ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​សមត្ថកិច្ច​​គ្រោង​ទៅធ្វើការ​ឆែក​ឆេរ​នៅ​ផ្ទះ​​ប្រពន្ធ​​មេ​ខ្លោង​​ផលិត​​គ្រឿង​ញៀន​ហុង អេនឌី បន្តទៀត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកនេះ​​​ ទី​២ មីនា ២០១១ សមត្ថកិច្ច​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​រាជធានីភ្នំពេញ ដឹកនាំដោយ​​​លោក​​វរសេនីយ៍​​ទោ យឹម សុជាតិ ​សហការជាមួយ​​អាជ្ញាធរ​​ដែន​ដី​​មាន​ប៉ូលិស​​​មូលដ្ឋាន​ មន្ត្រី​​​សាលា​ខណ្ឌ​​មានជ័យ និង​​មន្ត្រី​​តុលាការ គ្រោងនឹង​ចុះទៅ​​ធ្វើការ​​ឆែក​ឆេរ​​ផ្ទះប្រពន្ធ​​របស់ឈ្មោះ​​ហុង អេនឌី មេខ្លោង​ផលិត​-ជួញដូរ​​គ្រឿងញៀន​ធំ​ជា​បន្ត​​ទៀត​នៅ​ក្នុង​​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ ។​

សូមបញ្ជាក់​ថា មេខ្លោង​​ជួញដូរ​ ចែក​ចាយ​គ្រឿងញៀនធំ​មួយឈ្មោះ​​​ហុង អេនឌី និង​បក្សពួក​​២នាក់ទៀត​​ត្រូវបានប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​​នៃ​ស្នងការ​ដ្ឋានរាជធានីភ្នំពេញ ​សហ​ការ​ជាមួយ​មន្ត្រី​​អាជ្ញាធរ​មូលដ្ឋាន​​តំណាង​ព្រះ​​រាជអាជ្ញា​​រាជធានី ដឹកនាំ​ដោយ​​លោក​​វរ​សេនីយ៍​ទោ​យឹម សុជាតិ ប្រធានការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​​នៃស្នង​ការ​ដ្ឋាន​រាជ​ធានី ព័ទ្ធ​​ចាប់​ខ្លួន​​កាលពី​​វេលាម៉ោង​ជាង​១១​យប់ ​​ថ្ងៃទី​​២៨ កុម្ភៈ ​២០១១ នៅ​ផ្ទះ​​​ដីឡូត៍​គ្មាន​លេខ​មួយ​កន្លែង ក្រុម​ទី​៤ ​សង្កាត់​វាលស្បូវ ​ខណ្ឌ​​​មានជ័យ ប្រមូល​បាន​សារធាតុ​​ផ្សំ​ផលិត​គ្រឿងញៀន​ និង​ឧបករណ៍​​​ប្រើប្រាស់​​ជាច្រើន​​ ហើយ​នៅព្រឹក​​​នេះ​ទៀត ​គឺ​ថ្ងៃ​ទី​​១ មីនា ​សមត្ថ​កិច្ច​​កំពុង​បន្តការ​ឆែក​​នៅ​ផ្ទះ​​ខាងលើ​ដដែល ។​

ជនឈ្មោះ​​ហុង អេនឌី នេះ​ជា​មុខសញ្ញា​​ចាស់ ត្រូវបានសមត្ថ​កិច្ច​​តាមដាន​​ជា​យូរ​មកហើយ ​និង​ធ្លាប់​​​ចាប់ខ្លួន​​ពីបទ​ជួញដូរ ចែកចាយគ្រឿង​ញៀន​នេះ​​ម្តង​ផងដែរ កាលពី​ជាង​១​ឆ្នាំ​មុន ប៉ុន្តែ​​មិនដឹង​ជាយ៉ាង​ម៉េច ស្រាប់តែ​​គេ​រួច​ចេញ​ពីគុក​គ្រលើម ​រហូត​ដល់​សមត្ថ​កិច្ច​​​តាម​ស្រាវជ្រាវ​​ចាប់​បាន​​ម្ត​ងទៀត ​ទើប​ដឹងថា ​ជាមុខ​ដដែលៗ​និង​ស្គាល់​​ឈ្មោះ​​ថា ​ហុង អេនឌី ។ ចាប់ខ្លួន​​លើក​នេះ​គឺ​មាន​បក្សពួក​​២នាក់ទៀត ប៉ុន្តែ​​​មិនទាន់ត្រូវ​​បាន​ប៉ូលិស​​ឱ្យ​​ដឹង​ពីអត្ត​សញ្ញាណ​នៅឡើយ​​ទេ រង់ចាំ​​ឆែកឆេរ​​​ និងធ្វើ​ការ​ស្រាវ​ជ្រាវ​​ស្វែង​រក​​ចាប់ខ្លួន​​​បក្សពួក​​គេ​ជា​បន្ត​ទៀត​​សិន ។​

​ជន​​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ឈ្មោះ​​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១ឆ្នាំ ២-ឈ្មោះ​ណៃ ស្រីនី ភេទ​ស្រី អាយុ​​១៩ឆ្នាំ​ និង៣-ឈ្មោះ​ណៃ វ៉ាន់​ណែត ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ ។ ជនទាំង​៣​នាក់​នេះ​​​មាន​ឈ្មោះ​ហុង អេនឌី ​ជា​មេខ្លោង​ផលិត​ និងជា​ម្ចាស់​​ទីតាំង​ផលិត​ថ្នាំ​ញៀនចំតួ​   ​តែម្តង ។ ក្នុង​ការ​រុក​រក​​វត្ថុ​តាង និង​​​ឧបករណ៍​ផលិត​ថ្នាំ​ញៀន​ខាង​លើ​នេះ សមត្ថ​កិច្ច​ចម្រុះ​​​បាន​ដក​ហូត​រថយន្ត​២គ្រឿង​​ ម៉ាក​ទួរីស​​១២​កៅអី ១គ្រឿង ម៉ាក​មែរសឺដែស​​​​១គ្រឿង ។ លើស​ពីនេះ​​ទៅ​ទៀត​ ​​ដក​ហូត​បាន​ឧបករណ៍​​​ផលិត​ថ្នាំ​ញៀន​​មួយកំប្ល៉េ ។ ដោយ​​ឡែក ​សារធាតុ​​ផ្សំ​ដែល​​សមត្ថ​កិច្ច​​ដក​ហូត​បាន​មាន​ Pseudo ethed  Zine 210​ក្រាម​  Hydro Chloricacid ៥០​កេស​​  ស្មើ​នឹង​១.១០០​ដប  Sodium Chloride ៥កេស​​ស្មើ​៦២​ដប ​ Sulfuri acide  ១៥២​កេស  ស្មើ​​១៥​២០​​ដប អាវុធ​ខ្លី​ម៉ាក​​​ប្រា​ហា​១​ដើម​ បង់១មាន​​៣គ្រាប់​ ។ ម៉ូតូ​ម៉ាក​អាយខន​មួយ​គ្រឿង​ ​ ម្សៅ​ខ្មៅ​លាយ​រួច​មួយ​ធុង  ព្រម​ទាំង​សំភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​ទៀត​។

​លោក​ឧត្តម​សេនីយ៍​ត្រី​បែន ​រ័ត្ន​ ស្នង​ការ​រង​នគរ​បាល​​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​​ដល់​ក្រុម​អ្នក​កាសែត​ខណៈ​​ពេល​ចុះ​ប្រតិបត្តិការ​ឆែក​ឆេរ​ទីតាំង​ផលិត​​ថ្នាំ​ញៀន​ខាង​លើ​នេះ​នាព្រឹក​ថ្ងៃទី​១ មីនា ថា ​សមត្ថ​កិច្ច​ជំនាញ​បាន​សហការ​គ្នា​ជាសម្ងាត់​​​តាម​ដានទីតាំង​ខាង​លើ​នេះ អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​​ហើយ ​ មុន​​ឈាន​ដល់​ការ​ចាប់​មេ​​ខ្លោង​ឈ្មោះ​ហុង អេនឌី នេះ​បាន​ជាក់​ស្តែង​នៅ​ក្នុង​ទីតាំង​ផលិត​ ។ លោក​បែន រ័ត្ន​ បាន​បន្ត​ថា ព័ត៌​មាន​ដែល​សមត្ថ​កិច្ច​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាង​លើ​នេះ​គឺ​ដោយ​មាន​​​បណ្តាញ​ព័ត៌​មាន​​ពិសេស​ផ្តល់​ដល់​សមត្ថ​កិច្ច​អំពី​ការប្រទះ​ឃើញ​ទិដ្ឋភាព​ប្លែក​គួរ​ឱ្យ​សង្ស័យ​នៅ​ក្នុង​ដីឡូត៍​ខាង​លើ​​ ដូចជា​​មាន​រថយន្ត​​ទំនើបៗ​ចេញ​ចូល​តែ​វេលា​រំលង​អធ្រាត្រ​​ ។ ជាង​នេះ ទៅទៀត​ គឺ​ការ​​​បង្ហូរ​កាក​សំណល់​​​ចេញ​មក​​ក្រៅ​​បាន​ជះ​ក្លឹន​​ស្អុយ ​​​ហើយ​ការ​​​បង្ហូ​រ​កាក​សំណល់​​នេះ​បាន​​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​ដល់​​លំនៅ​ដ្ឋាន​​ដាំដុះ​របស់​​​ប្រជាពលរដ្ឋ​ជិត​ខាងទៀតផង​ ។​

ចំពោះ​​ការ​​បង្ក្រាប​បាន​ទីតាំង​ផលិត​ថ្នាំញៀន​​នៅ​ចំណុច​ខាង​លើ​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​ជា​ការ​កាត់​ផ្តាច់​បំពង់​កអ្នក​​ជួញដូរ​ថ្នាំញៀន​​ផងដែរ ។ បច្ចុប្បន្ន​​ទាំង​វត្ថុតាង​​និង​មនុស្ស​​៣​នាក់​​ដែល​​​ឃាត់ខ្លួន​និង​​ឧបករណ៍​ដក​ហូតបាន​​នាំយក​មក​កាន់​ការិយា​ល័យ​ជំនាញ​ដើម្បី​​​​ចាត់​ការ​តាម​ច្បាប់​ ។ ចំពោះ​​ទីតាំង​ត្រូវ​បាន​តុលាការ​​​ចេញដីកា​​​បិទ​ចោល​មួយ​រយៈ​សិន ៕