ខេត្តស្វាយរៀង ៖ បុរសចំណាស់ជាឪពុកបានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីត្រូវបុរសជាកូនប្រសានិងកូនស្រីបង្កើតព្រួតគ្នាវាយសម្លាប់តែដោយឃើញសន្លប់ស្តូកស្តឹងលើធរណីលែងកម្រើកស្មានថាស្លាប់ក៏ចាប់អូសពីកន្លែងវាយសម្លាប់ចេញពីភូមិ ហើយត្រូវបានអ្នកស្រុករាយការណ៍ដល់សមត្ថកិច្ចមកធ្វើអន្តរាគមន៍ភ្លាមៗ និងចាប់ខ្លួនបុរសជាកូនប្រសា និងកូនស្រីដៃដល់ ។
នេះជារឿងរ៉ាវគួរឱ្យតក់ស្លុតនិងមិននឹកស្មានដល់ដែលកូនស្រីបង្កើតនិងប្តីជាកូនប្រសាព្រួតគ្នាចាប់ឪពុកចងដៃចងជើងរួចវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ធ្វើឱ្យបុរសជាឪពុកបែកគ្រាប់ភ្នែកខាងស្តាំ បែកមាត់ ជាំភ្នែកខាងឆ្វេង ជាំក្បាលហើមពោរ និងដងខ្លួនជាំស្ទើរគ្រប់កន្លែងសន្លប់ស្តូកស្តឹងទាំងដៃជើងជាប់ចំណង ។
លោកអនុសេនីយ៍ត្រី មុំ បូរាណ នាយរងប៉ុស្តិ៍រដ្ឋបាលពោធិរាជ្យ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ សាលី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំំ ត្រូវបានកូនប្រសាប្រុសចិត្តអប្រិយឈ្មោះអ៊ិន ផល្លា អាយុ៤៥ឆ្នាំ និងប្រពន្ធដែលជាកូនបង្កើតឈ្មោះណុប សម្បត្តិ ហៅខ្មៅ អាយុ៣១ឆ្នាំ ចាប់ចងជើងចងដៃ រួចវាយតាមទំនើងចិត្តរហូតសន្លប់និងស្មានថាស្លាប់ក៏អូសចេញទៅដល់ខាងមុខផ្ទះ ចម្ងាយប្រមាណជា១៥ម៉ែត្រ បម្រុងយកទៅសម្លាប់ក្នុងទឹកស្រះ តែសំណាងល្អដែលសមត្ថកិច្ចមកទាន់ពេល កុំអីប្រហែលជាស្លាប់បាត់ទៅហើយ ។ ការវាយសម្លាប់ឪពុកឯងនេះ បានកើតឡើងកាលពីថ្ងៃទី២៩ មីនា វេលាម៉ោង៩យប់ ។
បើតាមអ្នកស្រីឥន ហុន អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឱ្យដឹងថា នៅយប់កើតហេតុ ប្តីរបស់គាត់ដែលជាគ្រូបង្រៀនបានទៅយាមនៅសាលាបឋមសិក្សាពោធិរាជ្យ ពីម៉ោង៥ល្ងាចដល់ម៉ោង៩យប់ លុះពេលចេញពីសាលាត្រឡប់មកផ្ទះវិញ បានដើរកាត់តាមមុខផ្ទះកូនស្រី។ ពេលដើរហួសប្រមាណជា១០ម៉ែត្រ ស្រាប់តែកូនប្រសាឈ្មោះអុិន ផល្លា ស្រែកថា ចោរៗ ពេលនោះគាត់ជាឪពុកក្មេកឆ្លើយថា ចោរ ចោរ ឯណា ប៉ាទេ! ឯកូនស្រីបង្កើតត្រូវជាប្រពន្ធស្រែកថា «ប៉ាឯងឈប់សិន បើមិនមែនចោរ» ។ ពេលនោះ គាត់ក៏ឈប់ រីឯស្ត្រីជាកូនរត់ទៅពាំងពីមុខឪពុក រួចនិយាយថា បើប៉ាឯងមិនមែនចោរឈប់និយាយគ្នាសិន ហើយស្រាប់តែកូនប្រសាវាយមួយព្រនង់ចំភ្នែកខាងស្តាំ បែកឈាមពេញផ្ទៃមុខ បណ្តាលឱ្យដួលសន្លប់នៅនឹងកន្លែង។
អ្នកស្រីបន្តថា ពេលឃើញហេតុការណ៍នោះ គាត់មានការតក់ស្លុតយ៉ាងខ្លាំងក៏រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំពោធិរាជ្យ ដើម្បីឱ្យមកជួយធ្វើអន្តរាគមន៍ ឯពីរនាក់ប្តីប្រពន្ធដែលជាកូនបង្កើតនិងកូនប្រសាបានចាប់ចងជើងចងដៃឪពុក ហើយវាយទាត់ធាក់ជាំភ្នែកខាងឆ្វេង ពកក្បាលហើមពោរបែកមាត់ ឈាមហូរតាមមាត់តាមច្រមុះ ដងខ្លួនជាំសុសសាច់ ។ បន្ទាប់មកជនកំណាចពីរនាក់ប្តីប្រពន្ធបានអូសជនរងគ្រោះជាឪពុកចេញពីកន្លែងកើតហេតុមកដល់មុខផ្ទះក៏ប៉ូលិសរត់មកដល់ និងភ្ជង់ចាប់ឃាត់ខ្លួនទាំងពីរនាក់ប្តីប្រពន្ធ រួចជួយកាត់ខ្សែចំណងជនរងគ្រោះនិងហៅរថយន្តសង្គ្រោះមកដឹកយកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
អ្នកស្រីឥន ហុន បន្តទៀតថា រឿងរ៉ាវដែលនាំឱ្យកូនប្រសានិងកូនស្រីព្រួតគ្នាវាយសម្លាប់ឪពុកនេះ គឺដោយសារគំនុំកាលពីខែតុលា ឆ្នាំ២០១០ កូនស្រីនិងកូនប្រសានេះបានប្រកាសលក់ដីភូមិនិងផ្ទះ ពេលនោះឪពុកបានជំទាស់ថា បើលក់ដីភូមិលក់ផ្ទះទៅនៅឯណា ? ម្យ៉ាងទៀតដីនេះគាត់មិនចែកឱ្យទាំងអស់ទេ គឺទុកមួយចំណែក ចែកប្អូនៗ សម្រាប់សង់ផ្ទះនៅពេលរៀបការរួច ហើយបើខ្វះខាតចង់លក់គឺលក់ពាក់កណ្តាលចុះ តែកូនស្រីនិងកូនប្រសាមិនព្រមគឺចង់លក់ទាំងអស់តែម្តង ហើយទៅរស់នៅខាងប្តីឯខេត្តបាត់ដំបង ។
ក្រោយមកទៀត ម្តាយរបស់កូនប្រសាប្រុសបានទិញម៉ាស៊ីនបូមទឹកមានទាំងឌីណាម៉ូ ប្រើភ្លើងអគ្គិសនីផង ដោយផ្តាំផ្ញើឱ្យគាត់ជាដន្លងជួយមើលថែទាំ តែកូនប្រសានេះ បានយកម៉ាស៊ីនបូមទឹកទៅលក់លេងល្បែងអស់រលីង នៅសល់ឌីណាម៉ូនិងខ្សែភ្លើង អំពូលម៉ែត្រ ឪពុកក្មេកដែលជាជនរងគ្រោះបានទៅប្រមូលយកមកលាក់ទុក ព្រោះដន្លងស្រីទូរស័ព្ទពីខេត្តបាត់ដំបងឱ្យយកទុកកុំឱ្យគេយកទៅលក់ទៀត ក៏មានជម្លោះផ្ទុះឡើង ជេរប្រមាថឪពុកកប់ៗមាត់ ។ ពេលនោះឪពុកនិយាយថា បើចង់បានឱ្យទូរស័ព្ទទៅសុំម្តាយឯងទៅ អញខ្លាចម្តាយឯងថ្កោលទោសអញ ហើយតាំងពីពេលនោះមកក៏តមមាត់ឈប់និយាយស្តីរកគ្នា រវាងឪពុកនិងកូនហូតមក លុះនៅយប់កើតហេតុ កូនប្រសាចិត្តអប្រិយ និងប្រពន្ធជាកូនបង្កើត ក៏ព្រួតវាយសម្លាប់ឪពុកដើម្បីយកដីលក់ ។
សូមបញ្ជាក់ថា ជនរងគ្រោះជាគ្រូបង្រៀននេះ មានប្រពន្ធដើមមានកូនស្រី៣នាក់ រៀបការបាន២នាក់នៅសល់ម្នាក់ តែប្រពន្ធដើមបានស្លាប់ជាង២០ឆ្នាំហើយ ។ លុះបាន១០ឆ្នាំក្រោយមក ទើបគាត់មានប្រពន្ធក្រោយមានកូនប្រុស២នាក់ នៅតូចៗ ឯដីស្រែនិងដីភូមិចែកឱ្យកូនដើមអស់ហើយនៅសល់ដីភូមិមួយកន្លែងក្បែរសាលាបឋមសិក្សាពោធិរាជ្យ ទុកសម្រាប់ចែកកូនស្រីម្នាក់ទៀតនៅលីវ បែរជាកូនអប្រិយចង់បានម្នាក់ឯង ក៏ព្រួតគ្នាវាយសម្លាប់ឪពុក ព្រោះយល់ថា ម្តាយក្រោយពិតជាមិនហ៊ានទាមទារកេរម្តាយរបស់ខ្លួនទៀតទេ ៕
ចែករំលែកព័តមាននេះ