ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ ៣៨ ខ្សែនៅសៀមរាប នឹងបញ្ចប់ចុងឆ្នាំនេះស្របពេលទឹកដីអង្គរដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ឬរយៈពេល ជាង ១១ ខែមកនេះសម្រេចបាន ៨៣,៨៧% នៃទំហំការងារសរុប (២% លឿនជាងផែនការ) ហើយនឹងគ្រោងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។ 

គម្រោងសាងសង់ផ្លូវចំនួន ៣៨ ខ្សែ ជាគោលដៅមួយប្រែក្លាយក្រុងសៀមរាប ឲ្យប្រែក្លាយជាទីក្រុងដ៏ទំនើប វៃឆ្លាត ពោរពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅឲ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើន ពិសេសសេដ្ឋកិច្ចប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។ 

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ២១៦ ពាន់ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩ លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ ចំណាយពេលសាងសង់ចំនួន ១៣ ខែ ។ 

ក្រសួងសាធារណការ និងដឹកជញ្ជួន បានឲ្យដឹងថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹងការរាំស្ទះដោយសាវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្មករ ក៏ដូចអ្នកអនុវត្តមានការលំបាក់ក្នុងការងារប្រតិបត្តិការ ទន្ទឹមនឹងនេះពេលវេលាសម្រាប់ការសាងសង់មានរយៈពេលខ្លីក្រុមការត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់មានការលំបាក់ក្នុងការងារសាងសង ។ តែទោះជាយ៉ាងនេះក្តី ដោយមានស្មារតីយកចិត្តទុកដាក់តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ធ្វើឲ្យផ្លូវទាំង ៣៨ ខ្សែកំពុងបានបន្តការស្ថាបនា សម្រេចបានលឿនជាងផែនការកំណត់ និងសង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មីនៅក្នុងចុងឆ្នាំនេះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រណីតស័ក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌ប្រវត្តិសាស្ត្រ នៃកម្ពុជា ។

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ។ ផែនការមេនេះបានរៀបចំចងក្រងឡើងដោយគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ដោយមានបំណងប្រាថ្នាចំនួន ៣ មានការរៀបចំខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់លក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

ធានាឱ្យបានផលប្រយោជន៍សេដ្ឋកិច្ច-សង្គមជាអតិបរមាពីវិស័យទេសចរណ៍ពោល គឺតំបន់ប្រវត្តិសាស្រ្តអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ និងខេត្តសៀមរាបត្រូវតែជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ