ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ក្នុង​ឲ្យ​ដៃ អ្នក​ក្រៅ​ចូល​លួច​ឧបករណ៍​ភ្លេង​ក្នុង​ហាង​«​សន្យា​» ជិត​២០​ថ្ងៃ តាម​ចាប់​ជនសង្ស័យ​បាន ២​នាក់

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​បើក​កិច្ច​ប្រតិបត្ដិការ ស្រាវជ្រាវ…

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​បើក​កិច្ច​ប្រតិបត្ដិការ ស្រាវជ្រាវ ស៊ើបអង្កេត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ស្រាវជ្រាវ​បង្ក្រាប​ដល់​ឬ​ស​គល់ និង​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ នៅ​ថ្ងៃ​ទី​២០-២១ ខែតុលា ឆ្នាំ​២០២១ ករណី​លួច​គាស់​ហាង​ដែល​មាន​យីហោ «​សន្យា​» ។

ករណី​ចូល​លួច​គាស់​យក​សម្ភារ​មាន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ហាង​សន្យា ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា ជន​រង​គ្រោះ ជា​ម្ចាស់​ហាង មានឈ្មោះ ឃិ​ន សុផល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ មាន​ទី​១. ឈ្មោះ គង់ ដា​វី ហៅ មាស សុ​វ​ណ្ណា​រិ​ទ្ធ ហៅ ផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ និង​ទី​២. ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖
១. ម៉ាស៊ីន​ឌី​ជេ ចំនួន​០១​គ្រឿង
២. ធុងបាស​ធំ​(​សា​ហ្វ​) ០១​គ្រឿង
៣. បាស់​សូ​ឡូ ០១​គ្រឿង
៤. ម៉ិច​ស័​រ សំឡេង ០១​គ្រឿង
សរុប​ជា​ទឹកប្រាក់​ប្រហែល ១០,០០០​ដុល្លារ​អា​មេ​រិ​ក ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក រួម​មាន ៖
១. រថយន្ត​ម៉ាក KIA CARNIVAL ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ មិន​មាន​ស្លាក​លេខ ។
២. ធុងបាស ០១​គ្រាប់​។
៣. ម៉ាស៊ីន​ចាក់ សម្រាប់​ឌី​ជេ ០១​គ្រាប់ ។
៤. កន្ត្រៃ​កាត់​ដែក ពណ៌​បៃតង ប្រវែង​០១​ម៉ែត្រ ។
៥. មេសោរ​សូឡេច ០១ ។
៦. ស្ព្រា​យ​បាញ់​ទ្វារ ០១​កំប៉ុង ។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្តកណ្តាល បានបញ្ចាក់ថា កាលពី​ថ្ងៃ​០២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១២​និង​៤៥​នាទី​យប់ មាន​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ជិះឡាន​មួយ​គ្រឿង ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក មក​ឈប់​នៅ​ចំណុច​មុខ​ហាង សន្យា ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​សង្កាត់ តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​នាំ​គ្នា​ដើរ​សំដៅ ទៅ​ខ្លោងទ្វារ​ហាង រួច​យក​កន្ត្រៃ​កាត់​មេសោរ​ទ្វារ និង​មាន​ស្ព្រា​យ​បាញ់​កង់​ទ្វារ អោយ​ងាយស្រួល​រុញ​ទ្វារ បើក​កុំអោយ​ឮ​សំឡេង​ខ្លាំង បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ហាង និង​បាន​ធ្វើ​សកម្មភាព​លួច ឧបករណ៍​ភ្លេង មួយ​ចំនួន​ដូច​ជា ៖ ១. ម៉ាស៊ីន​ឌី​ជេ ចំនួន ០៣​គ្រឿង ២. ធុងបាស់​ធំ​(​សា​ហ្វ​) ០១​គ្រឿង ៣. បាស់​សូ​ឡូ ចំនួន ០១​គ្រឿង ៤. ម៉ិច​ស៊​រ​សំឡេង ០១​គ្រឿង ហើយ​លើកយក​ទៅ​ដាក់​ក្នុង​ឡាន (​ប្រើ​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​) ក្រោយ​ពី​ធ្វើ សកម្មភាព​រួច ជនសង្ស័យ ក៏​បាន​នាំ​គ្នា​បើកឡាន​គេចខ្លួន បាត់​តែ​ម្តង ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ​នាក់ បានអោយ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ឈ្មោះ ទឹង (​ជា​កម្មករ​ហាង​សន្យា​) អាយុ​ប្រហែល​៣៧​ឆ្នាំ មិន​ស្គាល់​ទីលំនៅ បាន​ទំនាក់​ទំ​ទង​គ្នា តាម​ប្រព័ន្ធ​តា​ឡេ​ក្រាម ដោយ​ថតរូប​ឧបករណ៍​ភ្លេង​ផ្សេង​ៗ នៅ​ក្នុង​ហាង​សន្យា ផ្ញើ​មក​ឲ្យ​ឈ្មោះ គង់ ដា​វី ដើម្បី​ឲ្យ​មក​ធ្វើ​សកម្មភាព​លួច ។ លុះ​នៅ​ថ្ងៃ​ទី​០១ តុលា ២០២១ ឈ្មោះ គង់ ដា​វី ហៅ​ផល បាន​រៀបចំ​ផែនការ លួច​សម្ភារ​ក្នុង​ហាង​នោះ ដោយ​ឈ្មោះ ទឹង បាន​ជិះ​ម៉ូតូ​ម៉ាក​ម៉ាក Viva ទៅ​ចាំ​នៅផ្ទះ​ជួល​របស់ គង់ ដា​វី នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក ឈ្មោះ គង់ ដា​វី បាន​ជិះ​រថយន្ត​ម៉ាក KIA ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ចេញពី​ម្ដុំ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ហើយ​បាន​តេ​ទូរ​សព្ទ​ប្រាប់​ឈ្មោះ ចាន់ សុធី ឲ្យ​មក​ឈរ​ចាំ​នៅ​លើ​ផ្លូវជាតិ​លេខ​១ ជិត​ស្ពាន​ច្បារ​អំពៅ ឲ្យ​យក​កន្ដ្រៃ​ទៅ​ជាមួយ​ផង រួច​ហើយ​នាំ​គ្នា​ចេញ​ទៅ​យកឈ្មោះ ទឹង នៅផ្ទះ​ជួល​ភូមិ​ត្នោត​ជ្រុំ ។

ជនសង្ស័យ​សារភាព​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​០២ តុលា ២០២១ ឈ្មោះ ទឹង បាន​ប្រាប់ផ្លូវ​ធ្វើ​ដំណើរ មក​ហាង​មួយ​កន្លែង យីហោ​សន្យា ស្ថិត​នៅ​ភូមិសាស្ត្រ ក្រុង​តា​ខ្មៅ ដល់​វេលា​ម៉ោង​១២​និង​៤៥​នាទី​យប់ ក៏​បាន​ធ្វើ​សកម្មភាព​លួច​តែ​ម្តង ដោយ​ឈ្មោះ គង់ ដា​វី ហៅ​រិ​ទ្ធ និង ឈ្មោះ ចាន់ សុធី បាន​យក​កន្ត្រៃ​ដែក​ដង​ពណ៌​ខៀវ កាត់​សោរ​បើកទ្វារ ចូល​ក្នុង​ទៅ​លួច​ឧបករណ៍​ភ្លេង បាន​មួយ​ចំនួន​ធំ ចំណែក​ឈ្មោះ ទឹង អង្គុយ​ចាំ​ក្នុង​ឡាន ជា​អ្នក​មើលផ្លូវ ។ ក្រោយ​ពី​លួច​បាន​ភ្លាម ឈ្មោះ ទឹង បាន​ដើរទៅ​ផ្ទះ ចំណែក​ឈ្មោះ គង់ ដា​វី និង ឈ្មោះ ចាន់ សុធី បាន​ដឹក​ឧបករណ៍​ភ្លេង​ទាំងនោះ ទៅ​ទុក​នៅផ្ទះ​ជួល​របស់​ឈ្មោះ គង់ ដា​វី ។

រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ ឈ្មោះ ចាន់ សុធី បាន​យក​ម៉ាស៊ីន​ចាក់ សម្រាក់​ឌី​ជេ ១​គ្រឿង ជិះ ម៉ូតូ​កង់​បី យក​ទៅ​លក់​នៅ​ចំណុច​ចុងស្ពាន​ដែក​ចំការ​ដូង លក់​ក្នុង​តម្លៃ ៣៥០$ (​បី​រយ​ហាសិប​ដុល្លារ​) រហូត​ដល់​ថ្ងៃ​ទី​២០ តុលា ២០២១ ទើប​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន ឈ្មោះ គង់ ដា​វី និង​ឈ្មោះ ចាន់ សុធី រួម​ជាមួយនឹង​វត្ថុ​តាង តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ