ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ថ្លៃ​! ម្ចាស់​និពន្ធ​បទ «​ស៊ូ​ឃ្លាត​» រួច​ផុត​ជីវិត ក្រោយ​ការ​សង្គ្រោះ​ពី​ជំងឺ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​និពន្ធ​បទ «​ស៊ូ​ឃ្លាត​» លោក Tin Mark បាន​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​ជីវិត​លោក​ចេញពី​ការ​វាយលុក​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​ជា​សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះថ្នាក់ លោក Tin Mark នៅ​អាច​រក្សា​អាយុជីវិត​របស់​លោក​បាន បើ​ទោះជា​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​និពន្ធ​បទ «​ស៊ូ​ឃ្លាត​» លោក Tin Mark បាន​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​ជីវិត​លោក​ចេញពី​ការ​វាយលុក​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​ជា​សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះថ្នាក់ លោក Tin Mark នៅ​អាច​រក្សា​អាយុជីវិត​របស់​លោក​បាន បើ​ទោះជា​មេរោគ​កូ​វី​ដ​១៩ បាន​ចូល​ទៅ​បំផ្លាញ​សួត​ស្ទើរតែ​អស់​ពាក់កណ្តាល​ទៅ​ហើយ​។

លោក​ត្រូវ​បាន​គេ​អះអាង​ថា លោក​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ សូ​ម្បី​តែ​មួយ​ដូ​ស នោះ​ជា​ហេតុ​ធ្វើ​អោយ​លោក​ឆ្លង និង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បែប​នេះ​។

នាង កែវ សៀ​ហៃ ដែល​ជា​ក្រុម​គ្រួសារ និង​ជា​អ្នក​មើលថែ លោក Tin Mark បាន​អះអាង​ប្រាប់​កោះសន្តិភាព តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា នាង​ពិតជា​មិន​នឹក​ស្មាន​ដល់​ថា លោក Tin.Mark. បាន​វិល​មក​ភាពល្អ​ប្រសើរ​វិញ​ឡើយ ដោយសារ​ស្ថានភាព​ដំបូង​នៃ​ជំងឺ​របស់​លោក​បាន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។

នាង​បញ្ជាក់​ថា ដំបូង​ដោយ​មាន​អាកា​រៈ​មិន​ស្រួល និង​សង្ស័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ លោក Tin Mark. បាន​សម្រេច​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ក្រោយ​ការ​ព្យាបាល​ប្រមាណ​១​ស​ប្តា​ហ៍​មិន​ធូរ និង​ដោយ​គាត់​មិន​មាន​វ៉ាក់សាំង​ផង​នោះ ទើប​ក្រុម​គ្រួសារ​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ​តែ​ម្តង​។

នាង​បន្ត​ថា មុន​ពេល​ទៅ​មន្ទីរពេទ្យ លោក Tin Mark ហាក់​មាន​អាកា​រៈ​ធម្មតា ដោយ​លោក​អាច​ដើរ​ឡើង​ឡាន​ដោយ​ខ្លួនឯង​។ តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ប្រមាណ​៣​ថ្ងៃ លោក​ក៏​ចាប់ផ្តើម​មាន​អាកា​រៈ​មិន​ស្រួល ដោយ​ការ​ដកដង្ហើម​ដង្ហក់ ជាមួយនឹង​កា​រប​ញ្ជូ​ល​អុកស៊ីហ្សែន​ពី​ក្រុម​គ្រូពេទ្យ​។ យ៉ាងណា​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ថា លោក​បាន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ដោយសារ​មេរោគ​បាន​ចូល​ទៅ​បំផ្លាញ​សួត​ជិត​អស់​ពាក់កណ្តាល​ទៅ​ហើយ​។

នាង​បន្ត​ទៀត​ថា ពេល​នោះ​ក្រុម​គ្រួសារ​ហាក់​មិន​អស់ចិត្ត បើ​ទោះបីជា​គាត់​ត្រូវ​ស្លា​.​ប់​ក៏​ត្រូវ​មើល​អោយ​អស់ចិត្ត​ដែរ ហេតុនេះ​ក្រុម​គ្រួសារ​ក៏​សុំ​ការ​អនុញ្ញាតិ​ពី​គ្រូពេទ្យ​រដ្ឋ ដើម្បី​ចេញ​មក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​វិញ​។

នាង​បន្ថែម​ថា ក្រោយ​ចេញពី​ពេទ្យ​រដ្ឋ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​មួយ ផ្តុំ​ច្បារ​អំពៅ ដែល​មន្ទីរពេទ្យ​នោះ​មានការ​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ រយៈពេល​ប្រមាណ​១​ស​ប្តា​ហ៍ អាកា​រៈ​របស់​លោក​ក៏​បាន​វិល​មក​ភាពល្អ​ប្រសើរ​បន្តិច​ម្តង​ៗ​។

កែវ សៀង​ហៃ បាន​លើក​ឡើង​បន្ថែម​ថា ពេល​មក​ដល់​ពេទ្យ​ឯកជន គ្រូពេទ្យ​ក៏​បាន​ថត​សួត និង​បាន​ចាក់​ថ្នាំ​ដើម្បី​បំផ្លាញ​មេរោគ​កូ​វី​ដដែល​ចូល​ទៅ​បំផ្លាញ​សួត​។ កត្តា​នេះ ទើប​ធ្វើ​អោយ​ក្រុម​គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​លោក Tin Mark គេច​ផុត​ពី​សេចក្តី​ស្លា​.​ប់​បាន​។

យ៉ាងណា​នាង​ថា មិនមែន​ពេទ្យ​រដ្ឋ​មិនល្អ​ទេ ប៉ុន្តែ​ដំណាក់កាល​របស់​គាត់ គឺ​វា​ធ្ងន់ធ្ងរ​ទៅ​ហើយ ខណៈ​ពេល​អ្នកជំងឺ​កូ​វី​ដ​ដដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បែប​នេះ ក៏​ត្រូវ​ចំណាយពេល​រក​កន្លែងធ្វើការ​ព្យាបាល​ផង​ដែរ​។ បើ​តាម កែវ សៀង​ហៃ ថា រហូត​មក​ទល់​ពេល​នេះ ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ប្រមាណ​១​ស​ប្តា​ហ៍​របស់​លោក Tin Mark នា​ពេល​នេះ គឺ​បាន​ចំណាយ​ថវិការ​ផ្ទាល់​ចំនួន​១​ម៉ឺន​ដុល្លារ​ហើយ​។

នាង​បញ្ជាក់​ថា សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​ពេទ្យ​ឯកជន គឺ​គេ​មាន​កញ្ចប់​ថវិកា​សម្រាប់​ជ្រើសរើស ដោយ​អ្នកជំងឺ​ស្រាល​រយៈពេល​៩​យប់​១០​ថ្ងៃ​ចំនួន​២៥០០​ដុល្លារ ហើយ​សម្រាប់​លោក Tin Mark ក៏​បាន​ជ្រើសរើស​កញ្ចប់​នេះ​ដែរ តែ​មានការ​បន្ថែម​ថ្នាំ​ពិសេស ទើប​ការ​ចំណាយ​ក្នុង​មួយ​ថ្ងៃ​បូក​រួម​ទាំង​បន្ទប់​គេង ត្រូវ​ចំណាយ​ជាង​១​ពាន់​ដុល្លារ​។

យ៉ាងណា សម្រាប់​ថ្លៃ​ការ​ព្យាបាល​ជំងឺ​របស់​លោក Tin.Mark. នា​ពេល​នេះ គឺជា​ការ​ចំណាយ​តាម​លទ្ធភាព​របស់​គ្រួសារ​លោក​ផ្ទាល់ ដោយ​មិន​មាន​ជំនួយ​ពី​ខាង​ណា​ឡើយ​។ នាង​ថា ក្រុម​គ្រួសារ និង​លោក Tin Mark. ផ្ទាល់​មិន​បាន​លើកដៃ​សុំ​ជំនួយ​ពី​សប្បុរសជន​ឡើយ កុំអោយ​គេ​ដៀល​ថា អ្នកសិល្បៈ​អោយ​តែ​ឈឺ គឺ​ដឹង​តែ​សុំ​ជំនួយ​។

យ៉ាងណា ក្រោយ​ពេល​លោក Tin Mark បាន​ធូរ​បន្តិច លោក​ក៏​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​មហាជន​ពី​អាកា​រៈ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ប៉ុន្តែ​នៅ​ពេល​មិត្តភក្តិ​លោក​បានឃើញ​លោក​បង្ហោះ ក៏​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ហើយ​ក៏​មានការ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​តែ​ម្តង​។

កែវ សៀង​ហៃ ក៏​បាន​ស្នើ​សុំ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​១៩​នេះ​។ ប្រសិនបើ​មាន​អាកា​រៈ​មិន​ស្រួល​ឆាប់​ទៅ​ពិនិត្យ និង​ព្យាបាល​ភ្លាម​ៗ ជា​ពិសេស​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ នាង​បញ្ជាក់​ថា លោក Tin Mark ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​នេះ​ដោយសារ​មិន​បាន​ចាក់​វ៉ាក់សាំង ដោយសារ​លោក​មាន​ជំងឺ​សួត​តាំងពី​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ