ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ​ទទួល​កឋិនទាន​ជា​ធម្មតា តែ​មិន​មានការ​ដង្ហែ ​ឬ​ជួបជុំ​មនុស្ស​ច្រើន​ឡើ​យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ បានឱ្យ​កោះសន្តិភាព​ដឹង​ថា គ្រប់​១៥១​វត្ត​ទូ​

រាជធានី​ភ្នំពេញ ​៖ លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ បានឱ្យ​កោះសន្តិភាព​ដឹង​ថា គ្រប់​១៥១​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​នៅ​ទទួល និង​ធ្វើ​ពិធីបុណ្យ​កឋិនទាន​ជា​ធម្មតា តែ​មិន​មានការ​ដង្ហែរ​ឬ​ផ្សព្វផ្សាយ​បុណ្យ​ឡើ​យ គឺ​ពុទ្ធបរិស័ទ​ឬ​បងប្អូន​ប្រជាពលរដ្ឋ អាច​ធ្វើ​ពិធីបុណ្យ​កឋិនទាន​នៅផ្ទះ​ទៅ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល រួច​ម្ចាស់​ដើមបុណ្យ ដែល​មាន​ចំនួន​មនុស្ស​តិចតួច ដើ​ម្បី​នាំ​យក​ត្រៃ​យ៏ និង​លាង ព្រមទាំង​ទេយ្យទាន​ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​មាន​ផែនការ​ឬ​គោល​ការ​ណ៏​ពី​ថ្នាក់​លើ​ថា មិន​អនុញ្ញាត​ឱ្យ​ធ្វើ​បុណ្យកឋិន​នោះ​ទេ ប៉ុន្ដែ​មន្ទីរ​បាន​ទទួល​ផែនការ គឺ​មិន​អនុញ្ញាត​ឱ្យធ្វើ​ពិធី​ដង្ហែរ​កឋិន​តាម​ផ្លូវ​ឬ​ជុំវិញ​ព្រះ​វិហារ និង​មិន​ឱ្យ​មានការ​ជួបជុំគ្នា​​នោះ​ឡើ​យ​។

គួរ​រំលឹក​ថា យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធម្មការ និង​សាសនា ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​នេះ បានឱ្យ​ដឹង​ថា បុណ្យ​កឋិនទាន ជា​កាល​ទាន​មួយ​ដ៏​ថ្លៃថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ផលានិសង្ឃខ្ពស់ ទាំង​ទាយក ទាយិកា និង​បដិគ្គាហក ជាទី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ មាន​រយ​:​ពេល​កំណត់​តែ​២៩​ថ្ងៃ ដោយ​វត្ត​នីមួយ​ៗ​ទទួល​អង្គ​កឋិន​បាន​តែ​មួយ​លើក​ប៉ុណ្ណោះ​។

សម្រាប់​ឆ្នាំ​២០២១​នេះ ពិធីបុណ្យ​កឋិនទាន នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​សុក្រ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​សុក្រ​១៥​កើត ខែកត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែតុលា ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ដើម្បី​រៀបចំ​បុណ្យ​កឋិនទាន​ឱ្យ​ដំណើរការ នឹង​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​ចូលរួម​បដិបត្តិ​តាម​សេចក្តីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ដែនដី តាម​សភាព​ជាក់ស្តែង​នៃ​ទីកន្លែង​នីមួយ​ៗ ក្នុង​ការ​អនុវត្ត​វិធានការ​ចាំបាច់​នានា សំដៅ​កាត់​ផ្តាច់ និង​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា​(Delta)​ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​ឆាប់រហ័ស និង​យោង​លើ​ភាព​ចាំបាច់​ដើម្បី​ធានា​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន​ខណៈ​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញនា​ពេល​ខាង​មុខ ក្រសួង​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖

១-​ត្រូវ​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ឱ្យ​បាន​ល្អ​ប្រសើរ ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​ស្រប​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​នានា របស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល និង​ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​ជា​និច្ច​នូវ​វិធានការ ៣​ការពារ ៣​កុំ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

២-​ហាមឃាត់​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ដង្ហែ​តាម​ដងផ្លូវ ឬ​ជុំវិញ​ព្រះ​វិហារ ដោយ​គ្រាន់តែ​វេរ​ប្រគេន​ព្រៃ​ចីវរ​ជា​កិច្ច​សម្រេច​បុណ្យ​តែ​ម្តង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ