ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុយ យ៉ា​ឡេ​ង ទទូច​ស្នើ​ឱ្យ​បើក​ដំណើរការ​រោងកុន​ឡើង​វិញ ខណៈ​វិស័យ​នេះ​កំពុង​ត្រដរខ្យល់

2 ឆ្នាំ មុន
  • ភ្នំពេញ

ចាងហ្វាង​ផលិតកម្ម​កថា​ជ័យ​ភាពយន្ត លោក ហ៊ុយ យ៉ា​ឡេ​ង នៅ​តែ​សន្សំ​ចិត្ត​ដោយ​ទទូច​ស្នើ​អោយ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ពិចារណា​បើក​ដំណើ​ការ​ឡើង​វិញ ក្នុង​ពេល​វិស័យ​មួយ​នេះ​កំពុង​តែ

រាជធានី​ភ្នំពេញ ៖ ចាងហ្វាង​ផលិតកម្ម​កថា​ជ័យ​ភាពយន្ត លោក ហ៊ុយ យ៉ា​ឡេ​ង នៅ​តែ​សន្សំ​ចិត្ត​ដោយ​ទទូច​ស្នើ​អោយ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ពិចារណា​បើក​ដំណើ​ការ​ឡើង​វិញ ក្នុង​ពេល​វិស័យ​មួយ​នេះ​កំពុង​តែ​ត្រដរខ្យល់​។ ការ​ស្នើ​សុំ​ពី​លោក ហ៊ុយ យ៉ា​ឡេ​ង នា​ពេល​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បើក​ប្រទេស​ជា​បណ្តើរ​ឡើង​វិញ ក្រោយ​សញ្ញា​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ នៅ​ក្នុង​ប្រទេស ហាក់​មានការ​ថមថយ​គួរ​អោយ​កត់សម្គាល់​។

ស្រប​ពេល​ដែល​សាលារៀន និង​ផ្នែក​មួយ​ចំនួន​ទៀត បាន​ចាប់ផ្តើម​ដំណើរការ​ជា​ថ្មី​ឡើង​វិញ នៅឡើយ​តែ​រោង​ភាពយន្ត​នៅ​មិន​ទាន់​មាន​ពន្លឺ​នោះ លោក ហ៊ុយ យ៉ា​ឡេ​ង ក៏​បាន​ទទូច​ស្នើ​សុំ​ជា​ថ្មី​ពី​ការ​អនុញ្ញាត​អោយ​បើក​រោងកុន​ឡើង​ដូច​គ្នា ដោយ​មានការ​អនុវត្ត​វិធានការ​សុខាភិបាល​ការពារ​ដូច​ពី​ពេល​កន្លង​ទៅ​។

លោក ហ៊ុយ យ៉ា​ឡេ​ង បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា គោលដៅ​ខ្ញុំ ខ្ញុំ​ចង់អោយ​សិល្បៈ​មាន​តម្លៃ ចង់អោយ​អ្នកសិល្បៈ​មាន​ដូច​ស្រុក​គេ ពេល​ឈឺ ពេល​ជួប​ទុក្ខ មិន​ពឹង​គេ​មាន​តែ​ជួយ​គេ គោលដៅ​នេះ​បើ​កុំ​កូ​វី​ដ​២០២៥​ចេញ​ផ្លែផ្កា​។

លោក​បញ្ជាក់​ថា ខ្ញុំ​ត្រៀម​ធ្វើ​វី​ដេ​អូ​ពី​ប្រាសាទ និង​តំបន់​ទេសចរណ៍​ទៅ​កាន់​ពិភពលោក​អោយមក​លេង​កម្ពុជា​យើង តែ​ពេល​នេះ​ខ្ញុំ​គ្រាន់តែ​សុំ​អោយ​បងប្អូន​ជួយ​ស៊ែរ ដើម្បី​អោយ​រាជរដ្ឋាភិបាល​អនុញ្ញាតិ​អោយ​រោង​ភាពយន្ត​បាន​បើក​វិញ​ផង ពួក​យើង​នឹង​អនុ វត្តន៍​តាម​គោលការណ៍​រដ្ឋាភិបាល កន្លង​មក​ពួក​យើង​ធ្វើ​បាន​ល្អ​មិន​មាន​អ្នក​ណា​ឆ្លង​កូ​វី​ដ​នៅ​ក្នុង​រោងកុន​ទេ​។ សូម​ជួយ​ពួក​យើងខ្ញុំ​ផង ពី​មុន​អោយ​តែ​សាលា​បើក រោងកុន​បើក តែ​ពេល​នេះ​ពួក​យើង​មិន​ទាន់​បាន​បើក​ទេ ប្រទេស​ជិត​ខាងគេ​បើក​រោងកុន​អស់ហើយ​។ លោក​បន្ថែម​ថា វិស័យ​ភាពយន្ត និង​ចូលរួម​អភិវឌ្ឍន៍​ជាតិ ពួក​ខ្ញុំ​ពិបាក​ដកដង្ហើម​ណាស់​សូម​ជួយ​ផង​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណាមួយ​ពី​ការ​បើក​រោងកុន​ឡើង​វិញ​នៅឡើយ​ទេ​។ យ៉ាងណា​លោក​បាន​បញ្ជាក់​ដោយ​ខ្លី​ថា តាម​គំនិត​លោក បញ្ហា​ការ​បើក​រោងកុន​នា​ពេល​នេះ យើង​មិន​គួរ​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​បន្តិច​សិន​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រោង​ភាពយន្ត​នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។ ការ​សម្រេច​ផ្អាក​ដំណើរការ​រោងកុន និង​ផ្នែក​មួយ​ចំនួន​ទៀត ដោយសារ​ការ​ព្រួយបារម្ភ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ