រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានចាប់បញ្ជូនស្ត្រីម្នាក់ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងលិខិតសាធារណៈ ប្រើប្រាស់លិខិតសាធារណៈក្លែង និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន។ ពោលគឺចេញមូលប្បទាន អត់សាច់ប្រាក់ ឬសែកស្អុយ ប្រមាណ ១លានដុល្លារអាមេរិក។
ស្ត្រីរូបនោះ ឈ្មោះ សុង លីហ៊ួ អាយុ ៤២ ឆ្នាំ មានទីលំនៅបុរី វ័នផាត ផ្ទះលេខD១៦ ផ្លូវលេខ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនស្រ្តីរូបនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
តាមដីកាសន្និដ្ឋានឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង ៣០៤៥ អយឈ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការលើមនុស្ស ២នាក់ ម្នាក់ឈ្មោះ បណ្ឌិត ធានម៉ឺន ភេទប្រុស អាយុ៤៨ ឆ្នាំ និងស្ត្រីឈ្មោះ សុង លីហ៊ួ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន និងបទក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា ២៣១ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២១។
សំណុំរឿងនេះ ត្រូវបានបញ្ជូនដល់ដៃលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ ដែលមកដល់រសៀលថ្ងៃទី២១ ខែតុលានេះ ជនសង្ស័យ ស្ថិតក្នុងការសាកសួរនៅឡើយ៕ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ