នយោបាយ សាសនា ដើម្បី​លើក​ស្ទួយ​កិត្តិយស​ជាតិខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ។ ក្នុង​ឆ្នាំ​២០១០ ក៏​ធ្លាប់​មានការ​អញ្ជើញ​ឯកឧត្តម កឹ​ម សុខា ចូលរួម​ក្នុង​ពិធី​នោះ ហើយ​ឯកឧត្តម​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ផង​ដែរ ។

ជា​ការ​សោកស្តាយ​ណាស់ ក្រោយ​ពី​ខ្ញុំ និង​ក្រុមការងារ​បាន​សម្រេចចិត្ត​ទទួល​ការ​អញ្ជើញ​របស់​អ្នក​រៀបចំ​កម្មវិធី​ព្យុហយាត្រា ក៏​មានការ​រៀបចំ និង​បំផុស​ប្រឆាំង​ការ​ចូលរួម​នេះ​ដោយ​សកម្មជន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ទូច វិបុល និង​លោក​ប្រា​ឌី​ណុ​យ យ៉ាំ​ង ដោយ​បាន​បំផុស​ថា ការ​ចូលរួម​របស់ខ្ញុំ​ក្នុង​ពិធី​ព្យុហយាត្រា​នេះ គឺ​ដើម្បី​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន ។ អ្នក​ទាំង​ពីរ​បាន​គម្រាម​ថា​នឹង​រៀបចំ​បាតុកម្ម​ប្រឆាំង​ខ្ញុំ និង​ក្រុមការងារ​នៅ​ពេល​ព្យុហយាត្រា​វប្បធម៌ និង​រៀបចំ​គម្រោង​ដើរ​តាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង ដែល​បងប្អូន​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មាន​គម្រោង​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​ដើម្បី​សប្បាយ​រីករាយ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ ហើយ​ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុមការងារ​ចូលរួម​អបអរសាទរ​ជាមួយ​គ្នា ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ចេញ​មក​ការពារ និង​ស្វាគមន៍​ការ​ចូលរួម​របស់ខ្ញុំ ដោយ​លោក​គិត​ថា​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ជា​ពេល​ដែល​យើង​គួរ​រួបរួម​គ្នា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ទោះ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ​ដើម្បី​រួម​គ្នា​លើក​ស្ទួយ​ប្រពៃណី វប្បធម៌​និង​កិត្តិយស​ជាតិខ្មែរ​យើង ។

បងប្អូន​បាន​ធ្វើ​សកម្មភាព​តាម​ច្រើន​រូបភាព ដូច​ជា​ការ​ដាក់​ញត្តិ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡង​ប៊ិ​ច និង​តំបន់​ជុំវិញ​ទៅ​ជូន​លោក​ចៅសង្កាត់​ទី​៦ នៃ​ទីក្រុង​ឡង​ប៊ិ​ច (​លោក​អាន់​ឌ្រូ ឌី​) ការ​ចេញ​ឃ្លី​ប​វី​ឌី​អូ​គាំទ្រ តាម​ហ្វេ​ស​ប៊ុ​ក របស់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឡង​ប៊ិ​ច នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហ​រដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ។ រហូត​ដល់​មាន​បងប្អូន​មួយ​ចំនួន​បាន​ប្រកាស​ថា នឹង​រៀបចំ​ប្រមូលគ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម ដែល​គ្រោង​រៀបចំ​ដោយ ក្រុម​លោក​ទូច វិបុល និង​ណុ​យ យ៉ាំ​ង នៅ​ក្នុង​ពិធី​ព្យុហយាត្រា​នោះ​ផង​ដែរ ។

ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​គាំទ្រ​ចំពោះ​ការ​ចូលរួម​របស់ខ្ញុំ​និង​ក្រុមការងារ​ក្នុង​ពិធី​ព្យុហយាត្រា​នេះ ។ ប៉ុន្តែ ដូចដែល​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​សារ​ដែល​បាន​បង្ហោះ​រួច​មក​ហើយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្ញុំ​កាលពី​ពេល​កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ថា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ គឺជា​ឱកាស​ពិសេស​មួយ​ដែល​ខ្មែរ​យើង​គួរ​រួបរួម​គ្នា មិន​ប្រកាន់​គ្នា​ដើម្បី​ធ្វើការ​រួម​គ្នា​លើក​ស្ទួយ​ជាតិ​សាសន៍​យើង តាម​រយៈ​ការ​រួម​គ្នា​បង្ហាញ​អំពី​វប្បធម៌ និង​អរិយធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​ខ្មែរ ឱ្យ​ប្រជាជន​អា​មេ​រិ​កាំ​ង​និង​ជាតិ​សាសន៍​ដទៃ​ទៀត​បាន​ស្គាល់ ។ វា​មិនមែន​ជា​ពេលវេលា​សម្រាប់​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រវាង​អ្នកគាំទ្រ​និង​អ្នក​មិន​គាំទ្រ​ទេ ដែល​នេះ​បង្ហាញ​ពី​ការ​បែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ នាំ​ឱ្យ​ជាតិ​សាសន៍​យើង​អាប់អោន ។

ក្នុង​ស្មារតី​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​មិន​ចង់​ឃើញ​នូវ​ភាពល្អក់​កករ និង​ការ​បែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ ជា​ពិសេស​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង​រវាង​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ​ក្នុង​ពេល​ព្យុហយាត្រា ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ​សាសន៍​យើង​ទាំងមូល ខ្ញុំ​និង​ក្រុមការងារ​បាន​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​នោះ​ទេ ។
សូម​បងប្អូន​ដែល​គាំទ្រ​ការ​ចូលរួម​របស់ខ្ញុំ​ក្នុង​ពិធី​ព្យុហយាត្រា មេត្តា​យោគយល់​អំពី​ការ​សម្រេចចិត្ត​នេះ ហើយ​សូម​បងប្អូន​បន្ត​ចូលរួម​គាំទ្រ ព្យុហយាត្រា​នេះ​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​នាម​ជាតិ​សាសន៍​តែ​មួយ ។

ខ្ញុំ​ជឿជាក់​ថា នឹង​បាន​ជួប​ជាមួយ​បងប្អូន​ទាំងអស់​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ​ទៀត ក្នុង​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ក្នុង​លក្ខណៈ​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ ដូចដែល​បាន​គ្រោងទុក​» ៕